en     km
en     km

នាទីសុខភាព៖ស្វែងយល់អំពីវិបត្តិនៃការរំលាយអាហារ

Share

វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ អាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រួសារ។

មូលហេតុអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ការប្រព្រឹត្តទៅមិនប្រក្រតីនៃចលនាការរំលាយអាហាររបស់ក្រពះ  ការទទួលរំញោចលើសលប់របស់ក្រពះ  មេរោគក្រពះ (Helicobacter Pylori)  នឹងកត្តាផ្លូវចិត្ត។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

វិបត្តិរំលាយអាហារស្តែងចេញជារោគសញ្ញា ៤ធំៗគឺ  បរិភោគអាហារឆាប់ឆ្អែត តឹងណែនពោះក្រោយបរិភោគ  ឈឺចុងដង្ហើម  ក្រហាយចុងដង្ហើម។ចំណែកឯ រោគសញ្ញាគ្រោះថ្នាក់រួមមាន  ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ  ការស្រកទំងន់ដោយគ្មានមូលហេតុ  ពិបាកលេប ឬលេបឈឺ មិនបាត់  ស្លេកស្លាំង  ស្ទាបប៉ះដុំនៅចុងដង្ហើម  ប្រវត្តិគ្រួសារមានជំងឺមហារីកក្រពះពោះវៀនផ្នែកខាងលើ  បន្ទោបង់មានឈាម  កើតលឿង  ព្រមទាំងមានរោគសញ្ញាបន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើម ។

ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួរ ពីរោគសញ្ញានៃជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាមមួយចំនួន អេកូពោះ និងព្រមទាំងឈានទៅដល់ការឆ្លុះក្រពះ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានរោគសញ្ញាគ្រោះថ្នាក់ដែលសង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុងបំពង់អាហារផ្នែកខាងក្រោម និងក្រពះ។

សម្រាប់ការព្យាបាលជារួមមាន ក្នុងករណីមានមេរោគក្រពះ ត្រូវព្យាបាលបំបាត់មេរោគក្រពះជាមុនសិន ប្រើថ្នាំបន្សាបជាតិអាស៊ីតរយៈពេលណាមួយជាក់ច្បាស់អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ  ផ្តល់ប្រឹក្សា និងទំនុកចិត្តដល់អ្នកជំងឺ។

ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំណាយច្រើន។

ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដូចដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការព្យាបាលអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទប្រែសម្រួល៖ចាន់រ៉ាត់ សៀវមិញ

Share

Image
Image
Image