en     km
en     km

រោងចក្រ សេងបូ មិនទាន់អនុញ្ញាតឱ្យមេសហជីពចូលធ្វើការវិញទោះក្រសួងការងារបង្គាប់ឱ្យចូលធ្វើការវិញក្ដី

Share

ក្រុមហ៊ុនរោងចក្រ សេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក នៅតែមិនទាន់អនុញ្ញាតឱ្យ មេសហជីពរោងចក្រទើបជាប់ឆ្នោត ចូលធ្វើការវិញ  ទោះនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារបង្គាប់ឱ្យ អនុញ្ញាតឱ្យមេសហជីពនេះចូលធ្វើការវិញក្ដី។ ការមិនអនុញ្ញាតឱ្យចូលធ្វើការនេះ ដោយក្រុមហ៊ុនគ្រោងនឹងមានចំណាត់ការបន្តតាមនីតិវិធី។ លោក គីម ចាន់ចាវ រាយការណ៍

 

លោក ហាក់ ហៀង ដែលត្រូវបានក្រុមហ៊ុនរោងចក្រសេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក មានទីតាំងស្ថិតនៅក្នុងទីរួមខេត្តកំពង់ស្ពឺ បញ្ឈប់ពីការងារ បច្ចុប្បន្នមិនទាន់ត្រូវបានខាងភាគីរោងចក្រអនុញ្ញាតឱ្យចូលធ្វើការវិញនៅឡើយទេ ទោះបីលោកត្រូវបាននាយករដ្ឋានវិវាទការងារនៃក្រសួងការងារក្រសួងការងារបង្គាប់ឱ្យចូលធ្វើការវិញនៅថ្ងៃទី១៧ ខែសីហានេះក៏ដោយ។

តាមការឱ្យដឹងពីលោក សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករដែលសម្របសម្រួលករណីនេះ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៧ សីហានេះថា ក្រោយពីទទួលបានការសម្រេចពីលោក អាំង សេងលី ប្រធាននាយកដ្ឋានវិវាទការងារ លោក ហាក់ ហៀង មានសិទ្ធិចូលធ្វើការជាធម្មតាឡើងវិញ ប៉ុន្តែពេលទៅដល់ក្រុមហ៊ុនខាងរដ្ឋបាលប្រាប់ឱ្យលោកចេញទៅវិញ ដោយក្រុមហ៊ុនមិនទទួលយកនោះទេ ដោយសំអាងថាក្រុមហ៊ុននឹងបន្តប្ដឹងជំទាស់នឹងការសម្រេចរបស់នាយកដ្ឋានវិវាទការងារ។

លោក ហាក់ ហៀង បានប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះថា លោកនៅតែប្តេជ្ញាចូលធ្វើការវិញជាមួយលក្ខខណ្ឌដែលលោកត្រូវទទួលបានប្រាក់រំលឹកដែលក្រុមហ៊ុនបញ្ឈប់កន្លងមក និងការបន្តសកម្មភាពការងារក្នុងសហជីព។

«បើគេចង់ស៊កលុយខ្ញុំឱ្យខ្ញុំឈប់ហ្មងគឺខ្ញុំអត់ព្រមទេ បើខ្ញុំទោះយកមកក៏មិនបានប៉ុន្មានដែរ លុយនោះ។ បើខ្ញុំធ្វើការបានប្រាក់ខែរហូត បានចិញ្ចឹមប្រពន្ធកូនរហូតចឹងហាស៎។ បើព្រមឱ្យលុយហើយព្រមបន្តការងារអាហ្នឹងយល់ព្រមបន្តការងារឱ្យព្រោះជាដំណោះស្រាយដែលគាប់ប្រសើរ ដែលគាត់ព្រមឱ្យប្រាក់រំលឹកមកខ្ញុំហើយឱ្យចូលធ្វើការវិញ»។

  

លោក ហាក់ ហៀង នៅក្នុងរោងចក្រ

ពាក់ព័ន្ធបញ្ហានេះភាគីរដ្ឋបាលរោងចក្រ លោក អាំង មុន្នី បានប្រាប់វិទ្យុស្ត្រី ដោយលើកឡើងពីលិខិតបង្គាប់ការឱ្យចូលធ្វើការវិញរបស់នាយកដ្ឋានវិវាទការងារ ដែលបើកផ្លូវឱ្យប្ដឹងឬចរចាបន្ត។ យ៉ាងណារដ្ឋបាលរោងចក្រសេងបូ ហ្គាមិន (ខេមបូឌា)ឯ.ករូបនេះបញ្ជាក់ថា រោងចក្រសម្រេចមិនទាន់ឱ្យលោក ហាក់ ហៀង ចូលធ្វើការទេដោយក្រុមហ៊ុននឹងទូទាត់ប្រាក់រំលឹកអំឡុងពេលផ្អាកការងារក្រោយរឿងនេះដោះស្រាយរួចរាល់។

«ចឹងបានថាឱ្យគាត់មើលលិខិតហ្នឹងសិន មិនទាន់ថាក្រុមហ៊ុនយ៉ាងម៉េចទេ គ្រាន់តែថាជាលិខិតបង្គាប់ការឱ្យចូលណាស៎។ អញ្ចឹងយើងមិនទាន់ថាមិនឱ្យចូលឬក៏ចូលទេ គ្រាន់តែថាសំខាន់បំផុតវាអត់បញ្ហាទេ បើសិនជាពាក់ព័ន្ធរឿងដែលព្រោះអីក្នុងហ្នឹងដូចខ្ញុំនិយាយបញ្ជាក់ពីដើមចឹងថា គេបើផ្លូវសម្រាប់ឱ្យគេហៅថា មានការចរចាបន្តចឹងហ៍ណាស់»។

សូមរំលឹកបន្តិចថា លោក ហាក់ ហៀង និងអ្នកស្រី រឿន កូលាប ត្រូវក្រុមហ៊ុនរោងចក្រសេងបូហ្គាមិន (ខេមបូឌា)ឯ.ក បញ្ឈប់ពីការងារ ក្រោយពួកគេជាប់ឆ្នោតដឹកនាំសហជីពក្នុងរោងចក្រ។ ក៏ប៉ុន្តែករណីអ្នកស្រី រឿន កុលាប នាយកដ្ឋានវិវាទការងារ មិនបង្គាប់ឱ្យចូលធ្វើការងារវិញឡើយ។

 

ក្នុងបទសម្ភាសជាមួយសហព័ន្ធសហជីពសេរីកម្មករ អ្នកស្រី រឿន កូលាប ដែលជាស្ត្រីមេម៉ាយត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនផងនោះបានរៀបរាប់ថា ក្នុងរយៈពេលបាត់បង់ការងារធ្វើ អ្នកស្រីប្រឈមការបាក់ទឹកចិត្ត ព្រោះគ្មានប្រាក់សម្រាប់ឱ្យកូនទៅរៀន និងផ្គត់ផ្គង់ការចំណាយ ការហូបចុកក្នុងគ្រួសារ។

«ពេលដែលបងអត់មានការងារធ្វើ ចាស៎ ទី១ប្រឈមមុខនឹងបាក់ទឹកចិត្តហើយខ្វះលុយៗដើម្បីទ្រទ្រង់ ដើម្បីជួយកូនបានទៅរៀនទៅសូត្រ កូនពេលខ្លះក៏អត់លុយចាក់សាំជូនកូនទៅរៀនដែរ រឿងងើបពីយប់មករៀននៅភ្នំពេញពីដើម ខ្ញុំមានលុយជួយផ្ទះឱ្យកូនព្រោះខ្ញុំមានលុយការងាររោងចក្រ ដល់តែពេលខ្ញុំអត់មានការងាររោងចក្រហ្នឹងទៅ បែរជាឱ្យកូនជួនពេលខ្លះក៏អត់មានលុយចាក់សាំងមកសាលា កូនត្រូវខាត ដល់ពេលប្រឡងត្រូវប្រឡងសង។ ចាស៎ ចឹងប៉ះពាល់អាហ្នឹង១ ហើយនៅក្នុងគ្រួសារទៀតការហូបចុកក៏មានការខ្វះខាតខ្លាំងដែរ ហើយបញ្ហាសុខភាពយើងក៏វាបាក់ទឹកចាត់ហាស៎អូន ពេលដែលអត់ការងារធ្វើទៅនេះខុយទៅនោះខុយចឹង»។

លោក ហាក់ ហៀង និងអ្នកស្រី រឿន កូលាប ដែលត្រូវក្រុមហ៊ុនរោងចក្រសេងបូហ្គាមិន (ខេមបូឌា)ឯ.ក បញ្ឈប់ពីការងារ

ដោយឡែកលោក ហាក់ ហៀង អះអាងថា លោកនឹងនៅតែប្រកាន់ជំហរចូលធ្វើការវិញ ដោយទាមទារឱ្យក្រុមហ៊ុន ផ្ដល់ឱ្យលោកចូលរួមក្នុងសកម្មភាពជាថ្នាក់ដឹកនាំសហជីព។

«សហជីពហ្នឹង បើយើងអត់ធ្វើ គេហៅថាគៀបសង្កត់កម្មករហាស៎។ កម្មករគេត្រូវការ បាត់លុយបាត់អី ឱ្យទៅពឹងអ្នកណា? រឿងហ្នឹងចឹង ត្រូវការសុំចេញម៉ោង៤ម៉ោងអី រឹតបន្ដឹងគ្នាមិនឱ្យចេញ ។ អញ្ចឹងបើអត់សហជីពគ្នាទៅពឹងអី? មានតែទ្រាំតាមគ្នាធ្វើការទាំងឈឺទាំងជាចឹងទៅ»។

ជាមួយគ្នានេះដែរលោក សៅ សុខសាន រំពឹងថារដ្ឋមន្ត្រីថ្មីនឹងដោះស្រាយវិវាទនេះឱ្យជ្រះស្រលះ។ ដូច្នេះករណីខាងលើនេះ លោកនឹងប្ដឹងទៅរដ្ឋមន្ត្រីក្រសួងការងារថ្មី ទៅអ្នកបញ្ជាទិញ និងប្ដឹងទៅតុលាការបើសិនគ្មានដំណោះស្រាយសមរម្យ។

«ទី១គឺខ្ញុំនឹងប្ដឹងឧបស្រ័យទៅរដ្ឋមន្ត្រីបន្ថែមទៀត ហើយនឹងប្ដឹងទៅតុលាការបន្តទៀតចឹងហាស៎ ប៉ុន្តែបន្ទាប់ពីខ្ញុំដឹងថាទៅតុលាការហ្នឹងពិបាក តុលាការប្រទេសខ្មែរយើងបើកម្មករប្ដឹងក្រុមហ៊ុនគឺមិនងាយដោះស្រាយឱ្យទេ អាហ្នឹងអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ គឺឱ្យតែកម្មករប្ដឹងទៅក្រុមហ៊ុនគឺមិនសង្ឃឹមទេ វាមិនងាយ រាប់សិបឆ្នាំហ៍ តែបើក្រុមហ៊ុនប្ដឹងកម្មករវិញតែ១អាទិត្យទេ គឺកម្មករត្រូវឡើងតុលាការភ្លាមៗហើយ។ ចឹងគឺវាពិបាកដោយសារប្រទេសខ្មែរយើងច្បាប់វាមានស្ដង់ដា២ ស្ដង់ដាអ្នកមានលុយ និងអ្នកអត់លុយ។ ចឹងទៅកម្មករគាត់ជាអ្នករងគ្រោះ នៅចំណុចហ្នឹងណាស៎»។

លោក សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ

កម្មករទាំងពីរនាក់ដែលត្រូវបាន ក្រុមហ៊ុនរោងចក្រ សេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក បញ្ឈប់ពីការងារ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការងារ ជួយអន្តរាគមន៍យ៉ាងណាឱ្យពួកគេអាចចូលធ្វើការងារឡើងវិញ។ ទន្ទឹមនេះអ្នកស្រីកូលាប ក៏បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ជួយដល់កម្មករនៅរោងចក្រនានា ចៀសវាងការធ្វើទុក ឬរំលោភសិទ្ធិកម្មករនិយាជិត៕

Share

Image
Image
Image