en     km
en     km

អ្នកជំនាញ៖ផ្កាអំបិលកំពតមានតម្លៃថ្លៃបន្តិចតែសម្បូរដោយសារធាតុចិញ្ចឹមល្អៗសម្រាប់រាងកាយមនុស្ស

Share

អ្នកជំនាញប្រាប់ឱ្យដឹងថា ផ្កាអំបិលមានគុណភាពនិងសារៈប្រយោជន៍ល្អជាងអំបិលគ្រួសធម្មជាតិ នៅត្រង់ថា ផ្កាអំបិលមានសារធាតុខនិជនិងរ៉ែសំខាន់ៗ ជាពិសេសរ៉ែដែលសារពាង្គកាយមនុស្សត្រូវការ។

នេះជារូបភាពផ្កាអំបិលខេត្តកំពត។រូបភាពពីធារ៉ូ។

លោក ប៊ុន ណារិន ប្រធានសិប្បកម្មផលិត និងវេចខ្ចប់ផ្កាអំបិល និងអំបិលអនាម័យថូង អិនធ័រប្រាយស៍ នៅស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា ជាទូទៅផ្កាអំបិលចាប់ផ្ដើម កកើតចន្លោះពីម៉ោង១០ ព្រឹករហូតដល់ ៣រសៀល។ ហើយការប្រមូលផលវិញគេត្រូវប្រមូលផ្កាអំបិលដែល លេចផុសចេញពីផ្ទៃទឹកបន្តិចដោយប្រមូលថ្នមៗបំផុតដោយការប្រើស្បៃ ឬប្រើដៃ កន្ទ្រងសម្រាប់ត្រងប្រមូល។ លោកបន្តថា ពេលវេលាដែលប្រមូលផ្កាអំបិលល្អល្អ គឺនៅចន្លោះម៉ោង ២ រហូតដល់ ម៉ោង៣រសៀល បើហួសម៉ោងនេះផ្កាអំបិលនឹងធ្លាក់ចុះក្រោមក្លាយជាអំបិលគ្រោះវិញ។

ទន្ទឹមនោះដែរ លក្ខខណ្ឌដើម្បីបង្កើតផ្កាអំបិលបាន លុះត្រាតែមានកម្តៅពន្លឺព្រះអាទិត្យ និងខ្យល់ គ្រប់គ្រាន់ ប្រសិនជាមិនមានលក្ខខណ្ឌទាំងនេះទេ ផ្កាអំបិលមិនអាចធ្វើបានឡើយ។

លោក ប៊ុន ណារិន ប្រធានសិប្បកម្មផលិត និងវេចខ្ចប់ផ្កាអំបិល និងអំបិលអនាម័យថូង អិនធ័រប្រាយស៍កំពុងប្រមូលផលផ្កាអំបិល។រូបភាពពីធារ៉ូ។

ងាកមកសារៈប្រយោជន៍វិញលោកបន្ថែមថា ផ្កាអំបិលមានតម្លៃថ្លៃបន្ដិច គឺក្នុងមួយគីឡូក្រាមមានតម្លៃ ១៥ដុល្លារ។ មូលហេតុដែលមានតម្លៃខ្ពស់ព្រោះផ្កាអំបិលពិបាកផលិត ត្រូវការមានខ្យល់ ពន្លឺព្រះអាទិត្យ  បញ្ជូលគ្នា ទើបមានផ្កាអំបិល ពិសេសមិនសូវមានច្រើននោះទេ។ អ្វីរឹតតែពិសេសទៀតនោះ គឺផ្កាអំបិលមានអត្ថប្រយោជន៍ច្រើនសម្រាប់ជួយដល់សុខភាពមនុស្សដោយផ្កាអំបិលកំពត មានកម្រិតផ្ទុកសារធាតុចិញ្ចឹមខ្ពស់ រហូតដល់ ៧០មុខ  ដែលអាចផ្តល់អត្ថប្រយោជន៍ចាំបាច់បំផុតសម្រាប់សារពាង្គកាយមនុស្ស។

នេះជាផលិតផលផ្កាអំបិលដែលត្រូវបានលក់លើទីផ្សារនាពេលកន្លងទៅ។រូបភាពពីធារ៉ូ។

លោក ប៊ុន ណារិន បានលើកឡើងទៀតថា៖«ផ្កាអំបិលមិនទាន់មានទីផ្សារទូលំទូលាយនៅក្នុងស្រុកទេ ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនមិនស្គាល់ និងមិនទាន់ដឹងពីអត្ថប្រយោជន៍នៃផ្កាអំបិលសម្រាប់សុខភាព។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ផលិតផលផ្កាអំបិល គឺបាននាំចេញមួយចំនួនទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបដូចជាប្រទេសអង់គ្លេស និងប្រទេសស្វីសជាដើម។ »

នេះជាផលិតផលផ្កាអំបិលដែលត្រូវបានលក់លើទីផ្សារនាពេលកន្លងទៅ។រូបភាពពីធារ៉ូ។។រូបភាពពីធារ៉ូ។

គួរជម្រាបថា ផ្កាអំបិលក្រៅពីគ្រឿងទេសផ្សំក្នុងម្ហូបអាហារសម្រាប់បរិភោគប្រចាំថ្ងៃហើយ ផ្កាអំបិលក៏ត្រូវបានគេយក មកផ្សំធ្វើជាគ្រឿងសម្អាង ដូចជាស្ក្រាប់ខាត់ខ្លួនជាដើម។ ផ្កាអំបិលត្រូវបានផលិតលក់នៅទីផ្សារក្នុងស្រុកផង និងនាំទៅទីផ្សារអន្តរជាតិផង ប៉ុន្តែវានៅជាទ្រង់ទ្រាយតូចនៅឡើយទេ។ នៅទីផ្សារក្នុងស្រុក គឺមានតែនៅក្នុងផ្សារទំនើប និងការបញ្ជាទិញពីភោជនីយដ្ឋានតែប៉ុណ្ណោះ ដោយសាតែតម្លៃរបស់វាខ្ពស់ជាងអំបិលគ្រួស ធម្មតា ៕

អត្ថបទខ្លីសរសេរដោយ ធារ៉ូ សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

Share

ព័ត៌មានទាក់ទង

Image