en     km
en     km

គណបក្សកាន់អំណាច​ចងសម្ព័ន្ធ ជាមួយគណបក្ស២៧ផ្សេងទៀត​ជាផ្លូវការ

Share

ដូចការគ្រោងទុកគណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​ជាមួយ​បណ្ដា​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២៧​ផ្សេង​ទៀត​ជា​ផ្លូវការ​ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៣។ លោក គីម ចាន់ចាវ រាយការណ៍

 

ការចុះហត្ថលេខា​សម្ព័ន្ធភាពគណបក្សនយោបាយនេះ មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥​រូប និង​តំណាង​គណបក្ស​នយោបាយ​ចំនួន​២៧​ផ្សេងទៀត ដែល​ធ្វើឡើងនៅ​ទីស្នាក់ការ​កណ្ដា​លគណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​ ​​គណបក្ស​ទាំង​២៨​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ពន្លឺ​ថ្មី គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​ក្រោក គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​រស្មី​ខេមរា គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​យុវជន​កម្ពុជា គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​ខ្មែរ​តែមួយ គណបក្ស​ឯកភាព​ជាតិ​ខ្មែរ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ គណបក្ស​កសិករ គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី គណបក្ស​បំណង​ពលរដ្ឋ គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ គណបក្ស​នគរ​ប្រជាធិបតេយ្យ គណបក្ស​អំណាច​ប្រជាពលរដ្ឋ គណបក្ស​ខ្មែរ​អង្គរ គណបក្ស​កម្ពុជា​សេរី​ឯករាជ្យ​ប្រជាធិបតេយ្យ គណបក្ស​ម៉ូលីណាកា គណបក្ស​ចលនា​ប្រជាធិបតេយ្យ គណបក្ស​អភិវឌ្ឍន៍​កម្ពុជា និង​ គណបក្ស​មហានគរ​។​

ទិដ្ឋភាពពិធីចុះហត្ថលេខា​សម្ព័ន្ធភាពគណបក្សនយោបាយនេះទាំង២៨ (រូបភាពពីហ្វេសប៊ុកស)

​បើ​តាម​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​រវាង​គ​ណ​បក្ស​ទាំង​២៨​ ចំណងសម្ព័ន្ធភាពនេះ​ ធ្វើឡើង ដើម្បី​ជំរុញ​ការអនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​ស្នេហា​ជាតិ ចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សម្ដៅ​ធានា​ឱ្យ​ភាពសុខសាន្ត និង​ការអភិវឌ្ឍ​ប្រទេស​រយៈពេល​យូរអង្វែង​។

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​នេះដែរ សម្ដេច​ ហ៊ុន សែន ក្នុងនាមប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បកស្រាយថា ចំណងសម្ព័ន្ធនេះគណបក្ស​ប្រជាជន​កម្ពុជា មិន​ចាត់ទុក​គណបក្ស​ទាំង​២៧​ផ្សេងទៀត ជា​គណបក្ស​ចំណុះឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ហើយ​គណបក្ស​ទាំងអស់​ក៏​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​គណបក្ស​ណាមួយ​ឡើយ​។

សម្តេច ហ៊ុន សែន  ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីចុះហត្ថលេខា​សម្ព័ន្ធភាពគណបក្សនយោបាយ(រូបភាពពីហ្វេសប៊ុកស)

ការណ៍ដែលបណ្ដាគណបក្សមួយចំនួននាំគ្នាចងសម្ព័ន្ធជាមួយគណបក្សកាន់អំណាចនេះ ធ្វើឡើង២សប្តាហ៍ក្រោយពេលដែល គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៤ដែលមាននិន្នាការប្រជែងជាមួយគណបក្សកាន់អំណាចបានចងសម្ព័ន្ធភាពនឹងគ្នាដែលពួកគេហៅថា ​«សម្ព័ន្ធភាពឆ្ពោះ ទៅអនាគត» ។ គណបក្សចំនួន៤នោះ រួមមាន គណបក្សភ្លើងទៀន តំណាងដោយលោក សុក ហាច គណបក្សឆន្ទៈខ្មែរ តំណាងដោយលោក ផល ស៊ីថន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន តំណាងដោយលោក យ៉េង វីរៈ និងគណបក្សកែទម្រង់កម្ពុជា របស់លោកប៉ុល ហំម។ តំណាងគណបក្សទាំង៤អះអាងថា​ មានតែការបង្រួបបង្រួមកម្លាំងនយោបាយប្រជាធិបតេយ្យពិតប្រាកដ ទើបអាចជាចលករមួយក្នុងការចូលរួមពង្រឹង និងលើកស្ទួយប្រកបដោយប្រសិទ្ធភាពនូវការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ហាច តំណាងគណបក្សភ្លើងទៀន ក្នុងសន្និសីទកាសែត ប្រកាស «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»

ទន្ទឹមនឹងសម្ព័ន្ធភាព លោក សុក ហាច តំណាងឱ្យគណបក្សភ្លើងទៀន បានអំពាវនាវដល់អ្នកកាន់អំណាចផ្ដល់លទ្ធភាពដល់ក្រុមគណបក្សខ្លួនមានទីតាំងសម្រាប់ប្រជែងការបោះឆ្នោតផងដែរ ខណៈគណបក្សបក្សប្រឆាំងមួយនេះមិនត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ថ្មីៗនេះឡើយ ដោយគ.ជ.ប អះអាងថាគណបក្សនេះមិនមានច្បាប់ដើមនៃការចុះបញ្ជីគណបក្សនយោបាយ៕

 

 

Share

ព័ត៌មានទាក់ទង

Image