ជាការពិតណាស់ សុខភាពជារឿងមួយដែលសំខាន់ និងជារឿងចម្បងដែលមនុស្សគ្រប់គ្នាគួរណាស់តែបានដឹងនិងការពារ។ សំខាន់ជាងនេះ ការប្រើប្រាស់គ្រឿងស្រវឹងគឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងករណីខ្លះក៏ឈានដល់ការប្រើប្រាស់គ្រឿងញៀនផងដែរ។
(កញ្ញា សុវណ្ណិកា រាយការណ៍)
ដោយផ្អែកលើបញ្ហាមួយចំនួននៃការប្រើប្រាស់គ្រឿងស្រវឹង ក្រសួងសុខាភិបាលបានឱ្យដឹងថា ការប្រើប្រាស់គ្រឿងស្រវឹង គឺផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គម ជាពិសេសសមាជិកគ្រួសារ មិត្តភ័ក្តិរួមការងារ និងអ្នកដទៃផងដែរ។ បន្ថែមពីនេះ វាអាចបណ្តាលឱ្យយុវវ័យ ឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែល ប្រាសចាកពីសីលធម៌សង្គម។ ទន្ទឹមនឹងនេះផងដែរ គ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ជាច្រើន ដូចជា អំពើហឹង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗជាដើម។ម្យ៉ាង ការទទួលទានគ្រឿងស្រវឹងច្រើន ពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀតផងដែរ។
ក្រសួងបានបន្ថែមទៀតថា ជាតិអាល់កុលក្នុងការផលិតគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ រយៈពេលត្រឹមតែ ២ ទៅ ៣នាទីប៉ុណ្ណោះ ជាតិអាល់កុល អាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល។ ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរឬបាត់បង់ស្មារតី ។ ចំពោះផលប៉ះពាល់រយៈពេលវែងវិញ អាចបង្កជាជំងឺដូចជា៖ ជំងឺក្រិនថ្លើម ខូចថ្លើម ជំងឺមហារីក មហារីកឈាម ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ ហើយវាក៏អាចពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។
ភស្តុតាងថ្មីៗរបស់អង្គការសុខភាពពិភពលោក បានបង្ហាញថា មិនមានកម្រិតសុវត្ថិភាពនៃ ការប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយគ្រប់ផលិតផលគ្រឿងស្រវឹងសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព។ សូមកុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ ឬកំពុងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ ពេលកំពុងមានផ្ទៃពោះ និងបំបៅដោះកូន ឬអ្នកមានបញ្ហាសុខភាពផ្សេងៗ។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យត្រូវចៀសវាងពី ការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង ដោយឡែកអ្នក កំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទី ស្រឡាញ់៕
អត្ថបទ៖សុវណ្ណិកា