en     km
en     km

សាលាឧទ្ធរណ៍ព្រះសីហនុសម្រេចលើកចោទបទចោទលើស្ដ្រីសកម្មជនដីធ្លី២រូប តែតម្កល់បទចោទមួយ

Share

ស្ដ្រី២រូប ជាសកម្មជនដីធ្លីរ៉ាំរ៉ៃនៃខេត្តកោះកុង ត្រូវបានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ សម្រេចលើកចោលបទចោទមួយ ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​នៅថ្ងៃឡើងសវនាការម្សិលមិញ តែបន្ដតម្កល់បទចោទមួយទៀតពីបទបរិហាកេរ្ដិ៍ជាសាធារណៈ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានសម្រេចលើកចោលបទចោទមួយ និងតម្កល់បទចោទមួយ លើស្ដ្រីសកម្មជនដីធ្លី២រូបជាពលរដ្ឋខេត្តកោះកុង ដែលចោទប្រកាន់អតីតអ្នកតំណាង​សហគមន៍ម្នាក់ ​កាលពី​ឆ្នាំ​២​០​១​៩ ថា​បាន​រំលោភ​យក​ដីធ្លីសមាជិកសហគមន៍របស់ពួកគេជិត២០០នាក់​​​។​ នេះបើផ្អែកតាមអង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូ។

ស្ដ្រីសកម្មជនដីធ្លីទាំងពីររូប មានម្នាក់ ឈ្មោះ ផាវ ញើង  និងម្នាក់ទៀតឈ្មោះ សេង លីន។ អ្នកទាំងពីរ​ធ្លាប់បាន​តុលាការ​ចាប់​ដាក់​ពន្ធ​នាគា​រ​​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ កាល​ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ដល់​ថ្ងៃ​ទី​៦​ ​ខែ​តុលា​ ​​ឆ្នាំ២០២៣នេះ​ ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​។

តែនៅថ្ងៃឡើងសាលាឧទ្ធរណ៍ម្សិលមិញនេះ  ​តុលាការ​​ក៏បាន​លើកចោល​បទ​ចោទ​​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ពី​អ្នក​ទាំងពីរ​​។ ទោះបីបទចោទមួយត្រូវបានលើកចោល តែ​សាលាឧទ្ធរណ៍នៅតំកល់​បទ​ចោទ​មួយទៀត គឺបទបរិហារកេរ្តិ៍ជាសាធារណៈ  ​ដែល​​បទចោទនេះ ត្រូវ​បាន​ដាក់​ដោយ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​កាលពី​ខែ​សីហា​កន្លងទៅ​ ។​

ផ្អែកតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR កាលពីខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុងបានប្រកាសសាលក្រមផ្តន្ទាទោសស្ដ្រីកម្មជនទាំងពីរនាក់ ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទ ញុះញង់ឱ្យប្រព្រឹត្ដអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤, ៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន៤០លានរៀល ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ ក្រោយសាលាឧទ្ធរណ៍លើកចោលបទចោទមួយកាលពីម្សិលមិញ ចំនួនសំណងរដ្ឋប្បវេណី បានបន្ថយមកត្រឹម១០លានរៀលវិញ។ ទោះបីដូចនេះក៏ដោយ តុលាការបានបង្គាប់ឱ្យអ្នកទាំងពីរបង់ប្រាក់ពិន័យម្នាក់ៗចំនួន៤លានរៀល។

គួរជម្រាបថា ស្ដ្រី​ទាំង​ពីរ ជា​អ្នក​តំណាង​ពលរដ្ឋ​ចំនួន​ជិត ២០០ គ្រួសារ ដែល​ដី​ស្រែ​ចំការ​រាប់​រយ​ហិកតា​របស់​ពួគេ ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ក្រុមហ៊ុន​កសិ​ឧស្សាហកម្ម ​របស់​លោក ឧកញ៉ា ហេង ហ៊ុយ ចាប់​តាំងពី​ឆ្នាំ ២០០៨ ដើម្បី​យក​ដី​ធ្វើ​ចំការ​អំពៅ ។

ស្ដ្រីតំណាងទាំង​ពីរ​នាក់ ត្រូវ​បាន​ប្តឹង​ដោយ​​អតីត​អ្នក​តំណាង​សហគមន៍​ម្នាក់​ឈ្មោះ ឆាយ វី ដែល​លោក​ជា​អតីត​មេឃុំ និង​ជា​អ្នក​ដែល​ត្រូវ​បាន​ស្ត្រី​ទាំង​ពីរ​ចោទ​ប្រកាន់​ថា​បាន​លួច​រំលោភ​យក​ដី​របស់​សមាជិក​សហគមន៍​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​កាលពី​ឆ្នាំ ២០១៩ អំឡុង​ពេល​ជម្លោះ​ដីធ្លី​នៅទី​នោះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ ។

តែយ៉ាងណា សម្រាប់ការ​លើកចោទ​បទ​ចោទ​ ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ពីស្ដ្រីសកម្មជនដីធ្លីទាំងពីរ​អំឡុង​ពេល​សវនាការ​ ​ត្រូវបានសង្គមស៊ីវិល លីកាដូថា ​នេះ​ជា​សញ្ញា​វិជ្ជមានមួយ​ ​នឹង​មិន​មានការ​ប្តឹង​ជំទាស់​សាលា​ដីកា​សាលាឧទ្ធរណ៍​ ​ទៅ​តុលាការ​កំពូល​នោះ​ទេ​៕

Share

Image
Image
Image