en     km
en     km

ក្រុមហ៊ុនព្រលានយន្តហោះថ្មីខេត្តសៀមរាបឯកភាពបន្ធូបន្ថយតម្លៃផ្លូវចូលព្រលាន

Share

ក្រោយពីមានការតវ៉ារបស់អ្នកបើកបរតាក់ស៊ីនិងការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់មហាជន រិះគន់អំពីតម្លៃផ្លូវហាយវេចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប អាជ្ញាធរខេត្តក៏បានចូលរួមដោះស្រាយដោយស្នើឱ្យក្រុមហ៊ុនព្រលានយន្តហោះថ្មីបន្ធូរបន្ថយតម្លៃផ្លូវចូលព្រលាន។

ថ្មីៗនេះកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានចុះទៅពិនិត្យ​ស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបាន បណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ រួមទាំងក្រុមការងារចំពោះកិច្ច បានធ្វើការពិភាក្សា ចរចាបន្ថែមលើអ្វីដែលបានឯកភាពកាលពីពេលមុន ហើយទទួលបានលទ្ធផលសម្រេចដោយក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល ៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្ត ដោយ តម្លៃចាស់ យានយន្តប្រភេទA កម្រៃផ្លូវ3$ ចំណត1$ សរុប4$ មកតម្លៃថ្មី យានយន្តប្រភេទA កម្រៃផ្លូវ2$ ដោយតម្លៃចំណតមិនគិតបើក្រោម15នាទី។ តម្លៃចាស់ យានយន្តប្រភេទB កម្រៃផ្លូវ6$ ចំណត1.25$ សរុប7.25$ មកតម្លៃថ្មី យានយន្តប្រភេទB កម្រៃផ្លូវ4$ ដោយតម្លៃចំណតមិនគិតបើក្រោម30នាទី។ តម្លៃចាស់ យានយន្តប្រភេទC កម្រៃផ្លូវ9$ ចំណត2$ សរុប11$ មកតម្លៃថ្មី យានយន្តប្រភេទCកម្រៃផ្លូវ6$ ដោយតម្លៃចំណតមិនគិតបើក្រោម30នាទី។ តម្លៃចាស់ យានយន្តប្រភេទDកម្រៃផ្លូវ12$ សរុប12$ មកតម្លៃថ្មី យានយន្តប្រភេទDកម្រៃផ្លូវ8$ ដោយតម្លៃចំណតមិនគិតបើក្រោម30នាទី។

ដោយការបញ្ចុះតម្លៃនេះគឺសម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥) ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ។

យ៉ាងណាមិញ លើករណីនេះ ភាគីក៏បានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរក្រសួងដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រងលើផ្លូវនេះទាក់ទងទៅនឹងការជួសជុលថែទាំផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវនេះ៕

អត្ថបទ៖ចាន់រ៉ាត់សៀវមិញ

Share

Image
Image
Image