en     km
en     km

ក្រុមចលនាមាតាធម្មជាតិថា ងាររបស់រដ្ឋមន្ដ្រីសំខាន់ជាងបញ្ហាប្រជាពលរដ្ឋ ទើបក្រសួងយុត្តិធម៌មិនទទួលញត្តិរបស់ខ្លួន

Share

នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមចលនាមាតាធម្មជាតិ មានគ្នាប្រមាណជាង១០នាក់ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បាននាំគ្នាដើរហែញត្តិក្រោមដំណក់ទឹកភ្លៀងពីម្ដុំវត្តភ្នំ ទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីឱ្យស្ថាប័នមួយនេះ រកយុត្តិធម៌ជូនក្រុមខ្លួន ដោយពួកគេអះអាងថា ខ្លួនមិនមានសេរីភាពក្នុងការធ្វើដំណើរទៅក្រៅប្រទេស ដោយសារតុលាការក្រុងភ្នំពេញមិនអនុញ្ញាតសម្រាប់ពួកគេ ក្រោមហេតុផលអ្នកទាំង៣ស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។

សកម្មជនបរិស្ថាន៣រូបនោះ រួមមានលោកថុន រដ្ឋា កញ្ញ ភួន កែវ រស្មី និងកញ្ញា ឡុង គន្ធា។ ពួកគេបានពាក់ច្រវាក់ជាប់ដៃ និងជើង ដើរសំដៅទៅកាន់ក្រសួងយុត្តិ តែមកដល់ក្បែរព្រះបរមរាជវាំង អាជ្ញាធរធ្វើការសាកសួរអំពីដំណើរនេះ។ ក្រោយប្រាប់ពីដំណើរដើមទងជាមួយ អាជ្ញាធររួចរាល់ លោក ថុន រដ្ឋា បានលើកឡើងថា លោកសង្ឃឹមថា លោក កើត រិទ្ធិ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នឹងជួយអន្តរាគមន៍ដើម្បីឱ្យក្រុមរបស់លោកអាចទៅទទួលពានរង្វាន់  Right livelihoods នៅប្រទេសស៊ុអែតបានដោយផ្ទាល់។

គួរជម្រាបថា ក្រុមចលនាមាតាធម្មជាតិ បានឈ្នះពានរង្វាន់  Right Livelihoods ពីស្ថាប័នអន្តរជាតិ livelihoods កាលពីពេលថ្មីៗនេះ។ ស្ថាប័នមួយនេះ បានចេញលិខិតឱ្យតំណាងក្រុមចលនាមាតាធម្មជាតិ3រូបទៅទទួលពានរង្វាន់នៅប្រទេសស៊ុយអែត។ តែពួកគេទាំង3នាក់នោះ នៅមានទោសជាប់ខ្លួន ពីបទរួមគំនិតក្បត់ និងអាចជាប់ពន្ធធនាគារដល់ទៅ១០ឆ្នាំ។

យ៉ាងណាដើម្បីចេញទៅក្រៅប្រទេសបាន ពួកគេត្រូវធ្វើលិខិតស្នើសុំពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសិន តែត្រូវបាន លោក ច្រឹង ខ្មៅ ជាព្រះរាជអាជ្ញាចារលើលិខិតនោះ កាលពីថ្ងៃទី០២ ខែតុលាថា គ្មានការចាំបាច់ និងមិនអនុញ្ញាតឱ្យចេញក្រៅប្រទេសនោះទេ។ ហេតុនេះនៅរសៀលថ្ងៃទី០៦ខែតុលានេះ ទើបក្រុមចលនាមាតាធម្មជាតិ នាំគ្នាហែញត្តិទាំងភ្លៀងមកកាន់ក្រសួងយុត្តធម៌។

ទោះជាយ៉ាងណា ការចំណាយពេលក្រោមដំណក់ទឹកភ្លៀង និងដើរតម្រង់មកកាន់ក្រសួងយុត្តិធម៌ បានធ្វើឱ្យយុវជនទាំងជាង១០នាក់នោះខកចិត្តយ៉ាងខ្លាំង ដោយសារក្រសួងមិនទទួលយកញត្តិនោះឡើយ។ ផ្អែកតាមសម្ដីសកម្មជន២រូប ដែលយកញត្តិទៅដាក់នៅរដ្ឋបាលនៃក្រសួងយុត្តិធម៌ បានលើកឡើងថា ការមិនទទួលដោយសាររដ្ឋបាលនៃក្រសួងយុត្តិធម៌អះអាងថាញត្តិនោះ មិនបានបំពេញគោរមងារលោករដ្ឋមន្ដ្រី កើត រិទ្ធិ ត្រឹមត្រូវ។ គួរបញ្ជាក់ថា ញត្តិដែលក្រុមចលនាមាតាធម្មជាតិសរសេរនោះដាក់ត្រឹម ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ងារ ឬឋានៈរបស់លោកគឺជាឧបនាយករដ្ឋមន្ដ្រី។ លើបញ្ហានេះក្រុមចលនាមាតាធម្មជាតិបានទាញការសន្និដ្ឋានថា ងាររបស់រដ្ឋមន្ដ្រី សំខាន់ជាងបញ្ហារបស់ប្រជាពលរដ្ឋ។

តែបែបនេះក្ដី ក្រុមចលនាមាតាធម្មជាតិថា ពួកគេនឹងទៅកែគោរម្យងារនេះឡើងវិញ រួចយកមកដាក់សារម្ដងទៀត ដើម្បីឱ្យក្រសួងយុត្តិធម៌អន្តរាគមន៍ក្នុងរឿងនេះ៕ឍ

Share

ព័ត៌មានទាក់ទង

Image