en     km
en     km

តើគួរគិតពីផលប៉ះពាល់តម្លៃប្រាសាទ ឬផ្ដោតលើសិទ្ធិ ជុំវិញករណីអាជ្ញាធរជាតិព្រះវិហារលុបរូបភាពមិនសមរម្យថតនៅប្រាសាទព្រះវិហារ?

Share

អំឡុងពេលនេះនៅមានការវែកញែកលើបណ្ដាញសង្គមនៅឡើយ ទាក់ទងនិងវីដេអូមួយ ដែលមគ្គទេសក៍ទេសចរ ល្បីឈ្មោះនៅតំបន់អង្គរបានបង្ហោះស្តែងពីអាជ្ញាធរជាតិព្រះវិហារបានឃាត់ដំណើររបស់លោកនិងភ្ញៀវពីរនាក់ទៀតដែលគេស្គាល់តាមបណ្តាញសង្គមថា ជាគ្រូស្នងរូបបារមីព្រះនាងឥន្ទ្រទេវី ហើយឆែកមើលទូរស័ព្ទនិងលុបរូបភាពវីដេអូរបស់ពួកគេ បន្ទាប់ពីបានធ្វើពិធីចប់ហើយចុះត្រលប់មកផ្ទះវិញ។ មគ្គទេសរូបនេះអះអាងថា អាជ្ញាធរធ្វើនេះគឺផ្ទុយពីច្បាប់ ស្តីពីសេរីភាពជំនឿ វប្បធម៌ និងសាសនា ។ តែអាជ្ញាធរជាតិព្រះវិហារថា ករណីដែលបុគ្គលស្នងរូបស្លៀកសពាក់ស ដើរថតតាមប្រាសាទនេះ គឺធ្វើឡើងដោយមិនមានការអនុញ្ញាត ហើយអនុវត្តលើសពីការគោរពជំនឿសាសនា និងប្រពៃណីដូនតាខ្មែរ ធ្វើឱ្យ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលរបស់ប្រាសាទ សាសនា និងប្រាសចាកពីក្រមប្រតិបត្តិដែលអាជ្ញាធរជាតិព្រះវិហារបានកំណត់ ដែលចាំបាច់ត្រូវទប់ស្កាត់ ។   លោក អ៊ុក ដែន សូមជូននៅសេចក្តីរាយការណ៍៖

ការផ្ទុះការវែកញែកជជែកគ្នាលើបណ្តាញសង្គម បន្ទាប់ពីមានវីដេអូមួយផុស បង្ហាញពីអាជ្ញាធរជាតិព្រះវិហារបានឃាត់ភ្ញៀវទេសចរណ៍ជាតិពីរនាក់ដែលតាំងខ្លួនជាបារមីស្នងរូបព្រះនាងឥន្ទ្រទេវី និងមគ្គទេសទេសចរណ៍ម្នាក់ ជាជនជាតិខ្មែរ ដើម្បីឆែកមើលនិងសុំលុបរូបភាពនិងវីដេអូក្នុងទូរស័ព្ទដៃដែលបានថតតាមប្រាង្គនាៗ នៃប្រាសាទព្រះវិហារ។ មានការជជែកខ្លាំងៗរវាងជនទាំងបីនាក់នោះ និងអាជ្ញាធរជាតិ​ព្រះវិហារដែលបង្កការភ្ញាក់ផ្អើល ដល់ភ្ញៀវទេសចរណ៍ដ៏ទៃទៀតដែលនៅទីនោះ ហើយមានការថតបង្ហោះតាមបណ្តាញសង្គម និងមានប្រិយមិត្តចូលទៅខមិនដោយមតិខុសៗគ្នា។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៤ បន្ទាប់ពីពួកគេបានធ្វើពិធីបួងសួងរាំរែក និងថតរូបតាមប្រាសាទ ទីកន្លែងសក្ការៈនាៗក្នុងបរិវេណប្រាសាទព្រះវិហារ។

លោក ហៀក សេងហួត មគ្គទេសចរណ៍ដ៏ល្បីឈ្មោះម្នាក់នៅតំបន់អង្គរបានប្រាប់វិទ្យុស្ត្រីថា លោកនឹងភ្ញៀវរបស់លោកបានឡើងមកទស្សនានិងឡើងលើភ្នំប្រាសាទព្រះវិហារនេះតាំងពីមុនម៉ោង ៨:០០ នាទីព្រឹក ការដើរទស្សនា និងការធ្វើពិធីបួងសួង ថតរូបប្រព្រឹត្តិទៅជាធម្មតា។លុះចប់ពិធីហើយចុះមកវិញនាម៉ោង ៤:៥០ នាទី ទើបមានអាជ្ញាធរជាតិព្រះវិហារឃាត់ដំណើរ ឆែកមើលទូរស័ព្ទនិងលុបរូបភាព និងវីដេអូដែលបានថតជាដើម។ លោក សេងហួត ថាអាជ្ញាធរជាតិព្រះវិហារធ្វើនេះហាក់ដូចជាប្រទេសគ្មានច្បាប់ទម្លាប់ គ្មានអំនះអំនាង ច្បាស់លាស់ គឺធ្វើដោយបំពានលើសិទ្ធិសេរីភាពរបស់ពួកលោក ដោយពួកលោកគ្រាន់តែមកទស្សនា ថតរូប និងធ្វើពិធីបួងសួងរាំថ្វាយបារមីសុំសេចក្តីសុខ តាមបែបប្រពៃណីវប្បធម៌ជាធម្មតា និងថតដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ខ្មែរឱ្យពិភពលោកបានឃើញ បានស្គាល់ប៉ុណ្ណោះ។

លោកសេង ហួត បានបន្ថែមថា  ៖

«បើតាមពិតទៅ ត្រូវការបណ្តុះបណ្តាលច្រើន ត្រូវការពង្រឹងច្បាប់ហ្នឹង ខាងអាជ្ញាធរជាតិព្រះវិហារហ្នឹង ក៏ដូចជាអាជ្ញាធរជាតិផ្សេងៗហ្នឹងណា កុំអាងខ្លួនឯងបានធ្វើការបន្តិចបន្តួចហ្នឹង ដូចអត់យកច្បាប់មកប្រើ​ អ‌‌៊ីចឹងចឹងវាធ្វើឱ្យប៉ះពាលហើយ  រដ្ឋាភិបាលគឺជាឳពុកគឺជាម្តាយ រដ្ឋាភិបាលហើយនឹងពលរដ្ឋហ្នឹងណា៎ បើសិនណារដ្ឋាភិបាលបង្កើតច្បាប់ ឱ្យប្រជាជនចូលរួម ឱ្យយល់ឱ្យដឹង ។ ប៉ុន្តែនេះគាត់ដូចជាស៊ុំគ្រលំតែគ្នាឯង ឬក៏ប៉ាក់ពួកនិយមយ៉ាងម៉េច ចុះយើងបង្កើតច្បាប់ដើម្បីឱ្យបានសុខទាំងអស់គ្នាហេ!។  រស់នៅក្នុងសង្គមយើងរួបរួមគ្នាគ្នាទៅ យល់ចិត្តយល់ថ្លើមគ្នាទៅ ហើយបង្កើតស្អីក៏ដោយ បង្កើតច្បាប់ក៏ដោយកុំឱ្យរាស្ត្រហ្នឹងទឹកភ្នែក អុីចឹងវាមិនល្អទេ…»។

ឆ្លើយតបនិងរឿងនេះ មន្ត្រីអាជ្ញាធរជាតិប្រាសាទព្រះវិហារ បានប្រាប់វិទ្យុស្ត្រីថា  រមណីយដ្ឋានប្រាសាទព្រះវិហារ ជារមណីយដ្ឋានបែបសក្ការៈសាសនា ដែលប្រជាពលរដ្ឋខ្មែរតែងតែគោរពបូជា តាំងពីសម័យអាណាចក្រអង្គររហូតមក។ បច្ចុប្បន្ន អាជ្ញាធរជាតិព្រះវិហារ បានអនុញ្ញាតឱ្យមានការគោរពបូជា នៅចំណុចក្បាលនាគគោបុរៈទីប្រាំ និងប៉ើយលោកតាឌីខាងត្បូងគោបុរៈទី១ សម្រាប់ការគោរពតាមជំនឿ សាសនា និងសម្រាប់រំលឹកគុណដល់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទផង។ ចំពោះការរៀបចំពិធីផ្សេងនៅលើភ្នំ ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអាជ្ញាធរជាតិព្រះវិហារ ដើម្បី ជៀសវាងបង្កផលប៉ះពាល់ដល់តម្លៃប្រាសាទ និង ភ្ញៀវទេសចរដ៏ទៃផង។ ករណីបុគ្គលស្នងរូបស្លៀកសពាក់ស ដើរថតតាមប្រាសាទ នេះគឺធ្វើឡើងដោយមិនមានការអនុញ្ញាត ហើយអនុវត្តលើសពីការគោរពជំនឿសាសនាដែលមាននៅទីនោះ និងប្រពៃណីដូនតាខ្មែរ ដែលអាចធ្វើឱ្យ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលរបស់ប្រាសាទ តម្លៃសាសនា និងប្រាសចាកពីក្រមប្រតិបត្តិដែលអាជ្ញាធរជាតិព្រះវិហារបានកំណត់ផង ដែលចាំបាច់ត្រូវទប់ស្កាត់។

«អ្វីដែលគាត់ទៅធ្វើហ្នឹងជាលក្ខណៈចូលរូប លក្ខណៈរូបចូលហើយគាត់ទៅថតទន់ប៉ភ្លន់លក្ខណៈដូចខ្មោចចូលតាមប្រាសាទអីអ‌៊ីចឹង យើងមើលទៅលក្ខណៈដូចអត់សមរម្យ ស្លៀកសរពាក់សថតអ‌៊ីចឹងទៅណា៎បាទ ហើយយើងៗមិនចង់ឱ្យមានអាករណីអ‌៊ីចឹងកើតឡើងតាម(Facebook)អ‌៊ីចឹងទៅ បាទដូចកន្លងមក គាត់មានធ្វើនៅកន្លែងផ្សេងៗ ក៏មានការតេះដៀលជេរត្មេះដល់រូបគាត់ ហើយក៏ដល់អាជ្ញាធរដែលទទួលបន្ទុកការពាររអស់ហ្នឹង បាទ ។ អ‌៊ីចឹងបើសិនជាយើងបណ្តោយឱ្យគាត់ធ្វើអ‌៊ីចឹងហើយថតផុសអ‌៊ីចឹងទៀត វាមានបញ្ហាធ្ងន់ធ្ងរដល់យើងជាអ្នកគ្រប់គ្រង ហើយបើយើងចេះតែបណ្តោយអ‌៊ីចឹងទៅវាធ្វើឱ្យ  បើសិនជាលើកក្រោយវាមានអ‌៊ីចឹងៗទៀត វាយ៉ាងម៉េច វាអាក្រក់មើលណាស់ក្នុងរមណីដ្ឋានរបស់យើង»។

មន្ត្រីអាជ្ញាធរជាតិព្រះវិហាររូបនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មកទស្សនាប្រាសាទព្រះវិហារនិងគោរពប្រតិបត្តិជំនឿប្រកបដោយការទទួលខុសត្រូវនិងសេចក្តីថ្លៃថ្នូរដើម្បីលើកស្ទួយដល់បេតិកភណ្ឌជាតិរបស់យើងទាំងអស់គ្នាដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ទាក់ទងនិងរឿងនេះលោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទាំងសិទ្ធសេរីភាពទាំងជំនឿ វប្បធម៌ និងសាសនា ពិតជាបានទទួលស្គាល់ដោយច្បាប់ តែសិទ្ធិសេរីភាពក៏មានព្រំដែនដែរ ។ សិទ្ធិឯកជននៅក្នុងផ្ទះរបស់យើងធ្វើអ្វីក៏បាន តែទៅដល់ទីសាធារណៈ គឺត្រូវតែគោរពតាមគោលការណ៍បទបញ្ជាផ្ទៃក្នុង តាមកន្លែងនីមួយៗ។ ប្រជាពលរដ្ឋគួរតែសិក្សាស្វែងយល់ឱ្យបានច្បាស់ពី ច្បាប់រដ្ឋ ច្បាប់សង្គម និងសិទ្ធិសេរីភាពរបស់ខ្លួន ហើយអាជ្ញាធរគួរតែអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់ និងតួនាទីរបស់ខ្លួនឱ្យច្បាស់លាស់ ដើម្បីជៀសវាងការបន្ទោសគ្នារទៅវិញទៅមក។

«ថ្វីត្បិតតែទទួលបានការអនុញ្ញាតស្របច្បាប់ពីអ្នកគ្រប់គ្រងនៅតំបន់ទេសចរណ៍ ឬតំបន់ណាមួយក៏ដោយដែលគេអនុញ្ញាតឱ្យចូល​ ប៉ុន្តែមិនអាចទៅសម្តែងឬក៏បង្កើតព្រឹត្តិការណ៍ មួយដែលខុសពីប្រពៃណី ទំនៀមទម្លាប់ ខុសពីច្បាប់ដែលគេហាមដែរ មានន័យថាចូលស្របច្បាប់ តែអ្វីដែលធ្វើអាចនិងមិនស្របច្បាប់ អាចមិនត្រឹមត្រូវតាមប្រពៃណី ធ្វើអ‌‌៊ីចឹងអទៅអាចនាំឱ្យមហាជន នៅក្នុងស្រុកខ្មែរ ឬនៅក្នុងប្រទេសជិតខាង ឬនៅក្នុងពិភពលោក គេច្រឡំ កាលណាវាផ្សាយចេញទៅ វាអាចជះឥទ្ធិពលទៅដល់មនុស្សនៅក្នុងពិភពលោកដែលគេយល់ពីយើងមិនច្បាស់ វាទៅជាថា អូ! ប្រាសាទជាទីសក្ការៈដែលព្រះមហាក្សត្រលោកបានបន្សល់ទុកមកហ្នឹង វាជាកន្លែងដែលរាំច្រៀងសម្ដែង វាទៅជារឿងផ្សេង អ‌៊ីចឹងហើយបានជាអាជ្ញាធរជាតិព្រះវិហារហ្នឹងមានសិទ្ធិ ក្នុងការពិនិត្យមើលឬក៏ស្នើឱ្យលុបវីដេអូដែលមិនត្រឹមត្រូវជៀសវាងកុំឱ្យគេយល់ច្រឡំអំពីអត្ថន័យ ប្រាសាទព្រះវិហារ ឬក៏កន្លែងសក្ការៈអីហ្នឹងជាដើម»។

លោកបណ្ឌិត ប៊ុនថង បានបន្ថែមថា  ទាំងភ្ញៀវទេសចរណ៍ជាតិក្តី និងភ្ញៀវអន្តរជាតិក្តី នៅលើទឹកដីនៃប្រទេសកម្ពុជាគួរតែគោរពច្បាប់នៃប្រទេសកម្ពុជា គោរពច្បាប់តាមវិស័យ និងបទបញ្ជាផ្ទៃក្នុងតាមតំបន់គ្រប់គ្រងនីមួយៗ និងកុំធ្វើអ្វីឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី ទំនៀមទំលាប់ វប្បធម៌ និងការគោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់អ្នកដ៏ទៃដូចមានចែងនៅក្នុងច្បាប់។

អត្ថបទៈអ៊ុក ដែន

Share

Image
Image
Image