en     km
en     km

២០ឆ្នាំនៃការចូលជាសម្បត្តិវប្បធម៌អរូបិយ កម្ពុជារឭកដល់នាដការបាំព្រះរាជទ្រព្យគ្រប់រូប

Share

នៅឆ្នាំ២០២៣នេះ គឺជាខួប២០ឆ្នាំនៃការដាក់បញ្ជូលរបាំព្រះរាជទ្រព្យជាសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ តាមរយៈខួបនេះដែរ វិទ្យុស្ត្រីសូមលើកពីព្រះគុណបំណាចដល់នាដការបាំគ្រប់រូបដែលបានចំណាយពេលវេលានៃជិវិត បង្ហាត់បង្រៀនសិស្សរបាំ និងនាំរបាំក្បាច់បុរាណខ្មែរដល់ឆាកអន្ដរជាតិ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរយៈពេល២០ឆ្នាំហើយ ដែលសម្បត្តិវប្បធម៌អរូបិយ របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ បានចូលជាបេតិកភណ្ឌនៃមនុស្សជាតិពិភពលោក។ សកលទទួលស្គាល់របាំដែលមានភាពទន់ភ្លន់ ល្វត់ល្វន់ អមដោយអ្នករាំទ្រង់គ្រឿងភ្លឺផ្លេកៗនេះ តាំងពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ថាជាកម្មសិទ្ធិផ្ដាច់មុខរបស់កម្ពុជា នាទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី។

ជាការរម្លឹកព្រះគុណ និងគុណបំណាច់ដល់នាដកាគ្រប់រូប ដែលបានខិតខំការពារនូវសិល្បៈអរូបមួយនេះ ឱ្យមានជីវិតរស់រានដល់សព្វថ្ងៃ ក្រោយកម្ពុជាធ្លាក់ក្នុងរបបខ្មែរក្រហមដែលស្ទើបាត់បង់ទាំងស្រុងនូវសិល្បៈ វិទ្យុស្ដ្រីសូមលើកយកស្នាព្រះហស្ថ/ ស្នាដៃរបស់នាដកាមួយចំនួនដែលបានចំណាយពេលវេលានៃជីវិតលើរបាំក្បាច់បុរាណនេះ។

នាដកាដំបូងដែលជាខ្សែរាជវង្ស គឺសម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ សម្ដេចជាព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ ហើយសម្ដេចជានាដកាឯកនៃប្រទេសកម្ពុជាដែលមានគោរមងារ ជាទេពនាដវដ្ដីឯក។  ព្រះអង្គមានស្នាព្រះហស្តធំៗដូចជា ទ្រង់បានធ្វើឱ្យរស់ឡើងវិញនូវរបាំព្រះរាជទ្រព្យ ក្រោយសម័យខ្មែរក្រហម និងបានដឹកនាំក្រុមរបាំបុរាណ ដង្ហែអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ យាងទៅសម្តែងក្នុងដំណើរព្រះរាជទសន្សកិច្ចទៅកាន់ក្រៅប្រទេស និងសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិជាច្រើន។

ស្នាព្រះហស្តដ៏សំខាន់មួយទៀតរបស់សម្ដេចព្រះរៀម គឺការបញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូដែលមាននៅថ្ងៃនេះ។ សម្តេចរាជបុត្រី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់។ សម្ដេចព្រះរៀមបានចូលព្រះទិវង្គត់កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា។

នាដកាមួយរូបទៀត គឺព្រឹទ្ធាចារ្យ ឯម ធាយ។ ព្រឹទ្ធាចារ្យ ជានាដការបាំព្រះរាជទ្រព្យដែលមានគោលរមងារជា ទេវនាដនិម្មិត។ ព្រឹទ្ធាចារ្យ បានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ក៏ដូចជាខំបង្រៀនរបាំបុរាណ ទៅដល់ក្មេងជំនាន់ក្រោយ មុនលាចាកពីលោកមួយនេះកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១។ ព្រឹទ្ធាចារ្យបានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ថ្ងៃចូលនិវត្តន៍។ ព្រឹទ្ធាចារ្យធ្លាប់ចូលរួមសម្ដែងរបាំក្បាច់បុរាណខ្មែរ ក្នុងរាជព្រះករុណា ព្រះបាទ សម្ដេច នរោត្តម សុរាម្រិត។ ក្នុងរបាំបុរាណខ្មែរ ព្រឹទ្ធាចារ្យអាចសម្ដែងជាតួនាង តួនាយរោង  ក្បាច់ប្លែង និងតួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង។ ការបាត់បង់ព្រឹទ្ធាចារ្យវរៈសិស្បការិនីនៃរបាំព្រះរាជទ្រព្យ គឺជាការបាត់បង់មត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ ។

សាស្ដ្រាចារ្យ ម៉ិញ កុសនី ដែលទើបទទួលមរណភាពកាលពីខែកក្កដា ឆ្នាំ២០២៣ ក៏ជានាដការបាំព្រះរាជទ្រព្យមួយរូបផងដែរ នៅក្នុងព្រះបរមរាជវាំង។ លោកស្រីសាស្ដ្រាចារ្យជារដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានជំនាញច្បាស់លាស់ខាងរបាំព្រះរាជទ្រព្យ និងធ្លាប់សម្ដែងថ្វាយសម្ដេចយាយ។

យ៉ាងណានៅថ្ងៃអបអរសាទរខួប២០ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្រសួងវប្បធម៌ បានលើកឡើងថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប៕

 

Share

Image
Image
Image