en     km
en     km

ប្រជាកសិករប្រមាណ១៦០នាក់បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញកសិកម្មនៅខេត្តសៀមរាប

Share

កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៤កន្លងទៅ ប្រជាកសិករប្រមាណ១៦០នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលមួយនៅខេត្តសៀមរាប ស្ដីពី “ការអនុវត្តកសិកម្មល្អកម្ពុជាCamGAP”។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយក្រុមហ៊ុនគ្រឿងហ្លួងសាបារា បេសហ្វូដ ឯ.ក ក្រោមជំនួយហិរញ្ញប្បទានពី USAID (Feed the Future Harvest III) ។

សកម្មភាពប្រជាកសិករចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការអនុវត្តកសិកម្មល្អកម្ពុជាCamGAP”

វគ្គបណ្តុះបណ្តាលពីរថ្ងៃនេះ មានគោលបំណងក្នុងការពង្រឹងបច្ចេកទេសដាំដុះគ្រឿងទេសដល់ប្រជាពលរដ្ឋ នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប លើវិធីសាស្ត្រដាំដំណាំទូទៅ និងផ្តោតសំខាន់ទៅលើវិធីសាស្ត្រដាំខ្ជាយ រំដេង ស្លឹកគ្រៃ និងក្រូចសើច។

ប្រជាកសិករចុះពិនិត្យ និងអនុវត្តការបច្ចេកទេសដាំដំណាំ

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិការក្រុមហ៊ុនសាបារាបេសហ្វូដ ឯ.ក បានឱ្យដឹងក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលថា វគ្គសិក្សានេះបានបញ្ចប់ទៅដោយរលូន និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ដោយប្រជាកសិករដែលបានចូលរួមទទួលបាននូវចំណេះដឹងថ្មីៗ អំពីវិធីសាស្ត្រដាំដុះ និងជាពិសេសផ្តល់ឱកាសទីផ្សារសម្រាប់កសិករដែលបានចូលរួម។ អ្នកស្រីបន្ដថា នេះជាជោគជ័យ និងការបើកទំព័រថ្មីមួយ ដ៏មានអត្ថន័យសំរាប់ក្រុមហ៊ុនផ្ទាល់ ដែលតែងតែប្រើប្រាស់កសិផលខ្មែរស្រស់ៗ១០០% សំរាប់កែច្នៃ និងផលិតសម្រាប់បំរើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដោយនៅពេលនេះ ក្រុមហ៊ុនបានបោះជំហានថ្មីមួយទៀត ដោយផ្តល់ការបំពាក់បំប៉នបន្ថែមដល់ប្រជាកសិករផងដែរ។

លោក កឿន កើប មេឃុំលាងដៃ ស្រុកអង្គរធំ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង ជូនដល់បងប្អូនកសិករ។ លោករំពឹងថា បងប្អូនប្រជាកសិករទាំងអស់ នឹងយកចំណេះដឹង និងបច្ចេកទេសនៃការដាំដុះគ្រឿងទេសទាំងនេះ ដើម្បីយកទៅអនុវត្តសម្រាប់ជីវភាពថ្ងៃក្រោយទៀត៕

អត្ថបទខ្លី សរសេរដោយយុវជន រី ថា  សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image