en     km
en     km

ក្រសួងណែនាំឱ្យមគ្គុទ្ទេសក៍ និងអ្នកបកប្រែភាសាបន្តត្រូវអនុវត្តក្រមសីលធម៌ឡើងវិញខណៈវិស័យទេសចរណ៍វិលទៅរកភាពដើម

Share

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំឱ្យពង្រឹងការប្រតិបត្តិការវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍របស់ខ្លួន និងអ្នកបកប្រែភាសាបន្តផងដែរ ដោយលើកឡើងថា ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តកន្លងមក។

មូលហេតុដែលនាំឱ្យក្រសួងណែនាំដូច្នេះ ដោយវិស័យទេសចរណ៍កម្ពុជាបាននឹងកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ខណៈដែលអាជីវកម្មទេសចរណ៍បានបន្តបើកឡើងវិញស្ទើរតែទាំងស្រុងក្នុងកម្រិតប្រហាក់ប្រហែលនឹងស្ថានភាពកាលពីឆ្នាំ២០១៩ ហើយក៏មានមគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើនបានវិលត្រលប់មកបម្រើសេវាកម្មជាថ្មីឡើងវិញ។
ក្នុងនោះក្រសួងតម្រូវឱ្យមគ្គុទ្ទេសក៍ និងអ្នកបកប្រែភាសាបន្តត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់អត្តលេខ និងពាក់អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យបានត្រឹមត្រូវ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។ ក្រៅពីនេះ ក៏ត្រូវផ្តល់ដល់ទេសចរ នូវព័ត៌មានពិត ច្បាស់លាស់ និងទទួលខុសត្រូវដូចដែលបានសន្យា ព្រមទាំងមាន វិធានការសមស្រប ដើម្បីថែទាំទ្រព្យសម្បត្តិ ការពារសន្តិសុខ និងសុវត្ថិភាពដល់ទេសចរណ៍ក្នុងពេល ដែលទេសចរណ៍ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
ក្រសួងទេសចរណ៍ក៏បានលើកឡើងទៀតថា ចំពោះការប្រតិបត្តិទាំងឡាយណាដែលខុសឆ្គងតាមក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ អាចនឹងក្លាយជាកម្មវត្ថុនៃការព្រមាន ការពិន័យអន្តរការណ៍ជាប្រាក់ ឬករណីធ្ងន់ធ្ងរ អាចឈានដល់ការព្យួរជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

ព័ត៌មានទាក់ទង

Image