ក្រោយពីទណ្ឌិត សំប៊ុន យ៉ានី ដែលមានទោសត្រូវបានតុលាការដោះលែងវិញក្រោយចាប់ខ្លួនបានមួយថ្ងៃ នាយិកាអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានអំពាវនាវដល់សាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួនទណ្ឌិតរូបនេះ ដើម្បីឱ្យគេទទួលខុសត្រូវតាមផ្លូវច្បាប់។ លោក គីម ចាន់ចាវ រាយការណ៍
លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានស្នើយ៉ាងទទូចដល់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាប់ទណ្ឌិត សំប៊ុន យ៉ានី ដាក់ពន្ធនាគារតាមសាលាដីកាស្ថាពររបស់តុលាការកំពូលដែលបានតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដើម្បីបង្ខំទណ្ឌិតរូបនេះសងប្រាក់គ្រប់ចំនួនមកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាវិញ ត្បិតអីតាមការអង្កេតជាក់ស្ដែងទណ្ឌិត សំប៊ុន យានីនៅមានសុខភាពល្អ ដើរហើរគ្រប់ទីកន្លែង មិនទាន់មានលិខិតពីពេទ្យនៅពន្ធនាគារ និងមិនឈឺដូចការការបំភ្លឺរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឡើយ។
ការអំពាវនាវបែបនេះបន្ទាប់ពីទណ្ឌិត សំប៊ុន យ៉ាន ដែលត្រូវតុលាការទាំងបីថ្នាក់សម្រេចផ្ដន្ទាទោសជុំវិញករណីលួចប្រាក់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាង២០ម៉ឺនដុល្លារ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យមានសេរីភាព ក្រោយសមត្ថកិច្ចចាប់ខ្លួនបានមួយថ្ងៃ។
អ្នកស្រី សំប៊ុន យ៉ានី កាលពីអំឡុងឆ្នាំ២០១០(ឆ្វេង) និងរូបអ្នកស្រី សំប៊ុន យ៉ានី ពេលចាប់ខ្លួន(ស្ដាំ)
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបកស្រាយហេតុផលពីរដែលត្រូវដោះលែងទណ្ឌិតនេះ។ ទី១-ការសម្រេចផ្តន្ទាទោសដោយតុលាការគ្រប់ជាន់ថ្នាក់ នៅក្នុងករណីនេះ ជាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ដោយការព្យួរទោស ដោយយោងតាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។ ដូចនេះ ទណ្ឌិត នឹងមិនត្រូវអនុវត្តទោសរបស់ខ្លួន នៅពន្ធនាគារឡើយ លើកលែងតែបំពានលក្ខខណ្ឌ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ សម្រាប់ការដកហូតការព្យួរទោស។
ហេតុផលមួយទៀតគឺអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អះអាងថាទណ្ឌិត ជាស្ត្រីមានជំងឺប្រចាំកាយ និងមានវ័យចាស់ជរា អាយុ ៦៦ឆ្នាំ គិតត្រឹមថ្ងៃចាប់ខ្លួន ដោយយោងតាមមាត្រា ៥៣១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការបង្ខំដល់រូបកាយ មិនអាចធ្វើទៅលើស្ត្រី ដែលមានអាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅ។
ទោះយ៉ាងណាលោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បង្ហាញការយល់ឃើញថា សេចក្ដីប្រកាសព័ត៌មាននេះមិនបានឆ្លុះបញ្ចាំងពីសាលដីកាស្ថាពររបស់តុលាការកំពូលនោះទេ ព្រោះតុលាការកំពូលមិនបានសម្រេចព្យួរទោសដូចដែលបានបកស្រាយ និងបំភ្លឺក្នុងសេចក្ដីប្រកាសព័ត៌មានរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឡើយ។
«ហើយបើការបកស្រាយឧបមាថាការបកស្រាយសាលក្រមមិនច្បាស់ចុះ សួរថាយុត្តិធម៌ទេដែលអយ្យការបកស្រាយឱ្យជនល្មើសឱ្យទណ្ឌិតរួចខ្លួន? ក្នុងពេលដែលលួចលុយគេអស់ជាង២០ម៉ឺនដុល្លារ ធ្វើឱ្យប៉ះពាល់ដល់ការងាររបស់គេ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មណ្ឌល សួរថាតើការបកស្រាយទាំងអស់ហ្នឹង ស្របតាមស្មារតីនៃយុត្តិធម៌ទេ?…ហើយយើងស្នើឱ្យក្រសួងយុត្តិធម៌ មេត្តាជួយពិនិត្យឡើងវិញ»
លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា
ព័ត៌មាននៃការដោះលែងទណ្ឌិត សំប៊ុន យ៉ានី ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង តាមរយៈអត្ថបទសារព័ត៌មានជាច្រើន ត្បិតអីពួកគេឆ្ងល់ថា ហេតុអ្វីទណ្ឌិតដែលមានទោសទណ្ឌត្រូវបានតុលាការដោះលែងឱ្យរួចខ្លួនវិញ ក្រោយពេលចាប់ខ្លួនបានត្រឹមតែ១ថ្ងៃ? ក្នុងនោះព័ត៌មានដែលផ្សព្វផ្សាយដោយវិទ្យុស្ត្រីត្រូវបានអ្នកលេងបណ្ដាញសង្គមចូលខមិន និងចែករំលែកជាហូរហែ។ ចំណែកក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលបានផ្សាយលើគេហទំព័រវិទ្យុស្ត្រី Women’s Radio មានអ្នកចូលខមិនជាង១០០នាក់ ដោយភាគច្រើនបង្ហាញការខកចិត្តដែលតុលាការក្រុងភ្នំពេញសម្រេចដោះលែងទណ្ឌិតដែលលួចលុយអង្គការជាង២០ម៉ឺនដុល្លារនេះ ក្រោយការព្យាយាមតាមរកចាប់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ ភាគច្រើននៃខមិន ដែលបានបញ្ចេញមតិសុទ្ធសឹងតែលើកឡើងក្នុងន័យចាត់ទុកករណីទណ្ឌិត សំប៊ុន យ៉ានី ដែលត្រូវដោះលែងនេះ ថាជារឿងអយុត្តិធម៌៕