ខណៈការចរចាប្រាក់ឈ្នួលកំពុងបន្ត ក្រុមកម្មករនិយោជិត ស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលឱ្យបានយ៉ាងតិច២១៥ដុល្លារអាមេរិក នៅឆ្នាំ២០២៤ខាងមុខ ដើម្បីសម្រួលជីវភាពគ្រួសារ ខណៈបច្ចុប្បន្នពួកគេទទួលបានប្រាក់ឈ្នួលអប្បបរមា២០០ដុល្លារអាមេរិក។ ទន្ទឹមនេះ ពួកគេក៏សុំឱ្យរដ្ឋាភិបាលគិតគូរពីបញ្ហាអតិផរណា និងតម្លៃផ្ទះជួលផងដែរ។ លោក គីម ចាន់ចាវ រាយការណ៍
ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ បានឈានចូលដល់ការដាក់សំណើតួលេខរវាងភាគីសហជីព និងនិយោជក។ ក្នុងនោះ ភាគីសហជីពទាមទារដំឡើង១៥ដុល្លារអាមេរិក តែភាគីនិយោជកថា មានលទ្ធភាពដំឡើងឱ្យកម្មករត្រឹម១ដុល្លារ បន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្ន ដែលមានចំនួន២០០ដុល្លារអាមេរិក។
ខណៈការចរចាប្រាក់ឈ្នួលកំពុងបន្ត កម្មករមួយចំនួនបានធ្វើសកម្មភាពនានា អំពាវនាវឱ្យរដ្ឋាភិបាលជំរុញឱ្យពួកគេអាចទទួលបាន ប្រាក់ឈ្នួលអប្បបរមាចំនួន២១៥ដុល្លារ ក្នុងឆ្នាំ២០២៤ខាងមុខ។ ដ្បិតពួកគេ ទាមទារបែបនេះ ដោយអះអាងថា ដើម្បីដោះស្រាយជីវភាពគ្រួសារ ឆ្ពោះទៅរកជីវភាពសមរម្យ។
កំពុងដើរឆ្ពោះទៅរោងចក្រកាត់ដេរ ពាក់អាវដៃវែងមានបូនៅពីលើក្បាល កម្មករិនីពីនាក់បានផ្ដល់បទសម្ភាសដល់វិទ្យុស្ត្រី។ អ្នកស្រី ប៊ុន លាភ កម្មការិនីរោងចក្រមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានអំពាវនាវឱ្យក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បរមាជួយដំឡើងប្រាក់ឈ្នួលឱ្យកម្មករចំនួន២១៥ដុល្លារដើម្បី ឱ្យអ្នកស្រី និងកម្មករទូទៅអាចដោះស្រាយការចំណាយជាប្រចាំ ខណៈអ្នកស្រីក៏មានបន្ទុកបង់បំណុលធនាគារផងដែរ។
«យើងបង់ធនាគារផង ចាយវាយលើផ្ទះជួលម្ហួប ថ្លៃ …ចាយវាយចំណាយច្រើន»។
លើបញ្ហានេះ អ្នកស្រី សំ ស្រីមុំ អគ្គហិរញ្ញឹកសហព័ន្ធសហជីពសេរីកម្មករ លើកឡើងថាបច្ចុប្បន្នប្រាក់ឈ្នួលរបស់កម្មករនិយោជិតមិនទាន់អាចផ្គត់ផ្គង់ឱ្យពួកគេអាចរស់នៅបានសមរម្យនៅឡើយ។ ដូច្នេះក្នុងនាមតំណាងឱ្យកម្មករនិយោជិត សហព័ន្ធសហជីពសេរីកម្មករ អំពាវនាវឱ្យរដ្ឋាភិបាលជួយធ្វើយ៉ាងណាឱ្យកម្មករទទួលបានប្រាក់ឈ្នួលយ៉ាងតិច២១៥ដុល្លារ។
«ដំឡើងប្រាក់ឈ្នួលកម្មករ២១៥(ដុល្លារ)ហ្នឹង ដើម្បីឱ្យគាត់ រស់នៅបានសមរម្យ ទ្រទ្រង់ទាំងសុខភាពគាត់ដែរ។ ហើយយើងឃើញថាការស្នើសុំនេះក៏មានអតិផរណាសម្រាប់កម្ពុជាក៏មាន ការដំឡើងរហូត។ អញ្ចឹងគិតថាការទាមទារប្រាក់ឈ្នួល ដំឡើងប្រាក់ឈ្នួលនេះ វាមិនមែនជាការហួសហេតុអីទេសម្រាប់កម្មករកម្ពុជា»។
អ្នកស្រី សំ ស្រីមុំ អគ្គហិរញ្ញឹកសហព័ន្ធសហជីពសេរីកម្មករ
ទន្ទឹមនឹងការទារទារសុំឱ្យមានការដំឡើងប្រាក់ឈ្នួលនេះ កម្មការិនី ប៊ុន លាភ ក៏បានស្នើ ឱ្យរដ្ឋាភិបាលពិចារណាពីបញ្ហាទំនិញឡើងថ្លៃ និងបញ្ហាតម្លៃផ្ទះជួលផងដែរ។
«ការជួលផ្ទះឥលូវគេចាំមើលប្រាក់ខែយើងសិន ចាស៎ គេចាំមើលប្រាក់ខែយើងសិន បានគេឡើងតាមប្រាក់ខែយើងដែរអញ្ចឹងណា៎។ ខ្ញុំអាចឱ្យសុំឱ្យក្រសួងកុំឡើងផ្ទះជួល កុំឡើងម្ហូបអាហារ បន្លែបន្លុកអីថ្លៃចឹងហា៎»។
អ្នកលក់ម្ហូបអាហារនៅខាងមុខរោងចក្រម្នាក់ គឺលោក នី បានឱ្យដឹងថា លោកបានឈប់ធ្វើការងាររោងចក្រមកលក់ម្ហូបអាហារជាង៥ឆ្នាំមកហើយ។ ប៉ុន្តែមួយរយៈចុងក្រោងនេះ លោកអះអាងថា អ្នកទិញដែលជាកម្មកររោងចក្រហាក់មានការថយចុះ។
«ថយៗជាងមុន..អត់ដឹងដែរ។…អ្នកទិញហូបឥលូវស្ងាត់ឈឹង បងមើលមានពីណា»។
ជារៀងរាល់ឆ្នាំ ក្រសួងការងារ តែងតែសម្របសម្រួល ជាមួយតំណាងកម្មករ សហជីព និងភាគីថៅកែក្រុមហ៊ុន ឱ្យមានការកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ ហើយប្រាក់ឈ្នួលក៏ត្រូវបានតំឡើងជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិតទទួលបាន២០០ដុល្លារអាមេរិកក្នុងមួយខែ។
កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៤ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ មិនថាដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតបានតិច ឬច្រើនក្តី៕