ងាកមកព័ត៌មានសុខភាពវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់អំពីជំងឺហ្ស៊ីកា និងវិធីសាស្រ្តការពារការឆ្លងវីរុសហ្ស៊ីកា ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!
ថ្មីៗនេះកម្ពុជាបានរកឃើញករណីជំងឺ ហ្ស៊ីកា កើតលើកុមារីម្នាក់អាយុ ៧ ឆ្នាំនៅខេត្តកំពង់ធំ។ តាមការបង្ហាញរបស់ក្រសួងសុខាភិបាលកម្ពុជា វីរុស ហ្ស៊ីកា នេះឆ្លងមកមនុស្សតាមរយៈមូសខ្លាដែលមានផ្ទុកវីរុស ហ្ស៊ីកា ខាំ ដែលប្រភេទមូសខ្លានេះដូចគ្នានិងមូសខ្លាដែលផ្ទុកវីរុសជំងឺគ្រុនឈាមនិងគ្រុនឈីក។ បន្ថែមពីនេះ ជំងឺហ្ស៊ីកាអាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាផងដែរ ដ្បិតវីរុសនេះ មានក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ រួមទាំងសារធាតុរាវក្នុងរាង្គកាយ ក្នុងខួរក្បាល និងក្នុងខួរឆ្អឹងខ្នង។ ជាពិសេស វីរុស ហ្ស៊ីកា នេះ ឆ្លងពីម្តាយទៅកូនក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ និងនៅពេលសម្រាល។
តទៅនេះយើងសូមទាញការចាប់អារម្មណ៍របស់នាង កញ្ញា លោក លោកស្រី មកឈ្វេងយល់ពីជំងឺនេះដូចតទៅ!
បើយោងតាមសារព័ត៌មាន BBC បានបង្ហាញថា ប្រសិនបើម្តាយឆ្លងមេរោគ ហ្ស៊ីកា អំឡុងពេលមានផ្ទៃពោះ នោះនឹងអាចបង្កគ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់ក្នុងផ្ទៃ ពោលគឺបណ្តាលឱ្យក្បាលទារកមានសភាពតូចខុសពីធម្មតា(microcephaly) និងធ្វើឱ្យខូចជាលិកាខួរក្បាលរបស់ទារក ហើយទារកអាចកើតមុនខែ ហើយករណីខ្លះទារកអាចស្លាប់ក្នុងផ្ទៃថែមទៀតផង។
ក៏ប៉ុន្តែជាធម្មតា ជំងឺ ហ្ស៊ីកា មិនបង្កបញ្ហាធ្ងន់ធ្ងរនោះទេដល់អ្នកផ្ទុក។ ចំណែករោគសញ្ញានៃជំងឺនេះអាចចេញនៅចន្លោះពី២ ទៅ ៣ថ្ងៃ បន្ទាប់ពីមូសខ្លាដែលផ្ទុកវីរុសហ្ស៊ីកាខាំ។ រោគសញ្ញាទូទៅ អ្នកផ្ទុកមានអាការៈដូចជាក្តៅខ្លួនស្ទិញៗ មានកន្ទួលក្រហមលើស្បែក ហើយភ្នែកអាចឡើងក្រហម ឈឺសាច់ដុំ ឈឺសន្លាក់ និងអស់កម្លាំងជាដើម។ តែយ៉ាងណា រោគសញ្ញាទាំងនេះ អាចជាសះស្បើយក្នុងរយៈពេលពី ២ ទៅ ៧ថ្ងៃ ហើយអត្រាស្លាប់មានកម្រិតតិចតួចណាស់។ តាមការប៉ាន់ប្រមាណឱ្យដឹងថា ៨០% នៃមនុស្សដែលបានឆ្លងវីរុសនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ តែមានករណីតិចតួចបំផុតដែលអាចវិវត្តទៅជាបញ្ហាទន់ដៃ ទន់ជើង ។
បន្ថែមពីនេះ ក្រសួងសុខាភិបាលកម្ពុជាបានបន្តឱ្យដឹងថា ជំងឺហ្ស៊ីកា មិនមានការព្យាបាលជាក់លាក់ទេ និងមិនមានវ៉ាក់សាំងណាមួយសម្រាប់បង្ការជំងឺនេះនៅឡើយដែរ។ សម្រាប់ក្បួនព្យាបាលវិញ គ្រូពេទ្យតម្រូវឱ្យផ្ដល់ការព្យាបាលនិងថែទាំទៅតាមរោគសញ្ញរបស់អ្នកជំងឺ ពិសេសអ្នកជំងឺគួរសម្រាកនិងបរិភោគទឹកឱ្យបានច្រើន ព្រមទាំងព្យាបាលការឈឺចាប់និងគ្រុនក្ដៅ ដោយប្រើថ្នាំបញ្ចុះកំដៅធម្មតា តែមិនតម្រូវឱ្យប្រើថ្នាំផ្សះទេ។
មួយវិញទៀត ប្រសិនបើអ្នកជំងឺមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ សូមពិគ្រោះជំងឺជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ ការធ្វើរោគវិនិច្ឆ័យគឺតាម រយៈមន្ទីរពិសោធន៍នៅវិទ្យាស្ថានសុខភាពសាធារណៈ និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលអាចធ្វើតេស្តរកវីរុសហ្ស៊ីកាបាន។
តើធ្វើដូចម្តេចអាចបង្ការពីជំងឺហ្ស៊ីកា?
យោងតាមក្រសួងសុខាភិបាលកម្ពុជាដដែលបានបង្ហាញថា ការបង្ការដែលល្អបំផុតពីជំងឺហ្ស៊ីកា គឺត្រូវអនុវត្តន៍ដូចទៅនឹងការបង្ការជំងឺគ្រុនឈាម និងគ្រុនឈឺកដែរ រួមមានការពារខ្លួនកុំឱ្យមូសខ្លាខាំ ជាពិសេសស្តី្រដែលមានផ្ទៃពោះ ឬមានផែនការនឹងមានផ្ទៃពោះ។ តទៅនេះរួមមានការការពារទាំង៩ចំណុច ដែលអាចអនុវត្តដូចតទៅ៖
ទី១ អ្នកត្រូវបំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសម្អាតជុំវិញផ្ទះ ការពារកុំមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ភ្លុក សម្បកកំប៉ុង សម្បកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើវថ្នាំអាបែតដាក់ក្នុងពាង ឬ អាងស្តុកទឹក។
ទី២ ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត(សម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)។
ទី៣ ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ហើយថ្នាំនេះស្ត្រីមានផ្ទៃពោះអាចប្រើបានដោយមានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ។
ទី៤ សម្រាន្តក្នុងមុង រាល់ពេលសម្រាន្តនៅពេលយប់និងថ្ងៃ ព្រមទាំងបើកបង្អួចឱ្យបានធំៗ ដើម្បីឱ្យពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។
ទី៥ ប្រសិនជាមិនចាំបាច់ ស្រ្តីមានផ្ទៃពោះ គូស្វាម៉ីភរិយាឬស្ត្រីមានគម្រោងមានផ្ទៃពោះ មិនគួរឬមិនត្រូវធ្វើដំណើរទៅកាន់តំបន់ ដែលមានផ្ទុះ ឬកំពុងមានជំងឺហ្ស៊ីកា ហើយត្រូវអនុវត្តការការពារខ្លួនដែលបានជម្រាបជូននេះឱ្យបានខ្ជាប់ខ្ជួនបំផុត។
ទី៦ បុរសនិងស្ត្រីដែលត្រឡប់មកពីតំបន់ដែលមានផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យ ឬតមការរួមភេទយ៉ាងហោចណាស់៦ខែ បន្ទាប់ពីការវិលត្រឡប់មកវិញ ដើម្បីការពារការឆ្លងវីរុសហ្ស៊ីកាតាមការរួមភេទ។
ទី៧ គូស្វាមីភរិយា ឬស្ត្រីមានគម្រោងមានផ្ទៃពោះ ដែលទើបវិលត្រឡប់មកពីតំបន់ដែលផ្ទុះឬកំពុងមានជំងឺហ្ស៊ីកា ត្រូវរង់ចាំយ៉ាងតិច៦ខែមុនពេលព្យាយាមមានផ្ទៃពោះ ដើម្បីធានាថាគ្មានការឆ្លងវីរុសហ្ស៊ីកាទៅទារកដែលនឹងបង្កកំណើត។
ទី៨ ស្ត្រីដែលប្រើវិធីរួមភេទដោយមិនការពារនិងបានឆ្លងវីរុសហ្ស៊ីកា ប៉ុន្តែមិនចង់មានផ្ទៃពោះត្រូវប្រើវីធីពន្យាកំណើតជាបន្ទាន់ ដោយអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
និងចំណុចចុងក្រោយ ស្រ្តីមានផ្ទៃពោះដែលមានរោគសញ្ញានៃការឆ្លងវីរុសហ្ស៊ីកា ត្រូវមកពិនិត្យផ្ទៃពោះបានញឹកញាប់ជាមួយ គ្រូពេទ្យជំនាញនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងគ្រូពេទ្យដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ៕