en     km
en     km

ក្រុម​ការ​ងារ​ក្រុម​ហ៊ុន​ FWD Cambodia​ ដាំដើម​កោង​កាង​ ១​ ០០០​ ដើម​នៅ​សហគមន៍នេសាទ​ត្រពាំង​សង្កែ​ ​ខេត្ត​កំពត​ដើម្បី​ជួយ​ដល់​បរិស្ថាន​ និង​សហគមន៍

Share

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន​ FWD Cambodia បាន​រៀប​ចំ​ព្រឹត្តិការណ៍​គាំ​ទ្រសហគមន៍​មួយ​នៅ​ខេត្ត​កំពត​តាម​រយៈ​ការ​ដាំ​ដើម​កោង​កាង​ចំនួន​ ១​ ០០០​ ដើម​ និង​ការបិត​បដា​ពាក្យ​ស្លោក​ស្ដី​ពី​ការថែ​រក្សា​បរិស្ថាន​ធម្មជាតិ​​នៅ​ក្នុង​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​ ក្នុង​ខេត្ត​កំពត ដែល​កម្មវិធី​នេះ​ទទួល​បាន​ការ​ចូល​រួម​ពី​គណៈ​គ្រប់​គ្រង​ និង​ក្រុម​ការ​ងារ​ទាំង​អស់​របស់​ក្រុម​ហ៊ុន​។​ កម្មវិធី​នេះត្រូ​វ​បាន​ធ្វើ​ឡើង​ដើម្បី​អប​អរ​ខួប​ ១០​ ឆ្នាំ​របស់​ក្រុម​ហ៊ុន​ FWD ក្នុង​តំបន់​អាស៊ី​ និង​អប​អរ​ខួប​ ២​​ ឆ្នាំ​របស់​ក្រុម​ហ៊ុន​ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​ដើម្បី​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​​ក្រុម​ការ​ងារ​ទាំងអស់​ទៅ​នឹង​សហគមន៍កម្ពុជា​។​ ក្រុម​ហ៊ុន​ FWD Cambodia ក៏​បាន​ភ្ជាប់​សកម្មភាពនេះ​ទៅ​នឹង​អតិថិជន​របស់​ខ្លួន​ផង​ដែរ​ ដោយ​ក្រុម​ហ៊ុន​បាន​បរិច្ចាគ​ដើម​កោង​កាង​មួយ​ដើម​សម្រាប់​រាល់​ការ​ទិញ​គម្រោង​ធានារ៉ាប់​រង​អាយុជីវិត​ណា​មួយ​ចាប់​ពី​ថ្ងៃទី  ០១​ ដល់​ថ្ងៃ​ទី​ ២០​ ខែ​កញ្ញា​។​

លោក​ ជីម​ គង់​ហ៊ុយ​ អគ្គ​នាយក​ក្រុម​ហ៊ុន​ FWD Cambodia មាន​ប្រសាសន៍​ថា​៖​ «​ក្រុម​ហ៊ុន​ FWD​ មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​គាំ​ទ្រ​ឲ្យ​សហគមន៍​កម្ពុជា​រស់​នៅ​ដោយ​ភាព​រីក​រាយ​ ហើយ​សកម្មភាព​ដែល​យើង​បាន​ធ្វើ​រួម​គ្នា​ជា​មួយ​សហគមន៍​នេសាទ​ត្រពាំងសង្កែ​ដើរ​ស្រប​គ្នា​យ៉ាង​ល្អ​ទៅ​នឹង​ការ​ប្ដេជ្ញាចិត្ត​នេះ ព្រោះ​ដើមកោង​កាង​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​ព្រៃកោង​កាង​នៅថ្ងៃ​មុខ​ដែល​នឹង​ផ្ដល់​ជា​ជម្រក​ដល់​សត្វ​សមុទ្រ​ ព្រម​ទាំង​ផ្ដល់​នូវ​គុណ​តម្លៃ​ជា​ច្រើន​ដទៃ​ដល់​បរិស្ថាន​ជុំ​វិញ​សហគមន៍​ទាំង​ផង​ដែរ។​»​ លោក​ គង់​ហ៊ុយ​ បាន​បន្ត​ថា​៖​ «​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ទាំង​អស់​ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​ក្រុម​ហ៊ុន​ FWD Cambodia ជា​ពិសេស​សម្រាប់​ការ​រួម​ចំណែក​ក្នុង​កិច្ច​ការ​សហគមន៍​នេះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​សេវាកម្ម​ធានា​រ៉ាប់​រង​អាយុជីវិត​របស់​យើង​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ផង​ដែរ​ដល់​ក្រុម​ការ​ងារ​របស់​យើង​ទាំង​អស់​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ប្រកប​ដោយ​អត្ថន័យ​មួយ​នេះ​។​»​

គួ​រ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ដាំ​ដើម​កោង​កាង​នេះក៏​​ជា​ផ្នែក​សំខាន់​មួយ​នៃ​សកម្មភាព​គាំ​ទ្រ​សហគមន៍ (Community Care)​ ​របស់​ក្រុមហ៊ុន​ FWD Cambodia  ផង​ដែរ​ដែល​គម្រោង​ Community Care ទាំង​មូល​ផ្តោត​លើ​ការ​គាំ​ទ្រ​ចំណុច​អាទិភាព​បួន​រួមមាន​ ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​ សុខភាព​ ការ​អប់​រំ​តាម​បែប​ឌីជីថល​ និង​បរិស្ថាន​។​ កន្លង​មក​ក្រុម​ហ៊ុន​បាន​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​នានា​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ដែល​រួម​មាន​ការ​បរិច្ចាគ​បង្គោល​ និង​អំពូល​ភ្លើង​សូឡា​ ការ​ឧបត្ថម្ភ​ដល់​កម្មវិធី​រត់​ប្រណាំង​​ កម្ម​វិធី​កម្សាន្ត​ និង​អប់រំ​សម្រាប់​កុមារ​ E-Gen Kid កម្មវិធីវិទ្យុ​ តស់!​ សន្សំ​ និង​សកម្មភាព​ជា​ច្រើន​ផ្សេង​ទៀត​ដើម្បី​ជួយ​ឲ្យ​សហគមន៍​កម្ពុជា​រស់​នៅ​ដោយ​ភាព​រីក​រាយ​៕

Share

Image
Image
Image