en     km
en     km

នាទីសុខភាព៖ជំងឺពុកឆ្អឹង ច្រើនកើតលើមនុស្សអាយុចាប់ពី៥០ឆ្នាំនិងស្ត្រីក្រោយអស់រដូវ

Share

តើអ្នកធ្លាប់ឮអំពីជំងឺពុកឆ្អឹងដែរឬទេ? តើវាមានផលវិបាកអ្វីខ្លះ?  

ជាការពិត ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឱ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ លើសពីនេះ យើងក៏ជួបផងដែរ លើមនុស្សវ័យក្មេង ដោយសារកត្តាតំណពូជ និងកត្តាផ្សេងៗ ដែលធ្វើឱ្យកំហាប់ឆ្អឹងថយចុះ ដូចជា កង្វះអ័រម៉ូនអ៊ឺស្ត្រូហ្សែន កត្តាហ្សេនេទិច  ស្គមមិនសូវហាត់កីឡា បរិភោគអាហារដែលមានសារជាតិកាល់ស្យូមតិច ការជក់បារី និងពិសាស្រា ជាដើម។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ?

បានជាយើងគួរស្វែងយល់ពីជំងឺនេះព្រោះ វាអាចបង្កឱ្យមានការឈឺចាប់ ងាយនឹងបាក់ឆ្អឹង ហើយវាអាចបង្កឱ្យពិការភាពយូរអង្វែង។

រោគសញ្ញាសំខាន់ៗរួមមាន  បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល   ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)   បាក់ក្បាលឆ្អឹងភ្លៅក្រោយរអិលដួលតិចតួច ឬបាក់កដៃក្រោយច្រត់ ឬទប់ខ្លួន   ប៉ុន្តែពាក់កណ្ដាលនៃករណីនេះ អ្នកជំងឺពុំមានរោគសញ្ញាគួរឱ្យចាប់អារម្មណ៍នោះទេ។

ចំណែកឯការធ្វើរោគវិនិច្ឆ័យ  គឺត្រូវធើ្វរោគវិនិច្ឆ័យដោយម៉ាស៊ីនវាស់កំហាប់ឆ្អឹង  ថតកាំរស្មីពិនិត្យឆ្អឹង   ពិនិត្យឈាម (កម្រិតជាតិកាល់ស្យូម កម្រិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត…..)   និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស។

តើយើងអាចការពារ និងព្យាបាលជំងឺនេះបានដែរឬទេ?

ជាទូទៅ ជំងឺនេះអាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងលេបថ្នាំ  ទៅតាមមូលហេតុរបស់វា។

សម្រាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺពុកឆ្អឹងគួរ បរិភោគអាហារដែលសម្បូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន….) ទទួលនូវកម្តៅថ្ងៃឱ្យបានគ្រប់គ្រាន់ ឈប់ពិសាស្រា និងបារី ព្យាបាលជំងឺរួមផ្សំដែលបណ្តាលឱ្យកំហាប់ឆ្អឹងថយ  ជៀសវាងការដួល បុក ប៉ះទង្គិច  និង ជៀសវាងការប្រើថ្នាំផ្តេសផ្តាស ។

ទន្ទឹមនេះមន្ទីរពេទ្យ កាល់ម៉ែតដដែលបានបញ្ជាក់ថា​ បើលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលបាននូវការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព និងប្រកបដោយគុណភាព៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

Image
Image
Image