en     km
en     km

រដ្ឋមន្ត្រីទេសចរណ៍៖និស្សិតអាហារូបករណ៍ទៅនូវែលសេឡង់ មានតួនាទីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងសក្តានុពល ទេសចរណ៍កម្ពុជា

Share

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

រដ្ឋមន្ត្រីទេសចរណ៍ បានជួបផ្ដាំផ្ញើ និងលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ធ្វើជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា នៅពេលក្រុមនិស្សិតទៅសិក្សានៅប្រទេសអភិវឌ្ឍន៍មួយនេះ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បែបនេះ ធ្វើឡើងក្នុងពេលលោកជួបសិស្សនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ថ្នាក់បណ្ឌិត និងអនុបណ្ឌិតចំនួន៣៥រូប និងផ្ដល់ការណែនាំពីបទពិសោធន៍ និងគន្លឹះពីវិស័យទេសចរណ៍ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីត្រៀមខ្លួនទៅសិក្សា និងស្នាក់នៅប្រទេសនូវែលសេឡង់ ចាប់ពីចុងខែមករា ឆ្នាំ២០២៤។

ក្រោយពីការអបអរសាទរជ័យលាភីទៅសិក្សានៅបរទេសទាំង៣៥នាក់ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សិស្សនិស្សិតទាំងអស់នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវមានទំនាក់ទំនល្អ អត្តចរិតស្លូតបូតរួសរាយរាក់ទាក់ និងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី និងមោទនភាពជាខ្មែរអំឡុងពេលស្នាក់នៅនិងសិក្សានៅប្រទេសនូវែលសេឡង់ ជាពិសេសផ្សព្វផ្សាយមោទនភាពជាប្រជាជនខ្មែរ «ប្រទេសតូច បេះដូងទូលាយ» និងនាំសារល្អៗពីកម្ពុជាលើឆាកអន្តរជាតិ។ លោកក៏បានចែករំលែកនូវបទពិសោធន៍នៃការសិក្សានៅក្រៅប្រទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកឡើងពីយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ និងគំនិតផ្តួចផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ និងបានផ្តល់ជាអនុសាសន៍ឱ្យសិស្សនិស្សិតទាំងអស់ត្រូវចងចាំជាផ្នត់គំនិត (Mind-set) នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរ ដើម្បីក្លាយខ្លួនជាយុវជនបន្តវេនដ៏មានថាមពល និងសក្តានុពល ចូលរួមកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាក្រោយត្រឡប់ពីការសិក្សានៅប្រទេសនូវែលសេឡើងវិញ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលនូវែលសេឡង់បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបជាង៤០០កន្លែង ឱ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានានៅប្រទេសនូវែលសេឡង់ ដែលសិស្សនិស្សិតមានសមាសភាពមកពីក្រសួងស្ថាប័នរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល។

បើតាមលោក អ៊ី ឆាលី តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ សិស្សនិស្សិតជ័យលាភីទទួលបានអាហារូបករណ៍ រួមមាន៖ (១) ការសិក្សាមុនពេលចេញដំណើរ នៅមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល-ACE (២) សំបុត្រយន្តហោះទៅ-មក (៣) ធានារ៉ាប់រងការធ្វើដំណើរ (៤)ប្រាក់ឧបត្ថម្ភសម្រាប់ Set-up នៅពេលទៅដល់ប្រទេសនូវែលសេឡង់ (៥) ថ្លៃសិក្សានៅប្រទេសនូវែលសេឡង់ ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយស្នាក់នៅ ហូបចុក ធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភលើការស្រាជ្រាវ និងសរសេរនិក្ខេបបទបញ្ចប់ការសិក្សា៕

អត្ថបទ៖ងិន ស៊ាងលីម

Share

Image
Image
Image