en     km
en     km

យុវជនមួយចំនួនត្អូញត្អែរធ្វើការខុសពីសញ្ញាប័ត្រ ខណៈរៀនសាកលផ្សេងរៀបចប់ធ្វើការងារផ្សេង

Share

សៀមរាប: យុវជនមួយចំនួនដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើមុខវិជ្ជានានា ពីសាកលវិទ្យាល័យ ហាក់កំពុងអស់សង្ឃឹមក្នុងការស្វែងរកការងារធ្វើទៅតាមសញ្ញាប័ត្រដែលខ្លួនបានរៀន។ ពួកគេត្អូញត្អែរថាមុខវិជ្ជាដែលសិក្សា គឺមិនសូវសម្បូរទីផ្សារការងារធ្វើនោះទេ ដូច្នេះត្រូវបង្ខំចិត្តធ្វើការងារផ្សេងក្រៅពីមុខវិជ្ជារបស់ខ្លួនទៅវិញ។

សកម្មភាពពិភាក្សាក្រុមរបស់យុវជន

ក្នុងនោះយុវជនម្នាក់មានឈ្មោះថា នន់ ម៉ង់ អាយុ២២ឆ្នាំ មកពីស្រុកពួក ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងជានិស្សិតឆ្នាំទី៣ ផ្នែកច្បាប់នៅសាកលវិទ្យាល័យផង បានឱ្យដឹងថា ខ្លួនកំពុងបម្រើការងារជាអ្នកទទួលភ្ញៀវនៅសណ្ឋាគារមួយកន្លែងក្នុងក្រុង។ យុវជនរូបនេះថា ជំនាញដែលខ្លួនកំពុងធ្វើ គឺខុសពីសញ្ញាប័ត្រដែលកំពុងសិក្សា។

យុវជន នន់ ម៉ង់

ក្នុងទឹកមុខស្មើធេង យុវជន នន់ ម៉ង់ បន្ដថា មុខវិជ្ជាផ្នែកច្បាប់ដែលកំពុងរៀននៅសាកលវិទ្យាល័យ គឺពិបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងខេត្តសៀមរាបណាស់ ប្រសិនបើមានការងារក៏លើសពីសមត្ថភាពរបស់ខ្លួនដែរ។ យុវជន នន់ ម៉ង់ បានទម្លាក់ទឹកមុខប្រែទៅជាស្រពោនហើយនិយាយបន្ថែមថា គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការងារដែលគាត់កំពុងធ្វើបច្ចុប្បន្ន ដោយសារតែវាខុសពីសញ្ញាប័ត្រដែលគាត់រៀននៅសាកលវិទ្យាល័យ ហើយមិនដឹងថានៅថ្ងៃខាងមុខ តើគាត់អាចមានការងារធ្វើត្រូវតាមជំនាញដែរឬក៏យ៉ាងណា?  ជាមួយគ្នា និស្សិតឆ្នាំទី៣រូបនេះ បានសំណូមពរដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយតម្រង់ទិសដល់យុវជនដែលទើបតែប្រឡងជាប់ឌុប គួរស្វែងយល់ពីមុខវិជ្ជា ឬជំនាញដែលខ្លួនស្រលាញ់ និងជ្រើសរើសឱ្យបានត្រឹមត្រូវ។

យុវតី គ សៅរ៉ួ

ចំណែក យុវតីម្នាក់ទៀតនៅខេត្តសៀមរាបដែរ ឈ្មោះថា គ សៅរ៉ួ បានបញ្ចប់មុខវិជ្ជាបដិសណ្ឋារកិច្ចពីសកលវិទ្យាល័យកាលពីឆ្នាំ២០២០ តែមិនអាចបន្ដការងារលើមុខវិជ្ជាដែលខ្លួនបានរៀននៅសាកលវិទ្យាល័យបានតទៅទៀតទេ បន្ទាប់ពីកញ្ញាបម្រើការងារបដិសណ្ឋារកិច្ចនេះ បាន២ឆ្នាំ។ រាល់ថ្ងៃកញ្ញាងាកមកធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលវិញទាក់ទងនឹងការរ៉ៃអង្គាសថវិកានៅក្នុងសហគមន៍។

ការបោះបង់ចោលការងារផ្នែកបដិសណ្ឋារកិច្ចទាំងបង្ខំចិត្ត ដោយសារតែវិបត្តិវិស័យទេសចរណ៌បានធ្លាក់ចុះ អំឡុងពេលមានការរាតត្បាតដោយជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពីកញ្ញាសៅរ៉ួ ដដែល។ ទន្ទឹមគ្នាការផ្លាស់ប្ដូរនេះ កញ្ញាថាឱ្យរូបនាងជួបបញ្ហាប្រឈម និងមានចំណុចខ្វះខាតច្រើន ពីព្រោះតែវាជាការងារថ្មីខុសពីជំនាញរបស់ខ្លួន។

បើទោះបីជាពេលនេះសៅរ៉ូ បានធ្វើការងារថ្មីរយៈពេលកន្លះឆ្នាំមកហើយក្តី ប៉ុន្តែក្នុងចិត្តរបស់នាងនៅតែគិតថាប្រសិនបើមានឱកាស នាងនឹងត្រឡប់ទៅធ្វើការជំនាញរបស់នាងវិញនៅពេលណាមួយ។ កញ្ញា សៅរ៉ូ បានលើកទឹកចិត្តដល់យុវជនទាំងអស់ដែលរៀនជំនាញអ្វី គឺត្រូវស្វែងរកការងារឱ្យត្រូវតាមជំនាញរបស់ខ្លួន ពិសេសធ្វើការបណ្តើររៀនបណ្តើរធ្វើឱ្យការរៀនកាន់តែប្រសើរឡើង។

អ្នកជំនាញអប់រំនៅក្នុងប្រទេសកម្ពុជាធ្លាប់បានលើកឡើងក្នុងកម្មវិធីនានាថា បើអ្នកធ្វើការខុសពីមុខវិជ្ជា សិក្សា ត្រូវព្យាយាមរៀនសូត្រពីបរិយាកាសការងារនោះ និងត្រូវបន្តសិក្សាពីជំនាញពាក់ព័ន្ធរបស់ខ្លួនជាវគ្គសិក្សាខ្លីៗ និងរៀនដល់ថ្នាក់អនុបណ្ឌិតផងដែរ៕

អត្ថបទខ្លីនេះ សរសេរដោយយុវជន យី សុថា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប ក្រោយការឧបត្ថម្ភពីគម្រោង​EWMI រៀបចំដោយWMC។

Share

Image
Image
Image