en     km
en     km

អ្នកជំនាញលើកយកបញ្ហាប្រឈមរបស់កម្មករ-កសិករ ខណៈពិភពលោកមានភាពតានតឹង

Share

អ្នកជំនាញដែលធ្វើការជាមួយកម្មករ និងកសិករបានលើកយកបញ្ហាប្រឈមនានារបស់កម្មករ និងកសិករទៅជជែករកដំណោះស្រាយ ក្រោយពេលប្រជាពលរដ្ឋភាគច្រើនបានផុងចូលក្នុងបំណុល ខណៈពិភពលោកមានភាពតានតឹងភូមិសាស្រ្តនយោបាយ និងសង្គ្រាម។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ អ្នកជំនាញនៃសង្គមស៊ីវិល សហជីព មណ្ឌលព័ត៌មានកម្មករ អ្នកជំនាញកសិកម្ម និងទីប្រឹក្សាឯករាជ្យ បានលើកយកបញ្ហាប្រឈមនានា របស់កម្មករ កសិករ មកជជែកគ្នាក្នុងសន្និសិទសាធារណៈ ស្ដីពីវិបត្តិពីគំរូសេដ្ឋកិច្ច ភាពតានតឹងភូមិសាស្ដ្រនយោបាយ និងសង្គ្រាមមកលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជា។

អ្នកជំនាញក្នុងការទាមទារសិទ្ធិជូនកម្មករ លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានលើកឡើងក្នុងសន្និសិទថា ក្នុងរូបភាពកម្មករដែលត្រូវបានដំឡើងប្រាក់ខែរាល់ឆ្នាំកន្លងមក កម្មករបានបាត់បង់ប្រយោជន៍យ៉ាងច្រើនទៅវិញ។ លោកស្រីបញ្ជាក់ថា កម្មករបាត់បង់ថ្ងៃឈប់សម្រាក៤-៥ថ្ងៃ ក្នុងមួយឆ្នាំដែលរដ្ឋកាត់ចោល និងមិនបានឈប់សងនូវថ្ងៃសម្រាក ដែលប៉ះចំថ្ងៃសៅរ៍ឬអាទិត្យ ធ្វើឱ្យខាតចំណូលក្រៅម៉ោងរបស់កម្មករ។

លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា

ក្រៅពីនេះ រឿងស្ដ្រីកម្មករទៅពិនិត្យផ្ទៃពោះដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យថវិកា៨ម៉ឺនរៀលក្នុងការពិនិត្យម្ដង ក៏មានបញ្ហាផងដែរ។ លោកស្រីប្រធានសម្ព័ន្ធសហជីពកម្ពុជា អះអាងថា ស្ដ្រីកម្មករមិនអាចទទួលបានលុយឧបត្ថម្ភនោះទេ បើកម្មករទៅពិនិត្យនៅពេទ្យដៃគូជាមួយប.ស.ស ទាល់តែទៅពេទ្យរដ្ឋទើបអាចទទួលបានថវិកានោះបាន។ លោកស្រី យ៉ាង សោភ័ណ្ឌ ចោទសួរថា តើពេទ្យរដ្ឋមានប៉ុន្មានដែលអាចធានាកម្លាំងពលកម្មកម្មកររាប់ម៉ឺននាក់បាន?

ទាក់ទងរឿងនេះដែរ កញ្ញា សុត ផង បុគ្គិលមណ្ឌលព័ត៌មានកម្មករ បានលើកឡើងថា ស្ថានភាពកម្មករនៅតែប្រឈមក្នុងការរស់នៅកន្លែងដែលមានផាសុខភាពមិនល្អ បរិយាកាសគ្មានសុវត្ថិភាព ហើយបើកម្មករជាស្ដ្រីវិញ គឺរងការបៀតបៀន និងអំពើហិង្សាជាដើម។ ជាងនេះទឹកដែលកម្មករប្រើប្រាស់ថ្លៃជាងរដ្ឋកំណត់ និងផ្ទះជួលឡើងថ្លៃលើសលុយដែលកម្មករត្រូវដំឡើង។ កត្តាទាំងនេះនាំឱ្យចំណូលកម្មករទាបជាងការចំណាយ ដែលអាចឈានទៅដល់ការជំពាក់បំណុល។

ញ្ញា សុត ផង បុគ្គិលមណ្ឌលព័ត៌មានកម្មករ

ងាកទៅកាន់បញ្ហាកសិករវិញ លោក ជា សុភ័ក្ដិ ជាកសិករខ្នាតតូច និងជាបុគ្គលិកបច្ចេកទេសពីបណ្ដាញពហុវិស័យនៃអង្គការសកម្មភាពប្រជាជនដើម្បីអភិវឌ្ឍបានលើកឡើងដែរថា ប្រជាកសិករមានបញ្ហាប្រឈមជាច្រើនដូចគ្នា។ លោកបញ្ជាក់ថាបញ្ហារបស់អ្នកផលិតស្បៀងខ្នាតតូច គឺមានដីទំហំតូច និងខូចរិចរិល ដីមានទំនាស់ដោះស្រាយមិនចេញ ប្រជាកសិករចាញ់បោកអ្នកធ្វើការខាងអចលទ្រព្យ ខ្វះប្រព័ន្ធធារាសាស្ដ្រ និងកត្តាធម្មជាតិផងដែរ។ ជាពិសេសបើកសិករធ្វើកសិកម្មទំនើបទៀតត្រូវចំណាយច្រើន តែទិន្នផលលក់បានក្នុងតម្លៃថោក ដែលនាំឱ្យកសិករធ្លាក់ក្នុងបំណុលផងដែរ។

លោក ជា សុភ័ក្ដិ ជាកសិករខ្នាតតូច និងជាបុគ្គលិកបច្ចេកទេសពីបណ្ដាញពហុវិស័យនៃអង្គការសកម្មភាពប្រជាជនដើម្បីអភិវឌ្ឍ

ដោយឡែកលោក អៀង វុទ្ធី នាយកអង្គការសមធម៌កម្ពុជា បានលើកឡើងដែរថា ក្រោយវិបត្តិកូវីដ១៩ ជីវភាពប្រជាពលរដ្ឋបានថយចុះ ដែលអ្នកជំពាក់បំណុលជាកម្មករ និងកសិករ រួមទាំងប្រជាពលរដ្ឋទូទៅគិត រហូតដល់ឆ្នាំ២០២៣នេះ មានបំណុលមីក្រូហិរញ្ញវត្ថុដល់ទៅជាង១៦ពាន់លានដុល្លា។ ក្នុងនោះមានការរំលោភបំពានផ្នែកហិរញ្ញាវត្ថុផងដែរ។ ជាដំណោះស្រាយលោក អៀង វុទ្ធីថា អង្គការសមធម៌កម្ពុជា បានផ្សព្វផ្សាយរបាយការណ៍បំណុល និងអំពាវនាវឱ្យរដ្ឋាភិបាលអន្ដរាគមន៍លើបញ្ហានេះដែរ។

លោក អៀង វុទ្ធី នាយកអង្គការសមធម៌កម្ពុជា

ទាក់ទិនរឿងនេះលោក ឱក សេរីសោភ័ក្ដិ ទីប្រឹក្សាឯករាជ្យ និង​ជា​អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច​បានបញ្ជាក់អង្គពិធីសន្និសិទសាធារណៈថា លោកហាក់មើលមិនឃើញពីដំណោះស្រាយនោះទេ លើបញ្ហាបំណុលរបស់កម្មករ និងកសិករនេះ។ តែលោកថា ទាល់តែប្រជាពលរដ្ឋរួមគ្នាប្រើជាសំឡេងមួយដើម្បីស្នើរទៅកាន់រាជរដ្ឋាភិបាល ទើបអាចមានពន្លឺចេញបាន។

លោក ឱក សេរីសោភ័ក្ដិ ទីប្រឹក្សាឯករាជ្យ និង​ជា​អ្នក​ជំនាញ​ខាង​អភិបាល​កិច្ច​

យ៉ាងណា លោកក៏បានស្នើឱ្យសង្គមស៊ីវិលធ្វើការឱ្យជិតស្និតជាមួយរាជរដ្ឋាភិបាលផងដែរ ដើម្បីមានយន្ដការប្រមូលយកបញ្ហាធ្វើការដោះសា្រយ។ លើសពីនេះលោកចង់ឱ្យស្ថានប័នរដ្ឋធ្វើការឆ្លើយតបសំណើររបស់ប្រជាពលរដ្ឋផងដែរ ពីអ្វីដែលជាកង្វល់ថាបានដោះស្រាយដល់ដំណាក់កាលណាហើយ៕

Share

ព័ត៌មានទាក់ទង

Image