en     km
en     km

ហេតុអ្វីយុវជនម្នាក់ក្នុងឯកសណ្ឋានកងរាជអាវុធហត្ថ ច្រៀងរាំបង្ហោះតាមហ្វេសប៊ុក?

Share

ថ្មីៗនេះមានយុវជនម្នាក់បានយកឯកសណ្ឋានកងរាជអាវុធហត្ថមកស្លៀកពាក់ ហើយថតបង្ហោះនៅលើបណ្តាញសង្គម ច្រៀងរាំ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះកងរាជអាវុធហត្ថ។ ក៏ប៉ុន្តែក្នុងករណីនេះអ្នកនាំពាក្យអាវុធហត្ថ បញ្ជាក់ថា បុគ្គលនោះមិនមានឈ្មោះក្នុងក្របខណ្ឌឡើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

វីដេអូឃ្លីបយុវជនម្នាក់ពាក់ឯកសណ្ឋានកងរាជអាវុធហត្ថស័ក្ក២ ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមព្រោងព្រាតក្នុងពេលថ្មីៗនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថាជាអំពើខុសច្បាប់។ យុវជននោះបានបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមដែលមានកាយវិការមិនសមរម្យ តាមរយៈការច្រៀងរាំក្នុងឯកសណ្ឋានមន្ត្រីយោធា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ឃ្លីបវីដេអូយុវជនពាក់ឯកសណ្ឋាន ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គម

ថ្លែងប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីនៅព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលដែលពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម ដែលមានកាយវិការមិនសមរម្យនោះ មិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថនោះឡើយ។

 

ជុំវិញបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានបញ្ជាក់ថា «នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្តាយរបស់បុគ្គលនេះ បានទូរសព្ទមកសុំទោសនិងប្រាប់ខ្ញុំបាទថា កូនរបស់គាត់ស្រលាញ់ការងារកងរាជអាវុធហត្ថខ្លាំងពេក ប៉ុន្តែគាត់គ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់ទេ។ គាត់សុំពេលវេលាពីខ្ញុំបាទ ដើម្បីនាំកូនរបស់គាត់មកសុំទោសផ្ទាល់»។

 «បុគ្គលនោះគាត់អត់មានឈ្មោះនៅក្នុងកងរាជអាវុធហត្ថទេ ហើយទី២គឺម្ដាយរបស់គាត់បានទំនាក់មកខ្ញុំដើម្បីសុំទោស ហើយនឹងសុំ ហើយដើម្បីមកជួបមកអីហ្នឹង ដើម្បីសុំទោស។ ហើយគាត់ក៏បានប្រាប់ថាកូនគាត់មិនបានប្រព្រឹត្តិបទល្មើសអីទេ គ្រាន់តែស្លៀកពាក់ស្រលាញ់តែប៉ុណ្ណឹង។ ចឹងយើងមើលទៅច្បាប់វាពាក់ព័ន្ធហ្នឹងច្បាប់វាមានទោស ក៏ប៉ុន្តែដោយសារយុវជនហើយមិនទាន់ក៏គ្មានបទពិសោធន៍ អញ្ចឹងការស្រលាញ់ ឬមួយក៏អី គាត់មិនទាន់យល់ពីច្បាប់អស់ អញ្ចឹងយើងធ្វើការអប់រំគាត់ទៅ»

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស! ប្រភពរូបភាពពីហ្វេសប៊ុក លោក អេង ហ៊ី

បើទោះបីជាត្រូវបានលើកលែង លោក អេង ហ៊ី ក៏បានបញ្ជាក់បន្ថែមពីច្បាប់ដែលពាក់ព័ន្ធការប្រើប្រាស់ឯកសណ្ឋានខុសច្បាប់ផងដែរថា មាត្រា៦១៦ បទប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀន)។ អំពើប្រើប្រាស់ជាសាធារណៈ ដោយគ្មានសិទ្ធិស្លៀកសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់យានយន្ដនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្ដនគរបាល ឬយោធា ដែលនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតីនៃសាធារណជន។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា តាមរយៈការជួបជជែកជាមួយម្ដាយយុវជនខាងលើ លោកបានអប់រំណែនាំ តាមនីតិវិធីខាងនិងឱ្យលុបចោលនូវវីដេអូដែលបានបង្ហោះនោះផងដែរ ដ្បិតថាយុវជននោះគ្រាន់តែស្លៀកពាក់ឯកសណ្ឋានបង្ហោះ មិនពាក់ព័ន្ធនឹងករណីប្រើប្រាស់ឯកសណ្ឋាន ទៅក្លែងបន្លំ​ក្នុងចេតនាឆបោកនោះឡើយ៕

 

Share

Image
Image
Image