en     km
en     km

រដ្ឋបាលក្រុងភ្នំពេញ៖ការផាកពិន័យចំពោះការគ្រប់គ្រងសំរាមនឹងកើតមានលើអ្នកល្មើសនឹងបម្រាម

Share


ដោយមើលឃើញពីបញ្ហាគ្រប់គ្រងសំរាមរបស់ប្រជាពលរដ្ឋនៅតែមានកម្រិត រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងម្ដងទៀត នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធទៅនឹងការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាមសំណល់រឹង។ រដ្ឋបាលបានរម្លឹកទៅកាន់ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ ឯកជន រោងចក្រ សហគ្រាស និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញឱ្យបានជ្រាបថា ការផាកពិន័យ នឹងកើតមានចំពោះអ្នកដែលល្មើសនឹងបំរាម ស្តីពីការគ្រប់គ្រងសំរាម។
ការជូនដំណឹងជាថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋភាគច្រើន បានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្ដីណែនាំខាងលើ ក៏ប៉ុន្តែនៅមានមួយចំនួនតូចទៀតនៅមិនទាន់បានយកចិត្តទុកដាក់អនុវត្តនៅឡើយ។

រដ្ឋបាលក្រុងអះអាងថា ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំខាងលើនេះ រដ្ឋបាលនឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានដូចមានចែងក្នុងអនុក្រឹត្យលេខ ១១៣ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រង់ជំពូកទី៧ ស្តីពីទោសបញ្ញត្តិនៃអំពើល្មើសនានា ក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមសំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់។
យ៉ាងណា ក្នុងការចូលរួមគ្រប់គ្រងលើបញ្ហាសំរាម ក្រុមហ៊ុនក្រដាសអនាម័យ MG PACIFIC COMPANY LIMITED ដែលផលិតក្រដាសអនាម័យ ក៏បានយកខ្សែសង្វាក់របស់ខ្លួនចូលរួមថែរក្សាបរិស្ថានផងដែរ។ ក្នុងនោះ ក្រុមហ៊ុនក្រដាសអនាម័យមួយនេះ បានកែច្នៃការវេចខ្ចប់ក្រដាសរបស់ខ្លួន ពីប្លាស្ទិកមកជាប្រអប់ជ័រជំនួសវិញ។
លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុនអិមជី ផេស៊ីហ្វិក បានឱ្យដឹង គម្រោងថ្មីដែលក្រុមហ៊ុនធ្វើ គឺបញ្ជៀតការយល់ដឹង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអំពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ជីវិតប្រចាំថ្ងៃ និងការការពារបរិស្ថាន។

គួរជម្រាបថា ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៩យប់ មានការប្រមូល និងដឹកជញ្ជូនសំរាមនៅតាមផ្លូវជាតិ ។ ចំណែកផ្លូវធំ ការប្រមូល និងដឹកជញ្ជូនសំរាម មានពីពេលគឺ ពេលថ្ងៃ វេលាម៉ោង ៨ ព្រឹក ឬ ពេលយប់វេលាម៉ោង៩។ ឯផ្លូវរណបប្រមូលរៀងរាល់ ២ថ្ងៃម្តង ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬពេលយប់វេលាម៉ោង ៩។ តែយ៉ាងណារដ្ឋបាលបញ្ជាក់ថា ការប្រមូលក៏តាមភាពជាក់ស្តែងផងដែរ៕

អត្ថបទ៖សួ សុវណ្ណិកា

Share

Image
Image
Image