en     km
en     km

កម្ពុជាប្រាប់អន្តរជាតិពីការប្តេជ្ញាចិត្ត ការពារសត្វផ្សោតទន្លេមេគង្គ

Share

រូបភាពសត្វផ្សោតទន្លេមេគង្គ ប្រភពពីរដ្ឋបាលខេត្តក្រចេះ

 

គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការWWFកម្ពុជា ក៏បានបង្ហាញពីសមិទ្ធផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេស​វិទ្យាសាស្រ្ត និងការប្តេជ្ញាចិត្តក្នុងការអភិរក្សសត្វផ្សោតទឹកសាបក្នុងប្រទេស ក្នុងកិច្ចប្រជុំជាអន្តរជាតិ នៅប្រទេសកូឡុំប៊ី។ លោក គីម ចាន់ចាវ រាយការណ៍

 

វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទកភាពនៃវត្តមានផ្សោតទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិស្តីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ នេះបើសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងកសិកម្ម និងអង្គការWWFចេញផ្សាយថ្ងៃទី២៤ ខែតុលានេះ។

ភ្ជាប់ជាមួយគ្នានេះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា «នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡុំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជាក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្រ្តក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេស វិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិនានា រួមគ្នាដើម្បីធានាចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ»។

ចំណែកអ្នកនាង មាស សុខសោភា តារាចម្រៀងល្បីឈ្មោះមួយរូបនៅកម្ពុជា បានលើកឡើងថា «ខ្ញុំមានមោទនភាពណាស់ដែលបានច្រៀង និងបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពី សត្វផ្សោតទន្លេមេគង្គដែលត្រូវបានចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិត។ នេះគឺជាមោទនភាពមួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង»។

រូបភាពសត្វផ្សោតទន្លេមេគង្គ ប្រភពពី អង្គការWWF

 

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កម្ររស់នៅក្នុងទន្លេ(មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែលនៅមានវត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវាក្នុងការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ។

លោក សេង ទៀក នាយកអង្គការWWF បានថ្លែងថា «ការចូលរួមពីគ្រប់ភាគីទាំងអស់គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅក្នុងការប្រជុំអន្តរជាតិនេះ មានការប្តេជ្ញារួមគ្នាការពារសត្វផ្សោតទឹកសាបក្នុងពិភពលោក។ កម្ពុជាបានកៀរគរការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជា អ្នកនាង សោភា អ្នកបច្ចេកទេស វិទ្យាសាស្រ្តពីរាជរដ្ឋាភិបាល ដោយធ្វើការក្នុងភាពជាដៃគូយ៉ាងល្អជាមួយអង្គការWWF បង្ហាញពីសុឆន្ទៈរួមដ៏សំខាន់ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ការរស់រាននៃសត្វផ្សោតទន្លេមេគង្គ»។

សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) ជាសត្វផ្សោត ១ ប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាប តែប្រភេទគង់ដែលមានរស់នៅក្នុងភពផែនដីយើងនោះ។ សត្វផ្សោតប្រភេទនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រសួជា «ប្រភេទសត្វសត្វ ជិតផុតពូជ» ដោយអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN)។ បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គ មានវត្តមាននៅអាស៊ី ខាងត្បូង និងអាស៊ីរកក្ខយ៍ ក្នុងប្រព័ន្ធចំនួន ប៉ុណ្ណោះ រួមមាន ដង្ហ (កម្ពុជា) ទន្លេអាយ៉ែយ៉ារវ៉ាឌី (ប្រទេសមីយ៉ាន់មា និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)។

ផ្សោតទន្លេមេគង្គ ជានិមិត្តរូបដ៏អស្ចារ្យមួយរបស់ទន្លេមេគង្គ។ កាលពីអតីតកាល គេប្រទះឃើញមានវត្តមានពួកវា រស់នៅតាមដងទន្លេចាប់ ពីព្រំដែនកម្ពុជា-ឡាវ ចុះតាមទន្លេមេគង្គរហូតដល់តំបន់ដីសណ្តក្នុងប្រទេសវៀតណាម និងទន្លេសាបផងដែរ៕

 

Share

Image
Image
Image