en     km
en     km

សិស្សសាលារៀនជំនាន់ថ្មីដាក់បង្ហាញស្នាដៃច្នៃប្រឌិតចេះពីការរៀន

Share

ភ្នំពេញ៖ សិស្សនៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីថ្ងៃទី២៦ ខែសីហា បានដាក់តាំងបង្ហាញនិងលក់ស្នាដៃច្នៃប្រឌិតរបស់ខ្លួនដែលចេះពីការរៀន និងស្រាវជ្រាវ។  ការដាក់បង្ហាញស្នាដៃច្នៃប្រឌិតនេះ ធ្វើឡើងនៅក្នុងពិពណ៌ស្នាដៃសិស្សនៅបរិវេនវិទ្យាល័យព្រះស៊ីសុវត្ថិ។

សិស្សថ្នាក់ទី១២ម្នាក់ យុវតី ណារិន រតនាទេពី និងសមាជិកក្រុម ១១នាក់ផ្សេងទៀតបានសហការគ្នារៀបចំនូវពិពណ៌រូបថតខ្នាតតូចមួយក្រោមប្រធានបទ «សំណង់ស្ថាបត្យកម្មក្នុងសម័យសង្គមរាស្ត្រនិយម(១៩៥៥ ដល់ ១៩៧០)»។ បើតាមកញ្ញា ទេពី បានឱ្យដឹងថា តាមរយៈពិពណ៌រូបថតនេះ អ្នកដែលចូលទស្សនា រួមមានទាំងសិស្ស អាណាព្យាបាលសិស្ស និងសាធារណជនទទួលបាននូវចំណេះដឹងបន្ថែមទៅលើសំណង់ស្ថាបត្យកម្មនៃចលនាស្ថាបត្យកម្មខ្មែរថ្មី ដែលចេញពីការស្រាវជ្រាវលម្អិតរបស់ក្រុមពួកគេ។

ក្រៅពីផ្ដល់ប្រយោជន៍ដល់អ្នកចូលរួមទស្សនា ពិពណ៌រូបថតខ្នាតតូចនេះក៏ផ្ដល់ឱកាសឱ្យក្រុមស្រាវជ្រាវបង្កើតជាស្នាដៃនិងបង្ហាញទេពកោសល្យរបស់ពួកគេក្នុងការធ្វើការស្រាវជ្រាវ ការរចនាបន្ទប់ពិព័រណ៌ក៏ដូចជាការរចនាផ្សេងៗដែលពាក់ព័ន្ធ។ នេះបើតាមកញ្ញា ណារិន រតនាទេពី។

សិស្សនៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិកាលចូលរួមតាំងពិពណ៍ស្នាដៃសិស្ស។រូបភាពពី ហុង ស៊ីហ្វុង។

ជាមួយគ្នានេះ នៅក្នុងពិពណ៌ស្នាដៃសិស្សសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏មានការតាំងបង្ហាញស្នាដៃសិស្សផ្សេងៗជាច្រើនទៀត ពោលគឺមានការបែងចែកជា ៦ ប្រធានបទធំៗគឺ ប្រភេទអំណានអស្ចារ្យខ្មែរ ប្រភេទស្រាវជ្រាវ ប្រភេទពិសោធន៍ ប្រភេទផលិតផល ប្រភេទអ្នកនិពន្ធ និងប្រភេទ Project ក្នុងម៉ោងរៀន។

តួយ៉ាងដូចជាមានការបង្ហាញសម្លៀកបំពាក់ខ្មែរតាមសម័យកាល ឧបករណ៍រកឬសការេនៃចំនួនក្នុងគណិតវិទ្យា ការស្រាវជ្រាវពីជំងឺមហាសរីកសុដន់ និងមានការលក់សាប៊ូ ឡេលាបស្បែកជាដើម។

លោក ឡោ ម៉ុងហួត ជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអតីតសិស្សសាលារៀនជំនាន់ថ្មីមួយរូបផងនោះយល់ឃើញថា ការតាំងពិពណ៌ស្នាដៃសិស្សនៅឆ្នាំនេះ មានការបង្ហាញស្នាដៃពិសោធន៍ច្រើនជាងឆ្នាំមុនៗ និងមានការបែងចែកតាមប្រភេទនៃស្នាដៃសិស្ស ធ្វើឱ្យមានភាពងាយស្រួលរកទស្សនា។

នេះជាស្នាកដៃរបស់សិស្សដែលដាក់បង្ហាញក្នុងការតាំងពិពណ៍។រូបភាពពី ហុង ស៊ីហ្វុង។

លោក ម៉ុងហួត យល់ថា ការរៀបចំជាទូទៅគឺល្អដូចរាល់ឆ្នាំ ក៏ប៉ុន្តែឆ្នាំនេះ ពុំសូវមានការលក់អាហារ គឺមានតែនំប៉័ង​។ និស្សិតពេទ្យរូបនេះ ចង់ឱ្យមានការលក់អាហារឱ្យបានច្រើនដូចពិពណ៌លើកមុនៗ​។

នាយិកាសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិលោកស្រី ទ្រី រិច បានឱ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំដំបូងដែលសាលារៀនជំនាន់ថ្មីបានដាក់បញ្ចូលការបង្កើតស្នាដៃសិស្សជាផ្នែកមួយនៃពិន្ទុសិក្សា។ លោកស្រីបន្តថា ការឱ្យពិន្ទុទៅលើការបង្កើតស្នាដៃនេះ ជាកត្តាជំរុញសិស្សឱ្យកាន់តែយកចិត្តទុកដាក់ក្នុងបង្កើតនិងច្នៃប្រឌិតថ្មី។

គួរជម្រាបជូនថា នេះជាឆ្នាំទី៦ ហើយដែលសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិបានរៀបចំនូវពិពណ៌តាំងបង្ហាញស្នាដៃសិស្ស។ បើតាមលោកស្រីនាយិកា ទ្រី រិច នៅឆ្នាំនេះ មានអ្នកចូលរួមប្រមាណជាង ២ពាន់នាក់៕

អត្ថបទខ្លីសរសេរដោយ ហុង ស៊ីហ្វុង សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image