នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ដោយមានសិស្សប្រឡងជាប់សរុប៩៨៤៦០នាក់ ស្មើនឹង៧២.៨៩%។ ក្រោយការប្រកាសលទ្ធផលនេះ លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចង្អុលផ្លូវដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់ គួរតែត្រៀមខ្លួនដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ។ ទី១ គឺជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត បើស្រឡាញ់ទស្សនវិជ្ជា ត្រូវរៀនទស្សនវិជ្ជា ហើយបើស្រឡាញ់ខាងវិទ្យាសាស្ត្រនយោបាយ ត្រូវរៀនខាងវិទ្យាសាស្ត្រនយោបាយ។ ទី២ ជ្រើសរើសទៅតាមតម្រូវការទីផ្សារការងារ គឺត្រូវស្វែងរកព័ត៌មានពីតម្រូវការទីផ្សារការងារនៅក្នុងស្រុកនិងក្រៅស្រុកតាមរយៈក្រសួងអប់រំ ឬក៏ក្រសួងការងារ ឬអាចរកតាមប្រព័ន្ធអ៊ិនធឺណេតក៏បាន។ ចំពោះតម្រូវការទីផ្សារការងារ លោកថាបើយោងតាមក្រសួងអប់រំដែលបានសិក្សាមើល គឺខ្វះខាងស្ទែមឬវិទ្យាសាស្ត្រ។ ស្របគ្នានេះដែរ លោកចង់ឱ្យសិស្សានុសិស្សសិក្សាឱ្យល្អិតល្អន់បន្តិច ព្រោះបើរៀនតាមចំណង់ គឺរៀនឆាប់ចេះ។ ប៉ុន្តែបើរៀនខុសចំណង់ គឺពិបាករៀន ហើយត្រូវខំ១គុណនឹង២ ប៉ុន្តែងាយរកការងារធ្វើជាង។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា
ទាក់ទិននឹងសិស្សដែលធ្លាក់បាក់ឌុបវិញ លោកមានប្រសាសន៍ថា បើយើងចង់បានសញ្ញាបត្រ ត្រូវរៀនឡើងវិញ ឬក៏ដាក់ប្រឡងស្វ័យរិន។ ប៉ុន្តែលើកទឹកចិត្តឱ្យសិស្សដែលប្រឡងធ្លាក់ គួរទៅរៀនជំនាញវិញ ព្រោះគេត្រូវការកម្មករជំនាញច្រើន ហើយសព្វថ្ងៃសម្បូរសាលាវិជ្ជាជីវៈ សិស្សអាចរៀនត្រឹម៤ទៅ៦ខែប៉ុណ្ណោះ អាចហាត់ការនិងមានប្រាក់ឧបត្ថម្ភ២៨០០០០រៀលក្នុងមួយខែទៀតផង ហើយពេលរៀនចប់ មិនពិបាករកការងារធ្វើឡើយ។ លោកសង្កត់ធ្ងន់ថា ការធ្លាក់បាក់ឌុបមិនមែនជាការកំណត់វាសនារបស់បុគ្គលនោះទេ ព្រោះអ្នកជាប់អាចរៀនបន្តបាន ហើយអ្នកធ្លាក់ក៏អាចរៀនបន្តបានដូចគ្នា ។ យើងត្រូវដឹងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើកម្មករជំនាញ ហើយកម្មករជំនាញនេះ គឺអ្នករៀននៅសាលាវិជ្ជាជីវៈហ្នឹងហើយ។
ចំណែកលោកវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញផ្នែកអប់រំ មានប្រសាសន៍ថា ទោះបីនិទ្ទេសល្អឬមិនល្អក៏ដោយ លោកណែនាំឱ្យកុំបាក់ទឹកចិត្ត កុំអស់សង្ឃឹម ត្រូវខិតខំរៀនសូត្របន្តទៀត ព្រោះមានតែការអប់រំទេដែលអាចនាំយើងឆ្លងពីទីងងឹតទៅទីភ្លឺបាន។ លោកបន្តថា ចំពោះអ្នកប្រឡងជាប់ កន្លែងដែល ត្រូវរត់ទៅមុនគេ គឺសាកលវិទ្យាល័យ ហើយត្រូវទៅរៀនជំនាញអីដែលខ្លួនស្រឡាញ់ កុំរៀនតាមគ្នីតាមគ្នា ព្រោះ ការសិក្សានៅសាកលវិទ្យាល័យ ពុំមែនគ្រាន់តែសិក្សាដើម្បីយកសញ្ញាបត្រតែប៉ុណ្ណោះទេ តែជាការសិក្សាពីឱកាសដើម្បីទទួលបានចំណេះដឹងដ៏ទូលំទូលាយនៅក្នុងសង្គម។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញផ្នែកអប់រំ
ចំពោះសិស្សដែលប្រឡងធ្លាក់បាក់ឌុបវិញ លោកគួច ម៉េងលី មានប្រសាសន៍ថា នៅប្រទេសជឿនលឿន គេមិនដែលត្រឡប់ទៅរៀនថ្នាក់ទី១២ឡើងវិញទេ ព្រោះខាតពេលវេលានិងខ្មាសអ្នកដទៃ។ លោកឱ្យដឹងទៀតថា គ្មាននរណាមកចាប់អារម្មណ៍ថាក្មួយប្រឡងធ្លាក់ឬជាប់ទេ ហើយក៏គ្មាននរណាមកសួរថាក្មួយរៀនមុខវិជ្ជាអ្វីឬជំនាញអ្វីដែរ។ អ្វីដែលគេចាប់អារម្មណ៍ គឺនៅពេលរៀនចប់ តើថ្ងៃអនាគតបុគ្គលនោះជោគជ័យឬអត់? បើប្រឡងធ្លាក់បាក់ឌុប ត្រូវតែទៅរៀនយកបរិញ្ញាបត្ររង ព្រោះវាធ្វើឱ្យចំណេញច្រើន។ចំណេញទី១ គឺមិនធ្វើឱ្យខ្មាសគេ ទី២ ធ្វើឱ្យចំណេញពេលវេលា ហើយទី៣ ធ្វើឱ្យស៊ាំទៅនឹងបរិយាកាសសិក្សានៅសាកលវិទ្យាល័យ។
លោក កួច ម៉េងលី បន្តថា ទោះបីប្រឡងបាក់ឌុបធ្លាក់ក៏ដោយ នៅពេលរៀនចប់បរិញ្ញាបត្ររង គេនៅតែមានសិទ្ធិរៀនយកសញ្ញាបត្របរិញ្ញាបត្រដែរ។ សន្លឹកសញ្ញាបត្រនោះទៀតសោត គឺមានតម្លៃស្មើគ្នា។ លោកបញ្ជាក់ថាមែនទែនទៅ គេមិនដែលខ្វល់ថារៀនជាប់ឬធ្លាក់បាក់ឌុបអីនោះទេ អ្វីដែលគេចង់ដឹងនោះគឺថា តើសិស្សមានទឹកចិត្តបន្តសិក្សាទៅមុខទៀតឬអត់?
យុវសិស្ស លី លក្ខណា ជាសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង
ចំពោះយុវសិស្ស លី លក្ខណា ជាសិស្សនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ប្រឡងបាក់ឌុបទទួលបាននិទ្ទេស B ក្នុងឆ្នាំនេះ បានបង្ហាញអារម្មណ៍ថា កញ្ញាក្តុកក្តួលខ្លាំងនៅពេលទន្ទឹងរង់ចាំលទ្ធផល ហើយកញ្ញារំពឹងថានឹងបាននិទ្ទេសល្អ។ នៅពេលបានឃើញលទ្ធផលបែបនេះ កញ្ញាត្រេកអរ ហើយគ្រួសារក៏រំភើបជាមួយដែរ។ កញ្ញាបានប្រាប់ថា នៅពេលខាងមុខនេះកញ្ញានឹងសម្រេចចិត្តរៀនជំនាញវិស្វករចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កញ្ញាស្រឡាញ់ជំនាញនេះខ្លាំងណាស់ ព្រោះជំនាញនេះល្អ ហើយជួយអភិវឌ្ឍន៍ប្រទេសជាតិទៀតផង។
យុវសិស្ស សោម ស្រីនិច្ច ជាសិស្សនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស
ចំណែកយុវសិស្ស សោម ស្រីនិច្ច ជាសិស្សនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ដែល ប្រឡងទទួលបាននិទ្ទេស B ដូចគ្នា ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ទោះបីកន្លងមកកញ្ញាចង់បាននិទ្ទេស A ក៏ដោយ។ កញ្ញាថា កញ្ញាបានត្រៀមខ្លួនរួចហើយ គឺនឹងរៀនជំនាញគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រោះកញ្ញាចង់ក្លាយជាអ្នកជំនាញម្នាក់ខាងផ្នែកត្រួតពិនិត្យទៅលើចំណីអាហារ៕
អត្ថបទខ្លីសរសេរដោយ លោក សាត ឌិច សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕