en     km
en     km

ម្ចាស់សិប្បកម្មកែច្នៃត្រីងៀតយីហោ«សំណាង សុធា»តស៊ូទាំងខ្លួនមានពិការភាពជាង២០ឆ្នាំទើបអាចរកចំណូលបានខ្ទង់៣០០០$ក្នុងមួយខែ

Share

ភ្នំពេញ៖«សំណាង សុធា»ជាយីហោរបស់សិប្បកម្មកែច្នៃត្រីងៀតរបស់​លោក សំណាង ដែលមានទីតាំងនៅទឹកដីអង្គរខេត្តសៀមរាប។ លោក សំណាង ដែលមានពិការភាពត្រង់ជើងនិយាយថា លោកបង្កើតមុខរបរលក់ត្រីងៀតចិញ្ចឹមជីវិតជាង២០ឆ្នាំមកហើយ ដោយចាប់ផ្តើមតាំងពីលក់ត្រីងៀតចំនួន ២០គីឡូ រហូតកើនមួយខែឡើងដល់ជាង ២តោន។ ចំណែកចំណូលវិញ លោកថាអាចទទួលបានក្នុងមួយខែៗខ្ទង់ ២០០០ ទៅ ៣០០០ដុល្លារ។

សកម្មភាពផលិតត្រីងៀតក្នុងសិប្បកម្មរបស់លោក សំណាង។រូបភាពពី សំណេរ។

រៀបរាប់ប្រាប់សិក្ខាកាមរបស់WMC លោក សំណាង បានឱ្យដឹងបន្ថែមថា លោកចាប់យករបរនេះតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ពោលបើគិតមកដល់ពេលនេះមានគឺមានរយៈពេល ២០ឆ្នាំហើយ។ សម្រាប់រោងសិប្បកម្មរបស់លោក មានផលិតនិងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតត្រីកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សារក្នុងខេត្តសៀមរាបផ្ទាល់ និងរាជធានីភ្នំពេញ រួមជាមួយនឹងតាមបណ្តាលខេត្តក្បែរៗខេត្តផងដែរ។ លោកបន្តថា ក្រៅពីការផ្គត់ផ្គង់នៅក្នុងស្រុកលោកបានពង្រីកការផលិតបោះលក់ឱ្យឈ្មួញកណ្តាលដែលនាំចេញក្រៅផ្លូវការទៅប្រទេស ដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ណូវែលហ្សេឡង់ និងអូស្រ្តាលី ជាដើម។

ផលិតផលត្រីងៀតរបស់សិប្បកម្មយីហោ«សំណាង សុធា»។រូបភាពពី សំណេរ។

បើតាមលោក សំណាង មូលហេតុដែលធ្វើឱ្យត្រីងៀតរបស់លោកទទួលបានការគាំទ្រខ្លាំងទាំងក្នុងនៅក្រៅប្រទេសបែបនេះ ដោយសារតែ គុណភាពនៃផលិតផលនិងភាពសម្បូរបែបនៃប្រភេទត្រីងៀតនីមួយៗ ដោយលោកប្រើប្រាស់ត្រីប្រភេទខុសៗគ្នារួមមាន ត្រីរ៉ស់ ត្រីឌៀប ត្រីប្រា និងត្រីអណ្តែងជាដើម។ ដោយឡែកសង្វាក់ផលិតកម្មវិញ គឺក្នុងមួយខែៗសិប្បកម្មអាចផលិតត្រីងៀតបានជាមធ្យមចំនួន ២តោន។ រីឯតម្លៃនៃត្រីងៀតមានចាប់ពីតម្លៃ ៦ ដុល្លារអាមេរិកដល់ ១៥ដុល្លារក្នុងមួយគីឡូក្រាម។

ផលិតផលត្រីងៀតរបស់សិប្បកម្មយីហោ«សំណាង សុធា»។រូបភាពពី សំណេរ។

ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យរីកចម្រើននៅក្នុងការរកស៊ីរបរត្រីងៀតនេះក៏ពិតមែន តែលោកថាក៏នៅមានបញ្ហានិងផលលំបាកមួយចំនួនផងដែរ ដែលបញ្ហាប្រឈមមានដូចជា ការរៀបចំនិងអនាម័យនៅទីតាំងសិប្បកម្មនៅខ្វះខាតសម្ភារបរិក្ខារមួយចំនួនដូចជាទូបង្កក ទូលាងដៃ ប្រព័ន្ធទឹកស្អាត បន្ទប់វេចខ្ចប់ និងបិទស្លាកសញ្ញា និងចំណេះដឹងផ្សេងៗពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងការនាំចេញជាដើម។

ផលិតផលត្រីងៀតរបស់សិប្បកម្មយីហោ«សំណាង សុធា»។រូបភាពពី សំណេរ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នដោយមានការគាំទ្រពីគម្រោងរបស់ CAPFish- Capture បានជួយឱ្យសិប្បកម្ម«សំណាង សុធា»ទទួលបានការគាំទ្រជាច្រើនដូចជាបច្ចេកទេសលើការរៀបចំអភិវឌ្ឍន៍អាជីវកម្ម ការផ្សព្វផ្សាយ និងផ្សារភ្ជាប់ទីផ្សារ ស្លាកសញ្ញានិងការវេចខ្ចប់ ការធ្វើតេស្តគុណភាពផលិតផល និងបណ្តុះបណ្តាលបុគ្គលិកស្តីពីប្រព័ន្ធវិញ្ញាបនប័ត្រ CQS៕

លោក សំណាង ម្ចាស់់សិប្បកម្ម«សំណាង សុធា»។រូបភាពពី សំណេរ។

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

Share

Image
Image
Image