en     km
en     km

កម្មវិធីបវរកញ្ញាស្រុកស្រែភេទទីបីខេត្តសៀមរាបបញ្ជ្រាបសារទៅកាន់មហាជនបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

Share

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ កម្មវិធីប្រឡងសម្រស់បវរកញ្ញាស្រុកស្រែភេទទីបី ប្រចាំខេត្តសៀមរាប នឹងជាថ្ងៃប្រកួតផ្តាច់ព្រាត់នឹងធ្វើឡើងនៅជាន់ B1 Plaza នៃផ្សារ The Heritage Walk ចាប់ពីម៉ោងបួនល្ងាចតទៅ។ កម្មវិធីនេះដែរ ក៏មានការផ្សាយផ្ទាល់ នៅក្នុងផេក បវរកញ្ញាស្រុកស្រែខេត្តសៀមរាបផងដែរ។

នេះជារូបភាពបេក្ខភាពបរវកញ្ញាភេទទីបីទាំង២០រូប។រូបភាពពី គង់ ប៊ុនថន។

កម្មវិធីបវរកញ្ញាស្រុកស្រែគឺជាកម្មវិធីថ្មីមួយដែលបង្កើតដោយកូនខ្មែរ ដែលជាបុគ្គលល្បីមួយរូបក្នុងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងស្តីពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា សម្រាប់ក្រុមភេទទីបីទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា ជាពិសេសសម្រាប់ខេត្តសៀម។

បវរកញ្ញាភេទទីបីបង្ហាញខ្លួននៅទីសាធារណៈទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។រូបភាពពី គង់ ប៊ុនថន។

កម្មវិធីបវរកញ្ញាស្រុកស្រែមានបេក្ខភាពចូលរួមចំនួន ២០ រូបដែលតំណាងស្រុកទាំង១២ ដោយមានការបូកបញ្ចូលឃុំចំនួន ០៨ បន្ថែមទៀត។ រីឯវិញ្ញាសារប្រគួតវិញគឺមាន ០៣ចំណុចសំខាន់ៗដែលត្រូវបង្ហាញក្នុងកម្មវិធីដែលរួមមាន៖

១. ការណែនាំខ្លួន (សម្លៀកបំពាក់ស្រុកស្រែ)

២. ឈុត រាត្រីសរមោលសរ

៣. វិញ្ញាសារនៃការតស៊ូមតិសម្រាប់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (សម្រាប់បេក្ខភាព ជម្រុះ១០នាក់ដំបូង)។ ចំណែកបេក្ខភាពជម្រុះ០៥ នាក់ចុងក្រោយនឹងត្រូវឆ្លើយសំនួរពីគណកម្មការដើម្បីជម្រុះជ្រើសរើសម្ចាស់មកុដបវរកញ្ញាស្រុកស្រែខេត្តសៀមរាបឆ្នាំ ២០២៣។

នេះបើតាមការបញ្ជាក់ពីលោក ដែន សុភ័ត្រ្តា អាយុ២២ឆ្នាំ អ្នករៀបចំកម្មវិធីប្រាប់ដល់សិក្ខាកាមWMC។

បវរកញ្ញាភេទទីបីបង្ហាញខ្លួននៅទីសាធារណៈទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។រូបភាពពី គង់ ប៊ុនថន។

លោក ដែន សុភ័ត្រ្តា អាយុ២២ឆ្នាំ ជាអ្នករៀបចំកម្មវិធីនិយាយថា កម្មវិធីនេះជាផ្នែកមួយដែលបា​នជួយដល់បេក្ខភាពប្រឡងចំនួន ០២ រូប ក្នុងចំណោម២០នាក់ជាបេក្ខភាពនោះ ឱ្យទទួលក្តីស្រលាញ់ពីសំណាក់ឳពុកម្តាយរបស់ពួកគេឡើងវិញ បន្ទាប់ពីឪពុកម្តាយនិងសមាជិកក្រុមគ្រួសាររបស់ពួកគេមិនគាំទ្រកូនៗធ្វើជាភេទទី ៣ ។ ក៏ប៉ុន្តែ បន្ទាប់ពីសមាជិកក្រុមគ្រួសាររបស់បេក្ខភាពទាំងពីររូបបានឃើញកូនៗរបស់ពួកគេតាមផេកហ្វេសប៊ុកបវរកញ្ញាស្រុកស្រែ ក្នុងកម្មវិធីបំពាក់ឈៀង និងដំណើរទស្សនកិច្ច គ្រានោះ សមាជិកក្រុមគ្រួសារក៏បានផ្លាស់ប្តូរគំនិតជាវិជ្ជមានមកលើពួកគេវិញ។

លោក ដែន សុភ័ត្រ្តា ។រូបភាពពី គង់ ប៊ុនថន។

ទាក់ទងកម្មវិធីនេះវិញ លោក ដែន សុភ័ត្រ្តា រៀបរាប់ថា ដំបូងឡើយកម្មវិធីនេះលោករៀបចំធ្វើឡើងជាកម្មវិធីធម្មតាៗនោះទេ ប៉ុន្តែដោយមានការឧបត្ថម្ភគាំទ្រកាន់តែច្រើនឡើងៗ លោកនិងក្រុមការងារក៏សម្រេចចិត្តរៀបចំកម្មវិធីប្រកួតនេះកាន់តែធំតាមស្តង់តែម្តង ជាពិសេសគឺផ្សារទំនើប Heritage Walk បានផ្តល់ទីតាំងសម្រាប់ដំណើរការកម្មវិធីនេះទាំងមូលផងដែរ។

បវរកញ្ញាភេទទីបីបង្ហាញខ្លួននៅទីសាធារណៈទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។រូបភាពពី គង់ ប៊ុនថន។

គួរបញ្ជាក់ផងដែរថា ជាង២០ ឆ្នាំមុន ខេត្តសៀមរាប ធ្លាប់មានបម្រាមហាមមិនឱ្យភេទទីបីចូលក្នុងក្លឹប ឬកន្លែងកំសាន្តទេសចរណ៍នានា។ ដូច្នេះកម្មវិធីប្រកួតសម្រស់បវរកញ្ញាស្រុកស្រែភេទទីបី ប្រចាំខេត្តសៀមរាបនេះ អាចជាសមិទ្ឋិផលមួយរបស់ខេត្តបន្ទាប់ពីបានដកបម្រាមក្រោមការជួយសម្របសម្រួលពីសំណាក់ អាជ្ញាធរអេដស៍(NAA) រួមទាំងបណ្តាញចតុមុខ ព្រមទាំងអង្គការដៃគូរមួយចំនួនផងដែរ ទើបធ្វើឱ្យក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានអភិវឌ្ឍន៍សហគមន៍ខ្លួនមកដល់ពេលបច្ចុប្បន្ននេះ៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image