កំពង់ធំ៖ ដើមរពាក់គឺជារុក្ខជាតិម្យ៉ាងមានវល្លិតូច សន្ដាននឹងផ្ដៅ តែដើមតូចជាង សាច់ស្រួយបន្តិចជាងផ្ដៅដែលមានបន្លាតូចៗជាច្រើននៅជុំវិញ ហើយដើមរបស់រពាក់គេអាចយកមកធ្វើជាសម្ភារៈឬរបស់របរប្រើប្រាស់ជាច្រើនទៅតម្រូវការ។
សម្រាប់អ្នករស់នៅឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មួយចំនួនការចូលព្រៃទៅកាប់ដើមរពាក់មកធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗបានក្លាយជាមរតកប្រពៃណីទៅហើយ ដែលរបរនេះបានជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារបន្ថែមបានមួយចំណែក។
សម្ភារៈប្រើប្រាស់ផ្សេងៗដែលអ្នកភូមិធ្វើពីដើមរពាក់។រូបភាពពីធារ៉ូ។
ក្នុងនោះអ្នកស្រី នឿន ចន្ថា ជាប្រជាពលរដ្ឋនៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ និងជាអ្នកធ្វើកន្រ្តក ចង្អេរម្នាក់ពីរពាក់ និងក៏ជាអ្នកប្រមូលទិញសម្ភារៈប្រើប្រាស់ពីរពាក់ពីអ្នកភូមិផងនោះបានប្រាប់សិក្ខាកាមWMCឱ្យដឹងថា ក្រៅពីការងារធ្វើស្រែចម្ការ អ្នកភូមិបានប្រកបមុខរបរនេះជាង១០ឆ្នាំហើយ។ ដោយឡែកអ្នកស្រីទើបបានចាប់ផ្តើមការងារនេះរយៈពេលជាង៣ឆ្នាំនេះទេ ដោយក្នុងមួយខែអាចរកចំណូលបានប្រហែល៨០ម៉ឺនរៀលផងដែរ។
អ្នកស្រីបន្តថា សព្វថ្ងៃប្រជាពលរដ្ឋបានយករពាក់កែច្នៃធ្វើទៅជារបស់របរប្រើប្រាស់ជាង៣០មុខខុសៗគ្នា ក្នុងនោះរួមមាន កន្ត្រកផ្លែឈើ កន្ត្រកផ្កា កញ្ច្រែងនំបញ្ចុក កញ្ច្រែងដាក់បន្លែ កន្ត្រកដាក់ខោអាវ កន្ត្រងប្រហុក ទ្រនាប់ដាក់ឆ្នាំ កញ្ជើ ល្អី ចង្អេរ កញ្ច្រែងជាដើម ។
អ្នកស្រី នឿន ចន្ថា អ្នកធ្វើសម្ភារៈពីដើមរពាក់។រូបភាពពីធារ៉ូ។
អ្នកស្រី នឿន ចន្ថា បន្ថែមទៀតថា មួយរយៈចុងក្រោយនេះប្រជាពលរដ្ឋជាអតិថជនមានការគាំទ្រផលិលផលរបស់ខ្មែរច្រើន ដោយសារវាមានតម្លៃសមរម្យគឺចន្លោះពីរពាន់ ទៅដល់ជិត៣ម៉ឺនរៀលតែប៉ុណ្ណោះ។
ក្នុងនាមជាអ្នកបន្តវេននូវការងារធ្វើរបស់របរប្រើប្រាស់តពីអ្នកជំនាន់មុន អ្នកស្រីបានផ្តាំផ្ញើរ ក៏ដូចជាសំណូមឱ្យថ្នាក់ដឹកនាំ បងប្អូនៗទាំងអស់ជួយគាំទ្រផលិតផលរបស់ខ្មែរ ដើម្បីឲ្យផលិតផលរបស់ខ្មែរបានឈរជើងតាំងលក់នៅលើទីផ្សារ ដូចផលិតផលនាំចូលពីក្រៅប្រទេសដែរ។មួយទៀតនោះ គាំទ្រជួយទិញផលិតផលក្នុងស្រុកក៏ផ្នែកមួយជួយលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋតាមជនបទឱ្យទទួលបានប្រាក់កម្រៃចិញ្ចឹមជីវភាព អាចផ្គត់ផ្គង់ការហូបចុកក្នុងគ្រួសារ ការសិក្សារៀនសូត្ររបស់កូនៗបានផងដែរ ពិសេសអាចជួយកាត់បន្ថយការចំណាកស្រុកទៅធ្វើការនៅទីឆ្ងាយៗនិងនៅបរទេសបាន៕
អត្ថបទខ្លីសរសេរដោយ ធារ៉ូ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ។