ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះជាបញ្ហាមួយសម្រាប់មាតានិងទារក។ ការកើនកម្រិតជាតិស្ករ អាចធ្វើឱ្យទារកកើនទម្ងន់ និងធ្វើឱ្យប្រឈមនឹងការពិបាកសម្រាលនិងអាចហូរឈាមច្រើន។ បន្ថែមពីនេះជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះក៏បង្កើនហានិភ័យនៃជំងឺលើសឈាមផងដែរ ។
មានច្រើនករណី ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះនឹងបាត់ទៅវិញបន្ទាប់ស្រ្តីសម្រាលកូនរួច។ ប៉ុន្តែសម្រាប់ស្រ្តីមួយចំនួនអាចបន្តមានជាតិស្ករក្នុងឈាមខ្ពស់ បន្ទាប់ពីសម្រាលរួចដែលគេហៅថាជំងឺទឹកនោមផ្អែមប្រភេទទី ២ ហើយស្រ្តីអាចប្រឈមមុខនឹងជំងឺនេះពេញមួយជីវិត។
ដូច្ចេះហើយ ស្រ្តីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ តែងតែមានបញ្ហាចោទថាតើគួរទទួលទានរបបអាហារបែបណា?
តាមគេហទំព័រសុខភាព healthline របស់សហរដ្ធអាមេរិកបានបង្ហាញថាការទទួលទានរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពអាចជួយដល់ការគ្រប់គ្រងរោគសញ្ញារបស់ស្រ្តីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ដោយមិនចាំបាច់ប្រើថ្នាំ ប៉ុន្តែក៏ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញខាងអាហារូបត្ថម្ភផងដែរ។
ការទទួលទានអាហារដែលល្អសម្រាប់ស្រ្តីមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះមានដូចតទៅ៖
ស្រ្តីត្រូវផ្តោតលើសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន ខ្លាញ់ដែលល្អដល់សុខភាព ជាតិសរសៃ និងអាហារស្រស់ៗ ព្រមទាំងអាហារមួយចំនួនទៀត។ ស្ត្រីមានផ្ទៃពោះអាចជ្រើសរើសអាហារសំបូរប្រូតេអ៊ីនដែលអាចជួយឱ្យឆ្អែតបានយូរ និងអាចកាត់បន្ថយការបរិភោគអាហារគ្មានជីវជាតិផ្សេងៗ។
មួយវិញទៀតគឺ ស្រ្តីគួរស្វែងយល់អំពីអាហារសម្រន់ ព្រោះអាហារសម្រន់អាចរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ ប្រសិនស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ស្រ្តីអាចជ្រើសរើសប្រភេទអាហារសម្រន់ដូចជា៖ បន្លែស្រស់ៗដោយការញុំឆៅ អាំងឬចំហុយឬអាចបន្ថែមឈីសដែលជាប្រភពប្រូតេអ៊ីន។ បន្ថែមពីនេះ ស្រ្តីអាចញ្ញុំគ្រាប់ធញ្ញជាតិ ផ្លែឈើស្រស់ ឬអាចទទួលទានពងទាឬពងមាន់ចៀនជាមួយបន្លែធ្វើជាអាហារសម្រន់ក៍បាន។
ស្រ្តីមានផ្ទៃពោះគួរបរិភោគផ្លែឈើឱ្យបានច្រើន ដូចជាផ្លែប៊ឺរី ព្រោះវាមានជាតិស្ករទាប និងមានជាតិសរសៃខ្ពស់។
តើស្រ្តីគួរជៀសវាងអាហារអ្វីខ្លះ?
បើយោងតាមការបង្ហាញពីគេហទំព័រសុខភាព healthline ដដែលបានបង្ហាញថា ស្រ្តីគួរចៀសវាងអាហារកែច្នៃខ្ពស់ដូចជានំបុ័ង និងអ្វីដែលមានជាតិស្ករច្រើន។ ជាឧទាហរណ៍គួរជៀសវាងដូចជា fast food នំខេក នំដូណាត់ អាហារចៀនឬបំពង ស្ករគ្រាប់ គ្រឿងស្រវឹង ភេសជ្ជៈមានជាតិស្ករ ដូចជា សូដា ទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំងជាដើម។ ជាពិសេសគឺអាហារដែលមានជាតិម្សៅខ្លាំង ដូចជាមី ប៉ាស្តា និងបាយស។
យ៉ាងណាមិញចំពោះការព្យាបាលជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះគឺអាស្រ័យទៅលើកម្រិតជាតិស្ករក្នុងឈាមរបស់ស្រ្តី។ ក្នុងករណីជាច្រើនជំងឺនេះអាចព្យាបាលដោយរបបអាហារ និងការធ្វើលំហាត់ប្រាណ ហើយក្នុងករណីខ្លះស្រ្តីអាចនឹងប្រើប្រាស់ថ្នាំឬចាក់អាំងស៊ុយលីនដើម្បីបញ្ចុះជាតិស្ករក្នុងឈាមជាដើម៕