en     km
en     km

ក្រសួងព័ត៌មានមិនអនុញ្ញាឱ្យប្រើបណ្ណសម្គាល់ខ្លួនសារព័ត៌មានចេញដោយអង្គភាពសារព័ត៌មានឡើយ

Share

ក្រសួងព័តមានចាប់ផ្ដើមក្រឹតក្រំលើអ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ខណៈមានអ្នកសារព័ត៌មានជាង៨០០នាក់ បានទៅសុំលុយពីវិស័យឯកជនពេលបំពេញការងារ។ ជាវិធានការទប់ស្កាត់ទង្វើនេះ ក្រសួងព័ត៌មានមិនអនុញ្ញាឱ្យប្រើបណ្ណសម្គាល់ខ្លួនសារព័ត៌មានចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាសថា មិនអនុញ្ញាតឱ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ ដោយការផ្ដល់បណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួង។ ការសម្រេចរបស់ក្រសួងព័ត៌មានបែបនេះធ្វើឡើង ក្រោយពីមានករណីអ្នកសារព័ត៌មានជាង៨០០រូប បានយកអាជីពរបស់ខ្លួនទៅសុំលុយក្រុមហ៊ុនកាស៊ីណូមួយកន្លែងនៅខេត្តតាកែវ។

ក្រសួងបញ្ជាក់ថា ក្រសួងតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវស្នើសុំប្ដូរបណ្ណសម្គាល់ជាថ្មី ដោយក្រសួងនឹងរៀបចំចេញបណ្ណតាមប្រព័ន្ធអនឡាញ ដោយភ្ជាប់ជាមួយ QR Code ដើម្បីបង្ហាញទិន្នន័យអត្តសញ្ញាណបុគ្គលជាអ្នកសារព័ត៌មាន។ ការធ្វើបែបនេះ ក្រសួងថា ដើម្បីជៀសវាងការក្លែងបន្លំបណ្ណសម្គាល់អ្នកសារព័ត៌មាន និងអាចគ្រប់គ្រងទិន្នន័យអ្នកសារព័ត៌មានបានច្បាស់លាស់។

បន្ថែមពីករណីខាងលើ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា បានទុកពេល៣ខែឱ្យអង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងធ្វើអាជីវកម្មខុសច្បាប់ទាំងកាសែត ព្រឹត្តិបត្រ ទស្សនាវដ្ដី គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយអនឡាញ ត្រូវសុំអាជ្ញាបណ្ណអាជីវកម្មជាកំហិត​ ត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ផុតរយៈពេលនេះ ប្រព័ន្ធផ្សព្វផ្សាយណាដែលគ្មានអាជ្ញាបណ្ណនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ជាមួយគ្នាដែរ រដ្ឋមន្ដ្រីក្រសួងព័ត៌មានក្នុងអាណត្តិទី៧នេះ បានឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពអាជីវកម្មរបស់ខ្លួនថា ដំណើរការឬមិនដំណើរការ និងចំនួនបុគ្គលិកក្នុងអង្គភាពរួចផ្ញើទៅកាន់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ជាកំហិតផងដែរ។

មួយវិញទៀត ក្រសួងព័ត៌មានបានឱ្យសមាគមអ្នកសារព័ត៌មាន ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់អនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។ ការលើកឡើងនេះដូចគ្នា នឹងលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA ដែលចង់ឱ្យក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ គួរតែពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដល់អ្នកសារព័ត៌មាន រួមទាំងការផ្ដល់យោបល់បន្ថែមអំពីវិជ្ជាជីវៈមួយនេះ ដើម្បីបង្ការផលប៉ះពាល់ដល់វិស័យសារព័ត៌មាន និងអ្នកសារព័ត៌មានត្រឹមត្រូវ។

គួរជម្រាបថា ការលើកឡើងពីក្រសួង និងលោក ណុប វី បែបនេះ ដោយសារអ្នកសារព័ត៌មានតែជាង៤០នាក់ប៉ុណ្ណោះដែលបានចូលទៅបំភ្លឺនៅក្រសួងព័ត៌មាន ករណីយកលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយម៉ិន ខណៈបញ្ជីឈ្មោះដែលក្រសួងទទួលបានពីក្រុមហ៊ុន មានដល់ទៅជាង៨០០នាក់។

យ៉ាងណាផ្អែកតាមសេចក្ដីប្រកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ក្រសួងបានបញ្ជាក់ថា ជាការក្រើនរម្លឹកលើកចុងក្រោយ ដល់សារព័ត៌មានដែលកំពុងបំពេញភារកិច្ចជាអ្នកសារព័ត៌មាន ត្រូវលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជៀសវាងការគិតប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឱ្យអាប់ឱនដល់សេចក្ដីថ្លៃថ្នូរ​ និងកិត្តិយស។ ករណីនៅតែបំពាន ក្រសួងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕

 

Share

Image
Image
Image