នាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤នេះ រថភ្លើងពីរគ្រឿងរបស់ឥណ្ឌូនេស៊ីបានបុកគ្នាជាដំណំ ដែលធ្វើឱ្យអ្នកដំណើរចំនួន ៣នាក់បានស្លាប់ ខណៈអ្នកដំណើរជាង ១០០នាក់ផ្សេងទៀតនៅរស់រាន តែរងរបួសខ្លះធ្ងន់ ខ្លះស្រាល។
មន្ត្រីប៉ូលិសឥណ្ឌូនេស៊ីរាយការណ៍ឱ្យដឹងថា រថភ្លើងពីរគ្រឿងបានបុកគ្នានៅលើកោះ Java ប្រទេសឥណ្ឌូនេស៊ីនាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤នេះ ដែលបណ្តាលឱ្យទូរថភ្លើងជាច្រើនគាបជាប់គ្នា និងក្រឡាប់ចេញទៅផ្នែកម្ខាងនៃផ្លូវរថភ្លើង។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ ៣នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។
លោក Ayep Hanapi អ្នកនាំពាក្យក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ីប្រតិបត្តិការលើវិស័យផ្លូវដែក PT Kereta Api Indonesia (KAI) បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងប្រហែល ៥០០ម៉ែត្រពីស្ថានីយ៍រថភ្លើង Cicalengka នៅទីក្រុង Bandung ភាគខាងលិចនៃកោះ Java ប្រទេសឥណ្ឌូនេស៊ី។ លោកបន្តទៀតថា រថភ្លើងល្បឿនលឿន Turangga ដែលធ្វើដំណើរពី Surabaya រដ្ឋធានីនៃខេត្ត East Java ទៅ Bandung បានបុកនឹងរថភ្លើងដឹកអ្នកដំណើរដែលកំពុងបើកបរឆ្ពោះកាន់ទៅទីក្រុង Padalarang។
អ្នកនាំពាក្យប៉ូលីសនៅក្នុងតំបន់ លោក Ibrahim Tompo បញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។ លោកថា អ្នកដំណើរសរុបមានចំនួន ១០៦នាក់ក្នុងរថភ្លើងដឹកអ្នកដំណើរ ចំណែករថភ្លើងល្បឿនលឿន Turangga មានអ្នកដំណើរចំនួន ៥៤នាក់។ បច្ចុប្បន្ន អ្នកនាំពាក្យរូបនេះអះអាងថា កងកម្លាំងប៉ូលិសកំពុងខ្នះខ្នែងជីកកកាយរកមូលហេតុនៅពីក្រោយការបុករថភ្លើងនិងរថភ្លើងនេះ តែឥឡូវលោកពុំអាចនិយាយលម្អិតពីសេចក្តីណាមួយនៅឡើយទេ។
គួរបញ្ជាក់ដែរថា វីដេអូជាច្រើនត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដែលធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី។ ក្នុងវីដេអូនោះបង្ហាញឱ្យឃើញពីទិដ្ឋភាពក្រឡាប់ទូរថភ្លើងជាច្រើន និងខ្ទាតចេញពីលើរថភ្លើងពាសពេញផ្លូវ។ ជាងនេះ មនុស្សម្នាបានស្រែកឆឡោ ខណៈអ្នកដំណើរភ័យស្លន់ស្លោ ព្យាយាមចេញពីរថភ្លើង។ ក៏ប៉ុន្តែក្រោមការសង្គ្រោះរបស់មន្រ្តីជំនាញ ស្ថានភាពតានតឹងនេះត្រូវគ្រប់គ្រងបានទាំងស្រុង៕
ប្រភព៖ AP ចុះថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤
អត្ថបទ៖កែវ សុជាតា