en     km
en     km

សហគមន៍ចាប៉ីអមតៈ រៀបចំយុទ្ធនាការ១ដុល្លារឆ្ពោះទៅកាន់កម្មវិធីតន្ត្រីចាប៉ីភូមិខ្ញុំ

Share

សហគមន៍ចាប៉ីអមតៈដែលនិងរៀបចំយុទ្ធនាការ១ដុល្លា ឬ៤០០០រៀល ឆ្ពោះទៅកាន់កម្មវិធីតន្ត្រីចាប៉ីភូមិខ្ញុំ ឡើងនៅថ្ងៃទី២៩-៣០​ ខែវិច្ចិកា ឆ្នាំ២០២៣ ខាងមុខនេះ បានឲ្យដឹងថា សហគមន៍ចាប៉ីអមតៈ បានសហការរៀចំជាមួយ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មពិធី តន្រ្តីចាប៉ីភូមិខ្ញុំ ២០២៣ ដើម្បីអបអរសារទរខួបលើកទី៧ នៃការដាក់បញ្ជូលចាប៉ីដងវែង ក្នុងបញ្ចីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (កាលថ្ងៃទី៣០ ខែវិច្ចិការ ឆ្នាំ២០១៦)។

លោកពេជ សារ៉ាត​ ប្រធានសហគមន៍ចាប៉ីអមតៈ ដែលដឹកនាំរៀបចំកម្មពិធីយុទ្ធនាការ ១ដុល្លារ ឬ៤០០០រ ឆ្ពោះទៅកាន់កម្មវិធី តន្ត្រីចាប៉ីភូមិខ្ញុំ មានប្រសាសន៍ថា កម្មពិធីនេះធ្វើឡើងដោយជាកម្លាំង ជាចលករ ជាលទ្ធផលនៃអ្វីដែលចាប៉ីដងវែងត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដើម្បីឆ្លើយតបទៅនឹងថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នឹងរៀបចូលមកដល់ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងនាមជាគ្រូផង និងជាប្រធានសហគមន៍ផង​ លោកបានមើលឃើញថា កម្មវិធីនេះគឺ ដើម្បីតបស្នង និងរំលឹកនូវគុណនៃចាប៉ីដងវែងដូនតាប្រឹងថែរក្សាយ៉ាងយូរលង់ណាស់មកហើយ ។

លោកបានបន្តក្នុងសំដីដើមថា៖ «ហើយមកដល់ពេល នេះបានបញ្ជូលក្នុងសម្បត្តិបេតិកកណ្ឌ ក្នុងនាមយើងជាមនុស្សជាតិកើតក្នុងព្រះជាណាចក្រកម្ពុជា ជាកូនខ្មែរថែទាំវប្បធម៌ចឹង អ្នកចាប៉ីដងវែងនឹងក៏បានមូលមតិគ្នា ប្រារព្ធព្រឹត្តិការណ៍អបអរសារទរខួបចាប៉ីដងវែងលើកទី៧នេះឡើង។ មួយវិញទៀត ក្រុមការងារស្នូលនៃក្រុមបង្គោលនៃការរៀបចំនេះ លោកបានខិតខំប្រឹងប្រែងក្នុងការផ្ដួចផ្ដើមគំនិត ហើយក៏មានការគ្រាំទ្រទៅដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។»

លោកប្រធានសហគមន៍ចាប៉ីដងវែងបានបន្ថែមទៀតថា «នៅចំពោះមុខនេះក្រុមការងារមានសិល្បករ សិល្បការិនី មកពីបណ្ដាលខេត្តក្រុង រួមគ្នាបង្កើតព្រឹត្តិការណ៍ទី១ ទី២ ហើយមានធនធានផ្នែកស្ម័គ្រចិត្ត អ្នកស្ម័គ្រនិងសិល្បករសរុបចំនួន១៦២រូបដែលចូលក្នុងដំណើរការកម្មពិធីខាងមុខនេះ។ ទន្ទឹមនឹងព្រឹត្តិការណ៍ដែលមានអ្នកចូលរួមច្រើន លោកក៏លើកឡើងពីក្ដីកង្វល់ផងដែរ។ លោកលើកឡើងក្នុងសម្ដីដើមថា៖ «អ្វីដែលចំពោះមុខយើងមានការព្រួយបារម្ភអំពីអាហារ អំពីអ្វីដែលជាតម្រូវការចំពោះមុខ ជាធនធាន ជាមូនិធិ គឺក៏យើងមានគំនិតផ្ដួចផ្ដើមមួយគឺ ដោយសារយើងមានការខ្វះខាត នៅក្នុងកម្មពិធីនឹង យើងក៏បានបង្កើតយុទ្ធនាការ១ដុល្លារ ដើម្បីព្រឹត្តិការណ៍ ចាប៉ីដងវែងហើយមួយដុល្លានេះ ពិតជាមានអត្ថន័យជ្រាលជ្រៅក្នុងការចូលរួម លើកស្ទួយរបស់ពុកម៉ែបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរយើងដែលស្រលាញ់ ក្នុងនាមខ្ញុំជាអ្នកចាប៉ីដងវែង យើងបានរួមថែរក្សាហើយ ខំប្រឹងប្រែងរៀនហើយ យើងខិតខំសិក្សា ស័្វយសិក្សា សំភីសិក្សា ក្រែបជញ្ជក់ពីលោកគ្រូចាស់ៗ និយាយរួមសុទ្ធតែឆ្លៀតពេលវេលាក្នុងការសិក្សារៀនសូត្រ ដោយសេចក្ដីស្រលាញ់ តស៊ូលះបង់ ដូច្នេះនៅក្នុងនាមយើងខ្ញុំ»។

លោកពេជ សារ៉ាត​ ប្រធានសហគមន៍ចាប៉ីអមតៈ

លោកពេជ សារ៉ាត អំពាវនាវឱ្យ ប្រជាជនខ្មែរចូលរួម ក្នុងយុទ្ធនាការ១ដុល្លាដើម្បីចាប៉ីនេះ ដោយលោកចាត់ទុក ជាការចំណែករួមនៃការស្រលាញ់លើកស្ទួយក្នុងព្រឹត្តិការណ៍ ដោយ ទៅទស្សនាកម្មវិធីព្រឹត្តិការណ៍ចាប៉ីដងវែងនេះ ដោយសេចក្ដីស្រលាញ់និងគោរព។

កម្មពិធីធ្វើឡើងនៅ នៅថ្ងៃទី ២៩-៣០ ខែ វិចិ្ចកា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨ ព្រឹក ដល់ ៧​យប់ ដែលមានទីតាំងនៅសាលាមធ្យមវិចិត្រសិល្បៈ (Secondary School of fine Arts) ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ខសែនសុខ រាជាធានីភ្នំពេញ  ដែលគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្មពិធីចំនួន២ថ្ងៃពេញនេះមានដូចជា សម្ដែងចាប៉ីដងវែង តាំងពិព័រណ៍សៀវភៅ ( ផ្សារណាត់ ) តាំងពិព័រណផលិតផល ការសម្ដែងតន្ត្រី និងសិល្បៈផ្សេងៗ។

យុវត្តីឈ្មោះ ពាយ វិច្ឆិកា ជានិស្សិតសាកលវិទ្យាល័យភូមិន្ទឆ្នាំទី៣ ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ដែលបានចូលរួមការងារស្ម័គ្រចិត្ត នៅក្នុងកម្មបិធីអបអរសាទរខួបទី៧ ចំប៉ីដងវែង ជាពិធីការិនីក្នុងកម្មវិធីពេលខាងមុខនេះ។ វិច្ឆិកា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ដែលក្លាយជាផ្នែកមួយនៃកម្មវិធីនេះ ក្នុងសំដីដើមថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ហើយពិតជាមានអារម្មណ៍រំភើបមែនទែនដែលបានចូលរួមការងារស្ម័គ្រចិត្តមួយនេះ ដោយសារអីការងារស្ម័គ្រចិត្តវាធ្វើអោយខ្ញុំសប្បាយរីករាយក្នុងការចូលរួមធ្វើ ហើយទី១ បានជួយលើកម្ពស់វប្បធម៌របស់ខ្មែរយើង ស្រលាញ់ឧបករណ៍ចាប៉ីដងវែង ហើយនៅមានឧបករណ៍ជាច្រើនទៀតដែលខ្ញុំស្រលាញ់ ហើយកម្មវិធីនេះផងដែលធ្វើឱ្យខ្ញុំស្គាល់កាន់តែច្បាស់អំពីឧបករណ៍ខ្មែរគឺចាប៉ីដងវែង ហើយកាន់តែយល់ពីគុណតម្លៃនៃចាប៉ីដងវែងនឹងការអភិរក្សចាប៉ីដងវែងដើម្បីអោយ យុវជនក៏ដូចជាប្រជាពលរដ្ឋ ក្មេងៗជំនាន់ក្រោយបានយល់ក៏ដូចជាបានស្គាល់នៃចាប៉ីដងវែងនេះគឺជាឧបករណ៍របស់ខ្មែរដែលមានតាំងពីយូលង់ណាស់មកហើយ។»

យុវត្តី ពាយ វិច្ឆិកា ជានិស្សិតសាកលវិទ្យាល័យភូមិន្ទឆ្នាំទី៣ ដេប៉ាដឺម៉ង់អក្សរសាស្រ្តខ្មែរ

ពិធីការិនីរូបនេះបានបញ្ជាក់ថា ថវិកាដែលប្រមូលបានក្នុងព្រឹត្តិការណ៍នេះ នឹងរៀបចំចាត់ចែងមួយចំណែកសម្រាប់ជូនព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែល កំពុងមានជំងឺ នឹង ព្រឹទ្ធាចារ្យសិល្បៈចាប៉ីដងវែងផ្សេងៗទៀត៕

អត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (BBC Media and Action) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)

Share

ព័ត៌មានទាក់ទង

Image