en     km
en     km

បុរសដែលវាយសត្វឈ្លូសងើបចេញពីទឹក នៅកោះកុងត្រូវបានចាប់ខ្លួន

Share

មុខសញ្ញាសង្ស័យ បុរសម្នាក់ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ ជនសង្ស័យនេះ អាយុ២៣ឆ្នាំ មានមុខរបរ សន្តិសុខ និងមានស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកា។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលបានជំរុញឱ្យមានការតាមចាប់ខ្លួននេះ អះអាងតាមបណ្ដាញសង្គមថា៖«នាងខ្ញុំសូមកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី»។

តាមរយៈការលើកឡើងរបស់លោកស្រីអភិបាលខេត្តនេះមានអ្នកចូលខមិនគាំទ្រចំពោះចំណាត់ការបន្ត និងមានមួយចំនួនទៀតស្នើឱ្យអាជ្ញាធរគួរអប់រំណែនាំ គាត់អំពីកំហុសឆ្គងនេះ ក្រោមហេតផលថាជនសង្ស័យត្រូវមានកាតព្វកិច្ចប្រកបរបរផ្គត់ផ្គង់គ្រួសារ។

វីដេអូឃ្លីបមួយ ដែលបានបង្ហោះនិងចែកចាយពាសពេញបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែតុលា សត្វឈ្លូលមួយក្បាល កំពុងហែលទឹកសមុទ្រនៅក្នុងឆ្នេរកុកហាវ ស្រាប់តែមានបុរសម្នាក់កាន់ដំបងឈើមួយដើម ស្ទុះទៅវាយសំពងក្បាល ៣ដំបង បណ្ដាលឱ្យងាប់ភ្លាមៗតែម្ដង។ ករណីនេះ មានសាធារណជនជាច្រើន មិនពេញចិត្តនោះទេ ដោយចាត់ទុកថា វាជាអំពើព្រៃផ្សៃបំផុត ដែលមនុស្សធ្វើដាក់សត្វព្រៃស្លូតត្រង់។ អភិបាលខេត្តកោះកុងចាត់ទុកករណីនេះជា អំពើមិនគប្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត ដែលធ្វើឱ្យលោកស្រី ប្រកាសផ្ដល់ប្រាក់៤លានរៀន ចំពោះអ្នកដែលអាចផ្ដល់អត្តសញ្ញាណជនសង្ស័យ។

ក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ថា បើទោះបីមានវត្តមានច្រើននៅកម្ពុជា ប៉ុន្តែ សត្វឈ្លូស (Red muntjac) កំពុងប្រឈមនឹងរងគ្រោះថ្នាក់ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។

ឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។ សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី៕

Share

Image
Image
Image