en     km
en     km

ស្រ្តីគួរយល់ដឹងពីរបៀបកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ

Share

តាមគេហទំព័រសារព័ត៌មាន CNA បានបង្ហាញថា នៅក្នុងតំបន់អាស៊ីមានអត្រាប្រេវ៉ាឡង់ខ្ពស់នៃស្រ្តីដែលកើតមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ (gestational diabetes mellitus) ពិសេសនៅក្នុងប្រទេសសិង្ហបុរី មានស្ត្រីមានផ្ទៃពោះ ១ នាក់ក្នុងចំណោម ៥ នាក់មានហានិភ័យនៃជម្ងឺនេះ។

រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNA

តើអ្វីជាជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ?

ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គឺជាជំងឺទឹកនោមផ្អែមដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាលើកដំបូងអំឡុងពេលមានផ្ទៃពោះ ដែលអាចបណ្តាលឱ្យមានជាតិស្ករក្នុងឈាមខ្ពស់ និងអាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់ស្រ្តី និងសុខភាពគក៌។ នេះបើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Mayo នៅសហរដ្ធអាមេរិក។

បន្ថែមពីនេះ តាមគេហទំព័រគ្លីនិក Mayo ដដែលបានបង្ហាញពីកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះដែលក្នុងនោះរួមមាន ស្រ្តីលើសទម្ងន់ឬធាត់ មិនមានសកម្មភាពរាងកាយ និងធ្លាប់មានរោគសញ្ញានៃជំងឺទឹកនោមផ្អែមពីមុនមក។ លើសពីនេះ អាចបណ្តាលមកពីស្រ្តីធ្លាប់សម្រាលទារកដែលមានទម្ងន់លើសពី ៤ គីឡូក្រាម និងមានសមាជិកគ្រួសារធ្លាប់មានជំងឺទឹកនោមផ្អែមផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័រJohnshopkinsmedicine

យ៉ាងណាមិញ អ្នកស្រាវជ្រាវបានរកឃើញថា ស្រ្តីមានផ្ទៃពោះដែលទទួលទានរបបអាហារបានត្រឹមត្រូវ និងមានរបៀបរស់នៅមានសុខភាពល្អ អាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ អំឡុងពេលមានផ្ទៃពោះបានរហូតដល់ ៩០% ឯណ្ណោះ ទោះបីជាស្រ្តីមានគ្រួសារធ្លាប់មានប្រវត្តិជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះក៏ដោយ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNA។

លទ្ធផលសិក្សាដែលបានចេញផ្សាយក្នុងឆ្នាំ២០២២ បានបង្ហាញពីការសិក្សាលើទិន្នន័យស្រ្តីចំនួន ៤២៧៥ នាក់នៅសហរដ្ធអាមេរិក។ ក្នុងនោះស្រ្តីចំនួន ៩២៤ នាក់បានកើតជំងឺទឹកនោមផ្អែមប្រភេទទី ២។

ចំណែកឯស្រ្តីដែលមិនបានកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ អ្នកស្រាវជ្រាវបានរកបង្ហាញថា ស្រ្តីទាំងនោះបានអនុវត្តវិធីសាស្រ្តកាត់បន្ថយហានិភ័យដូចជា ថែរក្សាសន្ទស្សន៍ម៉ាសរាងកាយស្ថិតក្នុងកម្រិតធម្មតា(BMI) ពោលពី ១៨.៥ ដល់ ២៤.៩។ បន្ថែមពីនេះ ពួកគេទទួលទានរបបអាហារដែលមានគុណភាពខ្ពស់ ធ្វើលំហាត់ប្រាណបានទៀងទាត់ ទទួលទានគ្រឿងស្រវឹងតិចតួច និងមិនមិនជក់បារីនោះទេ។

លើសពីនេះទៅទៀតអ្នកស្រាវជ្រាវបង្ហាញផងដែរថា ចំពោះស្រ្តីដែលងាយនឹងកើតជំងឺទឹកនោមផ្អែមនិងមានលើសទម្ងន់ក៏ដោយ ពួកគេអាចកាត់បន្ថយហានិភ័យជំងឺនេះបាន ដោយអនុវត្តទទួលទានរបបអាហារដែលមានសុខភាពល្អ ការធ្វើលំហាត់ប្រាណ និងគ្រប់គ្រងកត្តាបង្កហានិភ័យផ្សេងៗទៀត។

វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលសកលសម្រាប់សុខភាពស្ត្រីអាស៊ី និង នាយកដ្ឋានសម្ភពនិងរោគស្ត្រី បានលើកឡើងថាការមានរបៀបរស់នៅល្អ អាចការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ឬការធាត់ ហើយថែមទាំងអាចជួយដល់សុខភាពសរសៃបេះដូងទៀតផង។

តាមការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីជៀសវាងការមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ មុនចាប់ផ្តើមមានផ្ទៃពោះស្រ្តីត្រូវអនុវត្តទម្លាប់ល្អមួយចំនួនដូចជា ទទួលទានអាហារដែលមានសុខភាពល្អដូចជាជ្រើសរើសអាហារដែលសំបូរជាតិសរសៃខ្ពស់ មានជាតិខ្លាញ់ទាប និងផ្តោតលើផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិជាដើម។ មួយវិញទៀត ស្រ្តីត្រូវធ្វើឱ្យរាងកាយសកម្មជាងមុនយ៉ាងហោចណាស់ ៣០ នាទីក្នុង១ថ្ងៃដូចជាការដើរឬជិះកង់ជាដើម។ ជាពិសេសស្រ្តីត្រូវមានទម្ងន់ដែលមានសុខភាពល្អ សឹមចាប់ផ្តើមមានផ្ទៃពោះ៕

 

Share

Image
Image
Image