en     km
en     km

ក្រសួងប្រកាសថានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ដោយមានផ្គររន្ទះ និងខ្យល់កន្ត្រាក់

Share

ចាប់ពី​ថ្ងៃនេះ​ ដល់​ថ្ងៃ​ទី​ ១៦​ កម្ពុជា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តាម​តំបន់​មួយ​ចំនួន​

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី០៧ ខែវិច្ឆិកានេះថា ខេត្តមួយចំនួននៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ រួមទាំងនៅរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ 

តាមសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅថ្ងៃទី០៧ ខែវិច្ឆិកា នៅតំបន់វាលទំនាប មានខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ដែលអាចនាំឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្តប់លើផ្ទៃដីពី១០ភាគរយទៅ៣០ភាគរយ។ 

ចំណែកតំបន់ខ្ពង់រាបមានខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ដែលអាចនាំឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលើខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី១០ភាគរយទៅ២០ភាគរយ។

សម្រាប់ តំបន់មាត់សមុទ្រវិញ នឹងមានខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ដែលអាចនាំឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០ភាគរយទៅ៣០ភាគរយ។ ចំណែកឯ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយខ្យល់បក់មកពីទិសខាងត្បូង និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕

Share

Image
Image
Image