en     km
en     km

គ.ជ.ប លុបឈ្មោះអ្នកបោះឆ្នោតជិត៨ពាន់នាក់ នៅថ្ងៃទី១នៃការពិនិត្យឈ្មោះបោះឆ្នោតឆ្នាំ២០២៣

Share

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញរបាយការណ៍អ្នកទៅពិនិត្យឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ដោយមានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន១ម៉ឺន ៤១នាក់ (១០០៤១នាក់)។ក្នុងនោះ អ្នកស្នើសុំកែតម្រូវទិន្នន័យចំនួន៦៧១នាក់ និងអ្នកផ្ទេរទីលំនៅថ្មី ២០០៦នាក់  តែទន្ទឹមគ្នាក៏មានការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន៧៧៩៧នាក់ ផងដែរ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ប្រាប់អ្នកសារព័ត៌មានវិទ្យុស្ដ្រីថា ការលុបឈ្មោះនេះមកពីពលរដ្ឋខ្លះទទួលមរណៈភាព អ្នកខ្លះផ្លាស់ប្ដូរទីលំនៅទៅកាន់កន្លែងថ្មី និងមានករណីសឹងតែមិនមាន គឺត្រូវលុបឈ្មោះអ្នកដែលត្រូវតុលាការផ្ដន្ទាទោស ហើយសេចក្ដីសម្រេចបញ្ជាក់ថា ដកសិទ្ធិបោះឆ្នោត។

មន្ដ្រីនាំពាក្យ គ.ជ.ប ដដែលទម្លាយឱ្យដឹងថា ចំនួនឈ្មោះអ្នកបោះឆ្នោតអាចលុបចេញពីបញ្ជីបោះឆ្នោតអាចមានជិត១០ម៉ឺនាក់ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ។

គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ មានរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ អាទិត្យ តែលើកលែងថ្ងៃទី១៤ ខែតុលា ១ថ្ងៃដែលត្រូវផ្អាកដំណើរការដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោតធ្វើការប្រជុំពិនិត្យការអនុវត្តការងារ។

ប្រជាពលរដ្ឋមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឬអ្នកដែលបានផ្លាស់ប្ដូរទីលំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អាចទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នានៅឃុំសង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ។ នេះបើតាមការប្រកាសរបស់គ.ជ.ប។

គួរជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានបើកដំណើរការនៅឃុំ សង្កាត់ទាំង១៦៥២ ទូទាំងប្រទេស។ គ.ជ.ប អះអាងថា តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្ត ការិយាល័យចុះឈ្មោះនៅតាមឃុំសង្កាត់ ទូទាំងប្រទេសប្រព្រឹត្តទៅល្អតាមការគ្រោងទុក និងពុំមានបញ្ហាណាមួយធ្វើឱ្យរាំងស្ទះឡើយ៕

Share

Image
Image
Image