ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ ទទួលបានការគាំទ្រស្ទើរគ្រប់មជ្ឈដ្ឋាន ដ្បិតថាវាសន្សំ និងមិនខ្ជះខ្ជាយពេលវេលា និងថវិកា ពលរដ្ឋដែលជាភាគីជម្លោះ។ ទន្ទឹមនឹងផលវិជ្ជមាន អ្នកជំនាញច្បាប់ និងសង្គមស៊ីវិល ជំរុញឱ្យ មន្ត្រីមូលដ្ឋានដែលជាអ្នកឈរកណ្ដាលដោះស្រាយវិវាទ ត្រូវរក្សាអព្យាក្រត្យភាព និងចៀសវាងអំពើពុករលួយ ទើបទទួលបានការទុកចិត្តពីពលរដ្ឋ។ លោក គីម ចាន់ចាវ រាយការណ៍
រដ្ឋាភិបាលនឹងបង្កើតយន្តការថ្មីមួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយសំដៅដល់ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួល ដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ក្រោមវត្តមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៧ ខែតុលា លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជា«ឧបករណ៍គតិយុត្តិមួយដ៏សំខាន់សម្រាប់ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋ»។
លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ មើលឃើញថាការដោះស្រាយវិវាទក្រៅប្រព័ន្ទតុលាការ ជាករណីចាំបាច់ដែលបណ្ដាប្រទេសនានាបានយកមកប្រើប្រាស់ ដ្បិតថាកាលណាវិវាទត្រូវបានសម្របសម្រួលនឹងធ្វើឱ្យភាគីវិវាទ ងាកមកផ្សះផ្សាររាប់គ្នាក្នុងសហគមន៍ឡើងវិញ។
«វាល្អជាងការសម្រេចដោយតុលាការត្រង់ថា ប្រសិនជាយើងកាត់ក្ដីទៅតុលាការ មួយមានចាញ់មួយមានឈ្នះ អ្នកចាញ់នឹងអន់ចិត្ត ជួនកាលចាញ់ដោយអយុត្តិធម៌ហើយមានការអន់ចិត្ត ដែលអាចធ្វើឱ្យក្នុងសហគមន៍មានការបែកបាក់គ្នា។ តែប្រសិនជាដោយសារក្រៅប្រព័ន្ធតុលាការបាននិយាយថា អ្នកទាំងពីរផ្សះផ្សាគ្នាដោយការចរចា ដូច្នេះដោយការចរចាមានម្នាក់ទម្លាក់តិច ម្នាក់ដំឡើងតិច ដូច្នេះអ្នកទាំងពីរអាចនៅជាមិត្តនឹងគ្នាបាន អាចនៅសហការជាមួយគ្នាបាន ទើបធ្វើឱ្យក្នុងសហគមន៍មនុស្សមិនមានការបែកបាក់គ្នា និង អត់មានការគុំគួនគ្នាទេ។»
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានសាទរនឹងយន្តការថ្មីនេះ ក៏លើកឡើងពីផលល្អដែលការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះជំរុញភាពសះជាក្នុងសហគកមន៍ ផងដែរ ដោយលោកមើលឃើញបន្ថែមពីការចំណេញពេលវេលា និងថវិកា។
«ហើយមិនត្រូវចំណាយថវិកាច្រើន ពេលវេលាច្រើន ហើយវាក៏មិនបង្គើតនូវអរិយភាពរវាងគ្គា និងគ្នា កាលណាប្រសិនបើប្ដឹងផ្ដល់ទៅតុលាការគឹមើលមុខគ្នាអត់ចំទេ ។ តែបើមានការសម្របសម្រួលផ្សះផ្សានៅមូលដ្ធាន គាត់អាចនឹងរស់នៅជាមួយគ្នាបានយ៉ាងសុខដុមរមនាតទៅទៀត។ ប៉ុន្តែប្រសិនបើជារឿនបទល្មើសព្រហ្មទណ្ឌ គឺមិនអាចធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានទេ លើកលែងតែបទលហុ ឬក៏មជ្ឈឹមកម្រិតស្រាលបំផុតដែលអាចនឹងមានការផ្សះផ្សាឬក៏សម្របសម្រួលក្រៅប្រព័ន្ធតុលាការ ប៉ុន្តែបើបទល្មើសព្រហ្មទណ្ឌចាប់ពីបទមជ្ឈឹមឡើងទៅ គឺមិនអាចធ្វើការផ្សះផ្សាបានទេ។»
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ
ចំណែកលោក ជិន ម៉ាលីន មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកយន្តការថ្មីនេះ ជម្រើសបន្ថែមសម្រាប់ពលរដ្ឋដែលជាភាគីវិវាទ និងជាការបំពេញបន្ថែមនូវយន្តការដែលមានស្រាប់ ដែលពលរដ្ឋភាគីវិវាទអាចជ្រើសយកការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះ ដោយមិនមានការបង្ខំឡើយ។
«ទិសដៅដែលសម្រុកទៅគឺវិវាទនៅមូលដ្ធាននៅតាមសហគមន៍ ហើយគោលបំណងគឺដូចឯកឧត្តមឧបបានថ្លែង នៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ធមន្ត្រី កាលពីថ្ងៃទី២៧ ហើយមានផ្សាយផ្ទាល់ជាសាធារណៈផងនៅក្នុងគោលបំណងទីមួយគឺ ដើម្បីបង្កើតនូវជម្រើសនានាសម្រាប់ប្រជាពលរដ្ធ។ យន្តការណ៍នេះមិនមែនចាប់បង្ខំប្រជាពលរដ្ធត្រូវតែទទួលយកនោះទេ គឺថាប្រជាពលរដ្ធអាចជ្រើសរើសយកយន្តការណ៍សម្របសម្រួលក៏បាន ឬក៏ប្រើប្រាស់នូវយន្តការណ៍បន្ថែមក៏បាន ឬ តាមយន្តការណ៍តុលាការក៏បាន។»
លោក ជិន ម៉ាលីន មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ អះអាងថាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះ នឹងជួយសម្រួលឬកាត់បន្ថយបញ្ហាសំណុំរឿងកកស្ទះនៅតុលាការ ខណៈដែលធនធានតុលាការ នៅមានកម្រិតនៅឡើយទាំងធនធានមនុស្ស សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ទោះយ៉ាងណា លោកមេធាវី សុក សំអឿន រំពឹងថាដើម្បីការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការអាចដំណើរការ ឬទទួលបានការទុកចិត្តពីពលរដ្ឋជាភាគីជម្លោះ លុះត្រាតែ មន្ត្រីមូលដ្ឋានដែលជាអាជ្ញាកណ្ដាលក្នុងការផ្សះផ្សានេះត្រូវតែជាមនុស្សអព្យាក្រឹត្រ និងមិនលម្អៀងទៅភាគីណាម្ខាង។
«មនុស្សយល់ថាការផ្សះផ្សាគ្នាមានអ្នកផ្សះផ្សាអព្យាក្រឹតអាចទទួលយកបាន បើមនុស្សនាំគ្នាគិតចឹង មនុស្សទាំងនោះនឹងមិនទៅតុលាការទេ ប៉ុន្តែបើគេយល់ថាការផ្សះផ្សាមិនមានប្រយោជន៍អ្វីទេ និងនាំឱ្យខាតពេល ដោយភាគីម្ខាងចេះតែលំអៀងទៅខាងអ្នកធំ លំអៀងទៅអ្នកមានលុយដដែលៗ និងគ្រាន់តែបន្លាយពេលចឹង តើចាំបាច់ផ្សះផ្សាគ្នាក្រៅធ្វើអ្វី ទៅតុលាការតែម្ដងទៅព្រោះតុលាការមាននិតិវិធី និងពេលវេលាច្បាស់លាស់ជាងនៅក្រៅប្រព័ន្ធតុលាការ និងភាគីម្ខាងទៀតចេះតែបំពានរហូតចឹង។»
លោកមេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ
ដោយឡែកលោក អំ សំអាត យល់ថា ដើម្បីឱ្យការដោះស្រាយវិវាទក្រៅប្រព័ន្ធដំណើរការដោយរលូន គឺត្រូវពង្រឹងសមត្ថភាពជំនាញរបស់មន្ត្រីមូលដ្ឋានដែលជាអ្នកសម្របសម្រួលដោះស្រាយវិវាទ ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត និងចៀសវាងអំពើពុករលួយ។
«ខាងមន្ត្រីដែលអនុវត្តនៅក្នុការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះត្រូវមានចំណេះដឹង និងជំនាញដែលត្រូវតទួលការបណ្ដុះបណ្ដាល ទីមួយឈរលើទស្សនតម្លាភាព យុត្តិធម៌ ហើយនិងច្បាប់ដើម្បីធ្វើការសម្របសម្រួល និងធ្វើការផ្សះផ្សាដោយគ្មានការចាប់បង្ខំទេ ទីពីរយើងឃើញថាការដែលទទួលការដោះស្រាយវិវាទក្រៅប្រព័ន្ធក្នុងតុលាការនេះគឺឈរលើគោលការណ៍ការស្ម័គ្រចិត្តរបស់ភាគី ហើយទីបី គឺត្រូវតែលុបបំបាត់កុំឱ្យមានអំពើរពុករលួយ និងភាពមិនប្រក្រតីក្នុងការដោះស្រាយ ដែលអាចធ្វើអោយមានជំនឿទុកចិត្តបាន កាលណាមានជំនឿទុកចិត្តពីប្រជាពលរដ្ធ នោះដំណើររឿងការដោះស្រាយ និងការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនេះនឹងងាចមានប្រសិទ្ធភាពនៅមូលដ្ឋាន។»
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ រៀបចំបញ្ជូនសេចក្តីព្រាង «ព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ដាក់ថ្វាយជូនព្រះមហាក្សត្រ ដើម្បីពិនិត្យ និងឡាយព្រះហត្ថលេខា ដោយចាត់ទុកជាការប្រញាប់ កាលពីក្នុងកិច្ចប្រជុំនៅថ្ងៃទី២៧ ខែតុលា។ លោក ជិន ម៉ាលី បានឱ្យដឹងថា អាជ្ញាធរដែលដាក់ចេញនូវយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានត្រៀមផែនការប្រតិបត្តិការ និងផែនការអនុវត្តយុទ្ធនាការនេះរួចរាល់ ដោយរង់ចាំតែព្រះរាជក្រឹត្យតែប៉ុណ្ណោះ ពោលគឺផែនការបានរៀចចំរួចរាល់រង់ចាំតែកិច្ចដំណើរការ៕