នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ហ្វេសបុកផេកឈ្មោះ Solo ផេកឈ្មោះ Kann Chansophal និងផេកមួយចំនួនទៀត បានបង្ហោះរូបភាព និងខ្លះទៀតបានយកវីដេអូ ស្ត្រីម្នាក់ដែលមានឈាមប្រឡាក់ខ្លួនមកបង្ហោះ។ ក្រោយការបង្ហោះឡើងវិញនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ទុក ជាការបំពុលសង្គម ដោយប្រាប់ឲ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់។ លោក គីម ចាន់ចាវ រាយការណ៍
ដោយមិនបញ្ជាក់ពីកាលបរិច្ឆេទ ផេកឈ្មោះ Kann Chansophal សរសេរថា ប៉ូលីសចរាចរណ៍ខណ្ឌ ៧មករា ខឹងហៅ អ្នកជិះម៉ូតូអត់ពាក់មួកមិនឈប់ ជ្រុលដៃគប់១អាយកូម រយះក្បាលឆឹល ! ជនដៃដល់ ជិះម៉តូគេចខ្លួនបាត់ ជនរងគ្រោះបែកក្បាល អង្គុយយំទ្រហឹងអើងកង មុខអ្នកព័ត៍មាន។
រាស្ត្រ និង រដ្ឋ ម៉េចក៏ដល់ថ្នាក់ហ្នឹង ! រាជការបានប្រាក់ខែ ពីរាស្ត្របង់ពន្ធចិញ្ចឹម ទៅវិញទៅមកទាំងអស់គ្នា ! មនោសញ្ចតនា រវាងប្រជាជាតិតែមួយតែងតែមាន លើកលែងតែយើងទើបចេញពីព្រៃ បានរឿង បន្តិចបន្តួចបង្ករជាហឹង្សា យោគយល់គ្នាមិនបាននោះ ។ ផេកហ្វេកប៊ុកដដែលនេះបន្តថា
«ជនដៃដល់ ត្រូវទទួលទោស! ជនរងគ្រោះ ក៏ត្រូវផាកពិន័យ ទៅតាមច្បាប់ចរាចរណ៍ផងដែរ ជិះម៉ូូតូ មិនពាក់មួកសុវត្ថិភាព ។ នេះជាសារមួយសំខាន់ផងដែរ ទៅកាន់សុភាពនារី ដែលជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាព ខ្លាចខូចសក់ តែត្រូវរយៈក្បាល តើយក១ណា?»
ដោយឡែកផេកហ្វេសប៊ុកឈ្មោះ Solo និងផេកឈ្មោះ LEANG TRAVEL បានសរសេរសារដូចគ្នាថា «ជួយចែករំលែកផងបងប្អូន!! សា-ហាវណាស់ ស្រីស្អាតជិះម៉ូតូអត់មួយប៉ូលិសវ៉ៃ បែកក្បាល ចាប់សម្រួលធម្មតាទៅថី»។
ក្រោយឃើញការបង្ហោះទាំងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ផេកហ្វេសប៊ុកខាងលើយកព័ត៌មានចាស់ដែលកើតឡើងតាំង២០២១ មកធ្វើផុសឡើងវិញនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ករណីនេះក៏ត្រូវបានដោះស្រាយបញ្ចប់រឿងរួចហើយផងដែរ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ទុកថាការយករូបភាពចាស់មកផុសឡើងវិញបែបនេះគឺមានបំណងចង់បំពុលសង្គម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ ដោយព្រមានថាបើពុំដូច្នោះទេសមត្ថកិច្ចនគរបាលនិងចាត់វិធានការតាមច្បាប់។
ការប្រកាសរបស់ស្នងការនគរបាលរាជធានីភ្នំពេញ
បើទោះពីហេតុការណ៍ចាស់ ប៉ុន្តែករណីនគរបាល ប្រើហិង្សាដោយយកអាយកូមរវាយ ទៅស្រ្តីរូបនោះ គឺកើតឡើងពិតក្នុងខណ្ឌ៧មករា កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ តាមរយៈវីដេអូ ដែលត្រូវថតបាន គេឃើញស្រ្តីរងគ្រោះនោះ ជិះម៉ូតូពីក្រោយ ដោយមានម្នាក់ទៀត ជាអ្នកបើក ហើយអ្នកបើកនោះ ក៏មិនពាក់មួកដែរ។ ដោយឃើញ ម៉ូតូនោះ មិនព្រមឈប់ នគរបាលចរាចរណ៍ លើកយកអាយកូមវាយ ហើយត្រូវចំស្រ្តីដែលជិះខាងក្រោយ រហូតបណ្តាលឲ្យបែកក្បាលហូរឈាម។
ចំពោះករណីនេះ កាលនោះ លោក ឆាយ គឹមខឿន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានអះអាងថា នគរបាលចរាចរណ៍ ដែលប្រើហិង្សានោះត្រូវបានចាប់ខ្លួន ហើយត្រូវតែទទួលរងពិន័យកងកម្លាំង ដែលប្រឈមនឹងការដកតំណែង ឬបណ្ដេញចេញពីអង្គភាព។ ក៏ប៉ុន្តែបើតាមសារព័ត៌មានCNC បានចុះផ្សាយថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់ លោក ម៉ាត់ ពិសី អាយុ៣០ឆ្នាំ មានឋាននន្ទរស័ក្តអនុសេនីយ៍ទោ បម្រើការងារនៅផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឱ្យទៅអង្គភាពវិញហើយ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយមិនមានការដាក់ទោសទណ្ឌ ឬឃុំខ្លួនដាក់ពន្ធគារនោះទេ ក្រោយបើកការស៊ើបសួរអស់រយៈពេលមួយ២ ថ្ងៃរួចមក។ មន្ត្រីនគរបាលរូបនោះ ត្រូវរងការដាក់ពិន័យកងកម្លាំងចំនួនមួយខែនៅក្នុងអង្គភាព ដោយមិនអនុញ្ញាតឱ្យចេញទៅណាមកណា ដោយគ្មានបទបញ្ជានោះទេ៕