en     km
en     km

ក្រោយស្ដាប់បញ្ហាប្រឈមពីស្រ្តីអ្នកសារព័ត៌មាន សមត្ថកិច្ចខេត្តប្តេជ្ញាផ្តល់ដំណោះស្រាយ និងផ្ដល់សុវត្ថិភាព

Share

ភ្នំពេញ៖ សមត្ថកិច្ចខេត្តកណ្ដាលបានឆ្លើយតបទៅលើបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានស្រ្តី​ និងផ្តល់ដំណោះស្រាយនានា ក្រោយពីក្រុមសង្គមស៊ីវិលស្រ្តីដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងនៅបញ្ហាជាច្រើនរបស់អ្នកសារព័ត៌មានស្រ្តីអំឡុងពេលដែលពួកគេបំពេញកាតព្វកិច្ចក្នុងវិស័យនេះ។ ការជជែកវែកញែកនិងរកដំណោះស្រាយនេះ ធ្វើឡើងក្នុងសិក្ខាសាលាលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តី ដើម្បីអភិវឌ្ឍកិច្ចប្រតិបត្តិការយោគយល់គ្នារវាងមន្ត្រីអនុវត្តច្បាប់កម្ពុជាជាមួយអ្នកសារព័ត៌មានស្ត្រី និងដើម្បីពង្រឹងតួនាទីអ្នកសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ កាលថ្ងៃទី ០៤ ខែតុលា​ ឆ្នាំ ២០២៣ នៅឯទីក្រុងតាខ្មៅ ខេត្តកណ្តាល។

(កញ្ញាទាវ ឧស្សា ជូននូវសេចក្តីរាយការណ៍)

 

ការណ៍ដែលសមត្ថកិច្ចបានឆ្លើយតបនេះ ដោយកន្លងមកអ្នកសារព័ត៌មានស្រ្តីតែងតែជួបបញ្ហាប្រឈមនានាអំឡុងពេលបំពេញកាតព្វកិច្ចរបស់ខ្លួន​ ទាំងការបៀតបៀនដោយផ្ទាល់ តាមប្រព័ន្ធឌីជីថល និងការគំរាមកំហែងនានាពីសំណាក់អាជ្ញាធរ ហើយប្រធានបទនេះត្រូវបានលើកយកមកវែកញែកពិភាក្សារកដំណោះស្រាយ។ អ្នកស្រី ហង្ស សម្ឆស្ស ប្រធានសារព័ត៌មានស្រ្តីកម្ពុជា (CFJ) បានបង្ហាញឱ្យដឹងថា អ្នកសារព័ត៌មានស្រ្តីតែងតែ​​​មានបញ្ហាប្រឈមទាំងផ្លូវកាយផ្លូវចិត្ត ពីអាជ្ញាធរអំឡុងពេលបំពេញការងារលើបញ្ហារសើបនៅក្នុងសង្គម និងទទួលរងការបៀតបៀនផ្សេងៗ។  

«ទាក់ទងនឹងបញ្ហារសើបផ្សេងៗដូចរឿងបរិស្ថានធនធានធម្មជាតិ អំពើពុករលួយ ឬរឿងទាក់ទងដីធ្លី ទំនាស់ដីធ្លី គាត់ប្រឈមនឹងការរឹតត្បិតក្នុងទៅការសម្ភាសន៍ ទៅយកព័ត៌មាន ពេលខ្លះត្រូវបានអាជ្ញាធរដកហូតសម្ភារៈ ឧបករណ៍ថតសំឡេងគាត់ ឬក៏ថតរូបថតសំឡេងបានហើយអាជ្ញាធរសុំឱ្យគាត់លុបរូបលុបវីឌីអូចេញវិញ ឬពេលខ្លះមានដល់ការនាំសាកសួរ ធ្វើកំណត់ហេតុចុះហត្ថលេខា​ទៀត មួយទៀតទាក់ទងនឹងការបំពេញការងារនឹងដែរ គឺពួកគាត់រងការបំពានផ្សេងៗ ​​ មានការប្រទុសកេរ្តិ៍ខ្មាស់ប៉ុន្តែជាក់ស្តែងគឺជាការបៀតបៀនតាមផ្លូវភេទ ឬការបំពានលើរាងកាយ ឬការគំរាមគំហែង និងសំឡត់ពីខាងអាជ្ញាធរក៏ធ្លាប់មាន។» 

អ្នកស្រី ហង្ស សម្ឆស្ស (ខាងឆ្វេងដៃ) ប្រធានសារព័ត៌មានស្រ្តីកម្ពុជា (CFJ) 

ការស្ទាប ឬ ប៉ះពាល់ដល់កេរ្តិ៍ភេទ ឬ កេរ្តិ៍ខ្មាសផ្សេងទៀត ដោយមិនមានការយល់ព្រមពីសាម៉ីខ្លួន គឺជាអំពើប្រទូស្តកេរខ្មាស តាមមាត្រា ២៤៦ នឹងអាចមានទោសជាប់ពន្ធនគារពី ១ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ ទៅ ៦លានរៀល។

អ្នកស្រី ឆន សុគន្ធា  នាយិកាប្រត្តិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានឱ្យដឹងផងដែរថានៅក្នុងសម័យឌីជីថលនេះ អ្នកសារព័ត៌មានស្រ្តីតែងតែទទួលរងការបៀតបៀនតាមប្រព័ន្ធ​​អនឡាញផងដែរ។

«ពាក់ព័ន្ធនឹងរឿងឌីជីថល អាបៀ​​​តបៀនតាមឌីជីថលបៀតបៀនមិច ចឹងយើងមើលឃើញហើយថាការបៀតបៀនតាមរយៈឌីជីថលដូចជាការប្រើប្រាស់​​ពាក្យសំដីនៅលើបណ្តាញសង្គម របៀបជាការមាក់ងាយ ឬការប្រៀបធៀបអ្នកសារព័ត៌មានស្រ្តីនឹងទៅសត្វឬទៅអីផ្សេងៗ ​ដែលអាណ្ហឹងហើយក៏ជាការបៀតបៀនដែរ ប៉ុន្តែជាការបៀតបៀនតាមរូបភាពថ្មីមួយហៅថា​ការបៀតបៀនតាមរយៈអនឡាញ។»

អ្នកស្រី ឆន សុគន្ធា  (ខាងស្តាំដៃ) នាយិកាប្រត្តិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

ដោយយោងទៅតាមក្រុមសង្គមស៊ីវិលស្រ្តីដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងនូវបញ្ហាទាំងនេះ ក្រុមមន្រ្តីនគរបាលឆ្លើយតបនិងបេ្តជ្ញាគាំពារអ្នកសារព័ត៌មានស្រ្តី។ ក្នុងនោះ លោកវីរសេនីយ៍ទោ លន ចាន់ថា អធិការរងនគរបាលស្រុកស្អាង តំណាងក្រុមមន្រ្តីអាជ្ញាធរនៃស្នងការដ្ឋាននគរបា​​លខេត្តកណ្តាលបានបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលមានលើអ្នកសារព័ត៌មានស្រ្តី ក្រុមមន្រ្តីអាជ្ញាធរបានអះអាងថានឹងផ្តល់សុវត្ថិភាព និងភាពងាយស្រួលដល់អ្នកសារព័ត៌មាន ក៏ដូចជាផ្តល់ព័ត៌មានពីហេតុការណ៍ដែលអ្នកសារព័ត៌មានចង់បាន​​។ ​

«ដើម្បីជួយសម្រួលដល់អ្នកកាសែតក្នុងការទទួលបានព័ត៌មានទី១ ជូនដំណឹងទៅគាត់ពីហេតុការណ៍ដែលបានកើតឡើង ទី២ប្រាប់មុខសញ្ញាដែលគាត់ត្រូវសម្ភាសន៍នៅពេលយកព័ត៌មាន ទី៣ ប្រាប់បញ្ហាប្រឈមនៅតំបន់នោះដើម្បីឱ្យគាត់ដឹងនិងការពារខ្លួន និងជជែកពិភាក្សាជាមួយគាត់តើគាត់ត្រវការអ្វីពីយើងជាសមត្ថកិច្ច បើអាចយើងមានកម្លាំងយើងជូន​ពួកគាត់ដល់កន្លែងកើតហេតុទៀត។ ជាពិសេសអ្នកសារព័ត៌មានស្រ្តី​​ ផ្តល់ភាពងាយស្រួលនិងការពារសុវត្ថិភាពគាត់ ផ្តល់ភាពងាយស្រួលដល់ពួកគាត់នឹងសំណូមពររបស់គាត់ដែលចង់បាន និងគោរពសិទ្ធិគាត់ជាស្រ្តីភេទ សរុបមកសមត្ថកិច្ចដាច់ខាតត្រូ​វតែការពារអ្នកយកព័ត៌មាន ជាស្រ្តី​ដ៏ដូចជាពលរដ្ឋដែរ។​​ »

លោកវីរសេនីយ៍ទោ លន ចាន់ថា អធិការរងនគរបាលស្រុកស្អាងខេត្តកណ្តាល

ជាមួយគ្នានេះដែរ កញ្ញាវីរសេនីយ៍ត្រី ណាត ច័ន្ទវត្តី​ នាយរងការិយាល័យប្រឆាំងជួញដូរមនុស្ស និងការពារនិតិជននៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអះអាងថាប្រាប់វិទ្យុស្រ្តីថា ការលើកកម្ពស់នូវសិទ្ធិស្រ្តីក្នុងការចូលរួមក្នុងវិស័យព័ត៌មានពិតជាចាំបាច់ណាស់ក្នុងប្រទេសលទ្ធិប្រជាធិតេយ្យ​​​។​

«វាជាការចាំបាច់ណាស់សម្រាប់ប្រទេសយើងដែលជាប្រទេសប្រកាន់របបប្រជាធិបតេយ្យដែលត្រូវតែគោរពសិទ្ធិមនុស្ស​ ហើយជាពិសេសការលើកកម្ពស់នូវសិទ្ធស្រ្តីក្នុងការចូលរួមក្នុងវិស័យព័ត៌មានមួយនេះ ។ នាងខ្ញុំក៏រីករាយផងដែរ នៅពេលមានដៃគូពាក់ព័ន្ធជាច្រើនបានចូលរួមលើកកម្ពស់វិស័យសារ​​ព័ត៌មាន ជាមួយនឹងកិច្ចសហការណ៍ជាមួយនគរបាលនៅក្នុងថ្ងៃនេះផងដែរ។»

កញ្ញាវីរសេនីយ៍ត្រី ណាត ច័ន្ទវត្តី​ នាយរងការិយាល័យប្រឆាំងជួញដូរមនុស្ស និងការពារនិតិជននៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល

ការសិក្សារបស់អង្គការយូណេស្កូ ដែលបានសិក្សាជាមួយអ្នកសារព័ត៌មានជាសកល ក្នុងនោះមានអ្នកសារព័ត៌មានកម្ពុជាផងដែរ បានបង្ហាញថា ៧៣% នៃបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយស្ត្រីបានជួបប្រទះអំពើហិង្សាលើអ៊ីនធឺណេត និង អំពើហិង្សាផ្អែកលើយេនឌឺ ដែលពាក់ព័ន្ធនឹងការមាក់ងាយ ការនិយាយអំពីផ្លូវភេទ ការបោកប្រាស់ ហិង្សារាងកាយ ការរំលោភ និងឃាតកម្ម។

ក្នុងឱកាសនេះផងដែរ លោកស្រី ហង្ស សម្ឆស្ស សំណូមដល់អាជ្ញាធរពាក់ព័ន្ធ នគរបាលមានសមត្ថកិច្ច ក្រសួងនានា យល់ដឹងតួនាទីរបស់អ្នកសារព័ត៌មាន ព្រមទាំងមានយន្តការណាមួយដែលអាចឱ្យស្រ្តីដែលទទួលរងការបៀតបៀនទទួលបានការអន្តគមន៍ភ្លាម។

«គួរតែមានយន្តការណ៍មួយ ឧទាហរណ៍ថាបើសិនជាមានករណីរំលោភបំពានកើតឡើង ឬមានការបៀតបៀនផ្សេងៗ មានយន្តការមួយដែលអាចឱ្យអ្នកសារព័ត៌មានជាស្រ្តីគាត់អាចរាយការណ៍ឬក៏អាចសុំជំនួយបាន គន្លងមកនៅពេលអ្នកសារព័ត៌មានរងការបំពានផ្សេងៗគាត់អត់ដឹងថាត្រូវធ្វើមិច ហើយខ្ញុំធ្លាប់បានលឺប្រសាសន៍របស់មន្រ្តីខាងក្រសួងព័ត៌មានដែរ គាត់លើកឡើងថាបើសិនស្រ្តីរងការបំពានឱ្យគាត់ដាក់ពាក្យ ចឹងចម្លើយគឺមិនមែនត្រូវធ្វើចឹងទេ បានន័យថាមានការព្រឹត្តិការអ្វីត្រូវតែប្តឹងមែន គាត់ត្រូវកសាងសំណុំរឿងនិតិវិធី ​យើងអត់ចង់បានចឹងទេ ចង់ថានៅពេលមានអ្វីមួយកើតឡើងមានយន្តការណាមួយដែលស្រ្តីគាត់អាចសរសេរ អាចរាយការណ៍ទៅមានចំណាត់ការទទួលអន្តរាគមន៍ ហើយមានការណែនាំសម្របសម្រួលដោះស្រាយបាមភ្លាមៗ​»

ឆ្លើយតបនឹងបញ្ហានេះ កញ្ញាវីរសេនីយ៍ត្រី ណាត ច័ន្ទវត្តី បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងនាមជាមន្រ្តីនគរបាលនិងជាស្រ្តីម្នាក់ថា កញ្ញានឹងចូលរួមលើកកម្ពស់វិស័យសារព័ត៌មាន និងជាពិសេសអ្នកសារព័ត៌មានជាស្រ្តី។ មួយវិញទៀត កញ្ញានឹងជួយពាំនាំនិងផ្សព្វផ្សាយដល់មន្រ្តីនគរបាលផ្សេងទៀតដើម្បីចូលរួមផ្តល់សុខសុវត្ថិភាពដល់អ្នកសារព័ត៌មាន។

សំឡេង៖«ចាស ក្នុងនាមជាមន្រ្តីនគរបាលម្នាក់ ហើយក្នុងនាមជាស្រ្តីផងដែរ​ នាងខ្ញុំពិតជាមានចំណាប់អារម្មណ៍ចូលរួមក្នុងការ​លើកកម្ពស់វិស័យសារព័ត៌មាន ពិសេសមានទំនាក់ទំនងកិច្ចសហការល្អជាមួយអ្នកសាព័ត៌មានស្រ្តី។ ​ជាមួយគ្នានេះ ទាក់ទងជាមួយនឹងការប្រាជ្ញាចិត្តក្នុងការជួយលើកកម្ពស់នេះគឺទីមួយគឺការសម្រួលនូវការយកព័ត៌មានរបស់គាត់​​ ​នៅពេលដែលគាត់ចូលយកព័ត៌មានខាងយើងខ្ញុំនឹងសហការរីករាយផ្ដល់នូវអ្វីដែលពួកយើងបានដឹងហើយក៏ប្រាប់នៅពីបញ្ហាប្រឈមនានាដែលអាចកើតមាននៅពេលដែលគាត់ទៅយកព័ត៌មាននៅកន្លែងនោះផងដែរ ​​នៅពេលដែលខ្ញុំបានចូលរួមនៅក្នុងថ្ងៃនេះហើយខ្ញុំនឹងពាំនាំអ្វីដែលខ្ញុំបានដឹងដើម្បីរាយការណ៍ថ្នាក់លើ ជាបឋមគឺការរាយការណ៍ហ្នឹងឯង ហើយបន្ទាប់ពីការរាយការហើយខ្ញុំមានផ្សព្វផ្សាយដល់មន្ត្រីនគរបាលដទៃទៀត ជាពិសេសតាមស្រុកពីព្រោះថាខេត្តកណ្តាលយើងមានដល់១៣ស្រុកក្រុង ​​​ចឹងយើងនឹងជួយផ្សព្វផ្សាយបន្តដើម្បីឱ្យខាងនគរបាលរបស់យើងចូលរួមធ្វើយ៉ាងណាផ្តល់នូវសុខសុវត្ថិភាពដល់អ្ន​​កសារព័ត៌មានជាពិសេសគាត់ដែលជាស្រ្តីផងដែរ។​»

សូមបញ្ជាក់ថា សិក្ខាសាលា​​លើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តី ដើម្បីអភិវឌ្ឍកិច្ចប្រតិបត្តិការយោគយល់គ្នារវាងមន្ត្រីអនុវត្តច្បាប់កម្ពុជាជាមួយអ្នកសារព័ត៌មានស្ត្រី និងដើម្បីពង្រឹងតួនាទីអ្នកសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យនេះ រៀបចំផ្តួចផ្តើមឡើងដោយអង្គការមណ្ឌលព័ត៌មានស្តី្រកម្ពុជា (WMC) សហការណ៍ជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានការគាំទ្រពីអង្គការយូណេស្កូ ដោយបានមើលឃើញពីបញ្ហាប្រឈមរបស់អ្នកកាសែតស្រ្តីក្នុងវិស័យសារព័ត៌មាន ដែលតែងតែជួបប្រទះនូវការវាយប្រហារដោយផ្ទាល់ តាមប្រព័ន្ធអ៊ីនធឺណេត និងទទួលរងការគំរាមគំហែងជាដើម។

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា

ទន្ទឹមនឹងការដេញដោយខាងលើនេះ លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសដែលមានអ្នកសារព័ត៌មានមានសេរីភាព ប្រទេសនោះនឹងគ្មានការសម្លាប់រង្គាល ប្រជាពលរដ្ធមិនមានភាពអត់ឃ្លាន និងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយរាជរដ្ធាភិបាលអាចសម្រចបានល្អក្នុងការធ្វើនយោបាយអភិវឌ្ឍប្រទេសជាតិ។ អ្នកស្រីបញ្ជាក់ថាសិក្ខាសាលានេះរៀបចំឡើងដើម្បីពង្រឹងសិទ្ធិសេរីភាពព័ត៌មានស្របតាមរដ្ធធម្មនុញ្ញ​​​នៃប្រទេសកម្ពុជា ​​​​និងបង្កើតសុវត្ថិភាពអ្នកសារព័ត៌មានស្រ្តីដែលកំពុងតែជួបប្រទះបញ្ហានានា ​ហើយក៏ដើម្បីយល់ដឹងបន្ថែមពីតួនាទីមន្ត្រីនគរបាល ក្នុងការការពារអ្នកកាសែតជាស្រ្តី៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង