សកម្មជនបរិស្ថាននៃក្រុមមាតាធម្មជាតិបន្ដធ្វើពហិកាមិនប្រើប្រាសផលិតផលទឹកបរិសុទ្ធ វីតាល់ ក្រោយរកឃើញសេចក្ដីសម្រេចមួយទៀតពីរាជរដ្ឋាភិបាលអាណត្តិមុន ប្រគល់ដីឧទ្យានជាតិកែប ទៅកាន់ម្ចាស់ក្រុមហ៊ុននេះគ្រប់គ្រង២៩ហិចតា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិបានបន្ដធ្វើពហិកា មិនប្រើប្រាស់ទឹកបរិសុទ្ធវីតាល់ និងផលិតផលវីតាល់ ក្រោយទទួលបានដំណឹងមួយថា រាជរដ្ឋាភិបាលបានកាត់ផ្ទៃដីឧទ្យានជាតិខេត្តកែបទំហំ២៩ហិចតា ទៅឱ្យម្ចាស់ក្រុមហ៊ុនវីតាល់ គឺលោកស្រី ជឹង សុគន្ធារី កូនស្រីរបស់លោកស្រី ជឹង សុភាពហៅយាយភូ ដែលសកម្មជនបរិស្ថានអះអាងថាធ្លាប់ល្បីរឿងរំលោភយកដីប្រជាពលរដ្ឋ។
លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន អះអាងដូច្នេះលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយទទួលដំណឹងនេះ ដោយលោកចាត់ទុកថាជាដំណឹងដ៏សោកសៅមួយ។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ ក្រុមចលនាមាតាធម្មជាតិបានធ្វើពហិកាម្ដងហើយ មិនប្រើប្រាស់ទឹកបរិសុទ្ធវីតាល់ មីជាតិ និងផលិផលផ្សេងៗនៃក្រុមហ៊ុន វ័ន ម៉រ ពេលបានទទួលបានដំណឹងថា ម្ចាស់ក្រុមហ៊ុននេះទទួលបានដីសម្បទានពីរាជរដ្ឋាភិបាលនៅតំបន់គិរីរម្យជាង២០០ហិចតាកាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ។
ក្រុមចលនាមាតាធម្មជាតិបញ្ជាក់ថា ដរាបណាក្រុមហ៊ុននេះមិនទាន់បានដកសិទ្ធិអភិវឌ្ឍន៍លើធនធានធម្មជាតិក្នុងប្រទេសកម្ពុជាទេ ក្រុមរបស់ខ្លួននៅតែបន្ដធ្វើពហិកាបន្ដទៀត។ ការធ្វើពហិកានេះ មានន័យថា ក្រុមមាតាធម្មជាតិមិនផ្ដល់ចំណូលទៅដល់បុគ្គល ឬក្រុមហ៊ុនណាដែលបំផ្លាញធនធានធម្មជាតិ ជម្រកសត្វព្រៃ នៅក្នុងប្រទេសកម្ពុជាឡើយ។ នេះបើផ្អែកតាមវីដេអូខ្លីប្រមាណជាង៣នាទីពីក្រុមមាតាធម្មជាតិ។
ទន្ទឹមនឹងនេះការធ្វើពហិកាលើកមុន ក្រុមមាតាធម្មជាតិធ្លាប់បានហែញត្តិទៅដាក់នៅក្រសួងបរិស្ថានដើម្បីឱ្យស្ថាប័នមួយនេះពិចារណាដកយកតំបន់ឧទ្យានជាតិទាំងនោះត្រលប់មកវិញ។ តែយ៉ាងណាក្រសួងបរិស្ថានចាត់ទុកទង្វើ ឬសកម្មភាពរបស់ក្រុមមាតាធម្មជាតិ គឺប្រាសចាកឧត្តមប្រយោជន៍នៃសង្គមជាតិ ព្រមទាំងព្រមានដល់អ្នកដែលចូលរួមជាមួយក្រុមនេះថា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រុមមាតាធម្មជាតិ បានផ្សព្វផ្សាយថា រាប់ទាំងដំណឹងដែលត្រូវបានផ្សព្វផ្សាយចុងក្រោយនៅឧទ្យានជាតិកែបនេះ ក្រុមហ៊ុនលោកស្រីជឺង សុគន្ធារី បានទទួលដីសម្បទានពីរាជរដ្ឋាភិបាលអាណត្តិមុន ចំនួន៤កន្លែងមកហើយ ដែលមានទំហំប្រមាណជិត១០០០ហិចតា។ ក្នុងនោះមានផ្ទៃដីដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិគិរីរម្យ ឧទ្យានជាតិកែប និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ តំបន់ទាំងនេះសុទ្ធតែសម្បូរដោយធនធានធម្មជាតិ ដែលត្រូវការពារដោយច្បាប់។
ទោះយ៉ាងណា ក្រោយការផ្សព្វផ្សាយអំពីករណីនេះម្ដងជាពីរដង គេមិនទាន់ឃើញ លោកស្រី ជឹង សុគន្ធារី បង្ហាញប្រតិកម្មយ៉ាងណានៅឡើយទេ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕