en     km
en     km

នាទីសុខភាព៖ជំងឺហឺតមិនមែនជាជំងឺឆ្លងតែអាចជាបញ្ហាអស់មួយជីវិត‌

Share

ជាទូទៅ ជំងឺហឺតអាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ និងអាចជាបញ្ហា​អស់មួយជីវិត។ ជំងឺហឺតមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាច្រើនកើតលើកុមារដែលមានសាច់ញាតិមានជំងឺហឺតនេះ។ មនុស្សដែលមានជំងឺហឺតជាយូរឆ្នាំ អាចកើតមានការស្ទះខ្យល់ក្នុងសួត (Emphysema)។

ជំងឺហឺតអាចស្តែងចេញជារោគសញ្ញាផ្សេងៗច្រើនសណ្ឋានដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដក​ដង្ហើម។ គេអាចស្តាប់រកសំឡេងដង្ហើមឆ្មា សំឡេងងឺតៗ ហើយវែង ជាពិសេសនៅពេលដកដង្ហើមចេញ។ នៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីរបស់អ្នកជំងឺអាចផតចូល ដោយសារគេប្រឹងស្រូបយកខ្យល់។

បើគេមិនអាចស្រូបយកខ្យល់ឱ្យបានគ្រប់គ្រាន់ទេនោះ ក្រចកនិងបបូរមាត់របស់គេនឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅ ក របស់គេអាចប៉ោង តែធម្មតាគ្មានគ្រុនក្តៅទេ។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

ប្រភពរូបភាពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

ចំពោះមូលហេតុ ការធ្វើទុក្ខនៃជំងឹហឺត អាចបង្កឡើងដោយ  ការបរិភោគអាហារប្រភេទខ្លះ  ការដកដង្ហើមចូលនូវវត្ថុដែលមនុស្សនោះមានអាល់ឡែហ្ស៊ីជាមួយ។  ចំពោះកុមារតូចៗ ជំងឺហឺតចាប់ផ្តើមធ្វើទុក្ខដោយសារមានជំងឺគ្រុនផ្តាសាយ ។ ចំពោះមនុស្សខ្លះ ជំងឺហឺតធ្វើទុកនៅពេលមានអារម្មណ៍ភ័យខ្លាច ឬការព្រួយបារម្ភខ្លាំង។ ជំងឹហឺតក៏អាចបណ្តាលមកពីខ្យល់អាកាសមិនស្អាត (ផ្សែងពុល) ដូចជាផ្សែងបារី ផ្សែងដុតសំរាម ឬផ្សែងពីចង្ក្រាន និងផ្សេងពីការដុតនៅតាមវាលស្រែ ឬផ្សែងឡាន និងផ្សែងតាមរោងចក្រឧស្សាហកម្មផ្សេងៗ។

សម្រាប់ការព្យាបាលវិញ ទាមទារការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ស្វែងយល់អំពីជំងឺ ការវិវត្តន៍ និងជំរើសផ្សេងៗនៃការព្យាបាល។

ជំងឺហឺតមានសភាពកាន់តែធ្ងន់ធ្ងរនៅពេលស្នាក់នៅក្នុងផ្ទះ អ្នកមានជំងឺហឺតគួរចេញទៅខាងក្រៅផ្ទះ នៅកន្លែងដែលមានខ្យល់អាកាសល្អបំផុត ត្រូវជួយពួកគេដោយរក្សាការស្ងៀមស្ងាត់ សុភាពជាមួយអ្នកជំងឺ ផ្តល់ទឹកឱ្យបានច្រើនជាដើម។  ការធ្វើរបៀបនេះជួយពង្រាវស្លេស និងធ្វើឱ្យងាយដកដង្ហើម ហើយការហឺតចំហាយទឹកក្តៅក៏អាចជួយឲ្យបានធូរស្រាលខ្លះដែរ។

ចំពោះពេលធ្វើទុក្ខ អ្នកមានជំងឺហឺតគួរព្យាបាលដោយប្រើប្រដាប់ហឺតថ្នាំសាល់ប៊ុយតាម៉ុល(Salbutamol) ឲ្យបានញឹកញាប់តាមត្រូវការ។ ថ្នាំនេះគឺជាថ្នាំបាញ់ដែលអ្នកត្រូវហឺតចូលយ៉ាងវែងតាមដែលអាចធ្វើបាន។

ប្រភពមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា បើអ្នកជំងឺនៅតែមិនធូរស្រាលទេ សូមស្វែងរកជំនួយពីគ្រូពេទ្យដែលនៅជិតបំផុត។

ជាមួយគ្នានេះ សម្រាប់វិធីបង្ការមួយចំនួនរបស់អ្នកជំងឺហឺតមានដូចជា  មនុស្សដែលមានជំងឹហឺតគួរតែជៀសវាងការបរិភោគអាហារ ឬការដកដង្ហើមចូលនូវវត្ថុណាដែលបណ្តាលឲ្យជំងឹហឺតធ្វើទុក្ខ។  ផ្ទះឬកន្លែងធ្វើការត្រូវរក្សាផ្យបានស្អាតជានិច្ច កុំឲ្យមានមាន់ ឬសត្វដទៃទៀតចុលក្នុងផ្ទះ ។ដាក់កម្រាលពូកហាលថ្ងៃ ជួនកាល ការដេកនៅខាងក្រៅផ្ទះនៅកណ្តាលវាល ក៏អាចជួយដែរ ។ ផឹកទឹកយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃដើម្បីឲ្យស្លេសវាវ   អ្នកជំងឺហឺតអាចធូរស្រាល បើគេស្ថិតនៅកន្លែងដែលមានខ្យល់អាកាសល្អ  អ្នកមានជំងឺហឺត កុំជក់បារី ព្រោះការជក់បារីធ្វើឲ្យសួតអ្នកខូចកាន់តេខ្លាំង។

មន្ទីរពេទ្យកាល់ម៉េតអំពាវឱ្យនាងកញ្ញា លោក លោកស្រី ដែលមានបញ្ហាជំងឺសួត ពិសេសជំងឺហឺត មេត្តាមកទទួលការពិគ្រោះយោបល់ និងទទួលបានចំណេះដឹងថ្មីៗអំពីការថែរក្សាសុខភាពសួត ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញឯកទេសជំងឺសួត នៅមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

Image
Image
Image