សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រោមការដឹកនាំដោយលោកស្រី អ៊ុក ឆាយាវី បានធ្វើញត្តិមួយស្នើសុំទៅកាន់ស្ថាប័នរដ្ឋ មានក្រសួងអប់រំ ខុទ្ទការល័យនាយករដ្ឋមន្ដ្រី និងមន្ទីររដ្ឋសភា នាទិវាគ្រូបង្រៀន៥ តុលា ឆ្នាំ២០២៣នេះ។ ក្នុងញត្តិនោះបានស្នើឱ្យមានដំណោះស្រាយលើបញ្ហាជាច្រើន។ លោក ឡាក់ ច័ន្ទតារា ជូននូវសសេចក្ដីរាយការណ៍៖
ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យហែញត្តិទៅកាន់ស្ថានប័នរាជរដ្ឋាភិបាលមួយចំនួនដូចជា ក្រសួងអប់រំ យុវជន និងកីឡា ខុទ្ទការល័យនាយករដ្ឋមន្ដ្រី និងមន្ទីររដ្ឋសភា តែសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែរៀបចំកម្មវិធីអបអរទិវាគ្រូបង្រៀន៥តុលា នៅទីលានប្រជាធិបតេយ្យ និងធ្វើការហែញត្តិក្នុងបរិវេណនោះ។
ក្នុងការដង្ហែរហែញត្តិ១ជុំបរិវេណទីលានប្រជាធិបតេយ្យនាខណ្ឌឫស្សីកែវនោះ គេសង្កេតឃើញមានការចូលរួមពី ប្រធានសសមាគគ្រូបង្រៀនកម្ពុជា គណបក្សនយោបាយ សង្គមស៊ីវិល ក្រុមស្ដ្រីថ្ងៃសុក្រ ក្រុមកូដករណាហ្គាវើលដ៍ លោកគ្រូ អ្នកគ្រូ ទាំងនៅរាជធានីភ្នំពេញ មកពីខេត្តកណ្ដាល ព្រៃវែង ពោធិ៍សាត់ និងបណ្ដាខេត្តផ្សេងៗទៀត។ លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថា គោលបំណងដែលរៀបចំកម្មវិធីនៅថ្ងៃនេះ ដើម្បីស្នើទៅកាន់រាជរដ្ឋាភិបាល និងក្រសួងអប់រំឱ្យគិតគូរប្រាក់ខែគ្រូបង្រៀនឱ្យបាន១/៤នៃប្រាក់ខែតំណាងរាស្ដ្រ ដែលលោកស្រីអះអាងថា ជាការលើកទឹកចិត្តដល់ការបង្រៀនរបស់គ្រូៗ។
ក្រៅពីនេះ នៅមានចំណុចជាច្រើនទៀត ដែលសមាគមលើកឡើងដូចជា ស្នើសុំកែលម្អប្រព័ន្ធអប់រំឱ្យស្របតាមច្បាប់កំណត់ឡើងវិញ និងបញ្ឈប់ការតម្រូវឱ្យសិស្សានុសិស្សបង់ថ្លៃសាលាជំនាន់ថ្មី និងសាលាគោលលដៅ។ បន្ថែមពីនេះ ស្នើសុំដំឡើងអត្ថប្រយោជន៍ប្រាក់ឧបត្ថម្ភផ្សេងៗរបស់គ្រូ ស្នើសុំបញ្ចុះតម្លៃប្រេងឥន្ធនៈមកត្រឹម៤០០០រៀលកក្នុងមួយលីត្រ និងទំនិញលើទីផ្សារចុះមកត្រឹមតម្លៃមួយសមរម្យ។ ក្រៅពីនេះដែរ ស្នើឱ្យលុបបំបាត់អំពើពុករលួយក្នុងប្រព័ន្ធអប់រំ បញ្ឈប់ការរើសអើងជាមួយសមាគម និងផ្ដល់សិទ្ធិសេរីភាពឱ្យគ្រូបង្រៀនបង្កើតសហជីព ព្រមទាំងផ្ដល់ក្របខណ្ឌឱ្យគ្រូបង្រៀន១១នាក់ និងគ្រូមួយចំនួនឡើងវិញ។ ចំណែកវិស័យក្រៅពីនេះដូចជាហិរញ្ញវត្ថុ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើឱ្យរាជដ្ឋាភិបាលពន្យាពេល២ឆ្នាំឱ្យពលរដ្ឋសងប្រាក់ដល់ធនាគារ និងដោះលែងអ្នកទោសនយោបាយដូចជា ផ្ដល់នីតិសសម្បទាដល់លោក រ៉ុង ឈុន ដោះលែងកញ្ញា សេង ច័ន្ទធារី កញ្ញា ឈឹម ស៊ីថរ រួមទាំងអ្នកជាប់ឃុំមនសិការឱ្យមានសេរីភាពឡើងវិញ។ និងចំណុចុងក្រោយ ស្នើឱ្យរាជរដ្ឋាភិបាលផ្ដល់ដំណោះស្រាយដោយយុត្តិធម៌ដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។ នេះបើយោងតាមញត្តិសមាគមគ្រូបង្រៀន។
ត្រង់ចំណុចចុងក្រោយនេះ កូដករមកពីក្រុមហ៊ុន ណាហ្គាវើលដ៍ បានឡើងទៅស្នើសុំឱ្យរាជរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយទាំងអស់ដែរ ជាពិសេសមេសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា គ្រូបង្រៀនក៏ជាផ្នែកមួយក្នុងច្បាប់សហជីព តែច្បាប់ស្ដីពីសហជីព រាជរដ្ឋាភិបាលមិនបានដាក់គ្រូបង្រៀនមានសិទ្ធិបង្កើតសហជីពទេ។ យ៉ាងណាលោកថា រាជរដ្ឋាភិបាលទើបតែអនុញ្ញាតឱ្យមានការបង្កើតសមាគមសម្រាប់គ្រូបង្រៀន និងមន្ដ្រីរាជការជជែកគ្នាដេញដោលរកដំណោះស្រាយបញ្ហាទូទៅ តែគ្មានសិទ្ធិចរចារ គឺខុសពីអនុសញ្ញាខាងILO។ លោកបានស្នើឱ្យរាជរដ្ឋាភិបាលគិតគូរពីច្បាប់នេះផងដែរ។
ដោយឡែក លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលបានមកចូលរួមក្នុងកម្មវិធីនាព្រឹកមិញនេះ ក៏បានស្នើទៅកាន់រាជរដ្ឋាភិបាលថ្មីនូវចំណុចជាច្រើនដូចមានចែងក្នុងញត្តិដែរ តែលោកក៏ចង់ឃើញ១០០ថ្ងៃនៃការកាន់អំណាចរបស់រាជរដ្ឋាភិបាលថ្មីសម្រេចបានអ្វីខ្លះដូចគ្នា ខណៈប្រទេសថៃរាជរដ្ឋាភិបាលឡើងកាន់អំណាចដំណាលគ្នាជាមួយកកម្ពុជាដែរ គេបានចេញគោលនយោបាយជួយប្រជាពលរដ្ឋរឿងបំណុល និងប្រេងឥន្ធនៈហើយ។
លោកស្រី ព្រំ ចន្ថា ភរិយាសកម្មជននយោបាយជាប់ពន្ធធនាគារ ដែលមានកូនរៀននៅសាលារដ្ឋបានស្នើឱ្យក្រសួងអប់រំតម្លើងប្រាក់ខែដល់គ្រូបង្រៀនទាំងអស់ ដើម្បីឱ្យគាត់ផ្ដោតសំខាន់លើកការបង្រៀន និងមិនងាកទៅបង្កើតមុខរបសបន្ថែមដូចជាលក់នំចំណីក្នុងថ្នាក់រៀនជាដើម។
បន្ទាប់ពីអ្នកចូលរួមបានបង្ហាញចំណាប់អារម្មណ៍ ក្នុងទិវាគ្រូបង្រៀនដែលរៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងហែញត្តិរួចរាល់ តំណាងមកពីស្ថានប័នទាំង៣ មានក្រសួងអប់រំ ខុទ្ទការល័យនាយករដ្ឋមន្ដ្រី និងមន្ទីររដ្ឋសភាបានមកទទួលញត្តិនៅកន្លែងតែម្ដង ដោយសាររដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យហែញត្តិដើម្បីបង្ការការស្ទះចរាចរណ៍។
តែយ៉ាងណាអ្នកតំណាងទាំង៣ស្ថាប័ននេះមិនបានបង្ហាញការឆ្លើយតបណាមួយក្នុងវេទិការនេះទេ។ នៅថ្ងៃនេះដែរ ក្រសួងអប់រំ បានអបអរទិវាគ្រូបង្រៀន៥តុលានេះ ក្រោមប្រធានបទ គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំថា គ្រូបង្រៀនគឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ ជាឆ្អឹងខ្នងនៃការអប់រំ និងជាអ្នកអប់រំជួរមុខដែលបានធ្វើការជាមួយសិស្ស បង្កើតបរិស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព រៀបចំសកម្មភាពបង្រៀន និងមានទំនាក់ទំនង ជាមួយសិស្ស មាតាបិតា ដើម្បីធានាបាននូវសមភាព និងបរិយាប័ន្នក្នុងការអប់រំ។
លោកអះអាងថា ការប្រារព្ធទិវាគ្រូបង្រៀននៅថ្ងៃនេះ មានគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស និស្សិត ព្រមទាំងជាវិស្វករព្រលឹង ជារៀមច្បងក្នុងការងារអប់រំ ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការការពារ ការកសាង និងការអភិវឌ្ឍជាតិមាតុភូមិលើគ្រប់វិស័យ៕