en     km
en     km

ប្រធានបទនៃការពាក់មួកសុវត្ថិភាពនៅតែជាក្តីបារម្ភដែលអ្នកពាក់ព័ន្ធបន្តបេសកកម្មជំរុញឱ្យប្រើប្រាស់

Share

ក្នុងឱកាសបើកយុទ្ធនាការបើកបរដោយសុវត្ថិភាពសម្រាប់លើកទី៧ ក្រោមប្រធានបទ “មួកសុវត្ថិភាពមួយ ជីវិតមួយ” នៅថ្ងៃទី១៤ ខែសីហា ភាគីពាក់ព័ន្ធបានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ម៉ូតូ ដែលមិនពាក់មួកសុវត្ថិ ត្បិតវាងាយនឹងបង្ករគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើម៉ូតូនោះជួបគ្រោះថ្នាក់ចរាចរណ៍។ ក្រោមក្ដីបារម្ភនេះ ភាគីពាក់ព័ន្ធបានបើកយុទ្ធនាការឆ្នាំនេះបន្ត ដោយផ្តោតលើសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព និងមានគោលបំណងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកបើកបរ។ ជាបន្តសូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទយកការណ៍ដែលរៀបចំដោយលោក គីម ចាន់ចាវ ដោយមេត្រី!

 

«ការពារប្រសើរជាងព្យាបាល» នេះជាពាក្យមួយឃ្លា ដែលគេតែងប្រើប្រាស់ក្នុងសង្គមខ្មែរ។ ពាក្យមួយឃ្លានេះអាចឆ្លុះបញ្ចាំងជាមួយសារណែនាំពីការពាក់មួកសុវត្ថិភាព ដែលជួយការពារអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប មិនឱ្យប៉ះពាល់ដល់អាយុជីវិត និងផ្នែកក្បាលធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានកត់សម្គាល់ថា ចំនួនអ្នកប្រើប្រាស់ម៉ូតូជាយានជំនិះនៅភ្នំពេញប្រមាណជិត ៩៥ភាគរយ បានពាក់មួកសុវត្ថិភាពពេលធ្វើដំណើរពេលថ្ងៃ។ ក៏ប៉ុន្តែលោកស្រីបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកបើកបរនៅពេលយប់ ព្រោះអ្នកជិះម៉ូតូមិនសូវពាក់មួកសុវត្ថិភាពនោះទេ ដោយយល់ថា ពិបាកមើលផ្លូវពេលបើកបរ។ ទោះយ៉ាងណាអ្នកស្រី មឹន មាណវី នៅតែសង្កត់ធ្ងន់ពីសារៈសំខាន់នៃមួកសុវត្ថិភាព មិនថាសម្រាប់ពេលយប់ឬពេលថ្ងៃនោះឡើយ។ អ្នកស្រីប្តេជ្ញាថានឹងជំរុញអ្នកមិនពាក់មួកសុវត្ថិភាពដែលសល់ប្រមាណ៥ភាគរយទៀត ឱ្យងាកមកប្រើប្រាស់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នា។

«ពេលខ្លះគាត់ភ្លេចភ្លាំង គាត់អាងថាទៅជិតទៅអីចឹងទៅ ពេលយប់ពេលអីចឹងអានេះនៅសល់តែ៥ភាគរយហ្នឹងចាស៎។ ហើយនេះដោយសារតែការខិតខំរបស់ដៃគូទាំងអស់ ហើយនឹងកម្លាំងសមត្ថកិច្ចរបស់ខ្ញុំហ្នឹងគឺថា ពុះពារខ្លាំងមែនទែនដែលធ្វើឱ្យ ពួកគាត់យកចិត្តទុកដាក់ពាក់មួកសុវត្ថិភាពហើយយើងនៅសល់៥ភាគរយទៀត យើងសង្ឃឹមថាការផ្លាស់ប្ដូរ ការជួយបន្តទៀតរបស់ដៃគូ ហើយនឹងការខិតខំរបស់ស្ថាប័នពាក់ព័ន្ធអាច ធ្វើឱ្យ៥ភាគរយទៀតហ្នឹងចូលរួម១០០ភាគរយក្នុងការពាក់មួកសុវត្ថិភាព»។

អ្នកដំណើរម្នាក់ គឺលោក ផាត ផល្លា បានធ្វើដំណើរមកចាក់សាំងនៅការ៉ាស់សាំងតូតាល់សាខាឫស្សីកែវ ដោយមានប្រើប្រាស់មួកសុវត្ថិភាព។ លោកបានប្រាប់វិទ្យុស្ត្រីថា នៅពេលលោកចេះបើកម៉ូតូដំបូងលោកមិនចាប់អារម្មណ៍ប្រើប្រាស់មួកសុវត្ថិភាពឡើយ ក៏ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពីស្ថាប័នពាក់ព័ន្ធពីគុណសម្បត្តិនៃមួកសុវត្ថិភាពលោកតែប្រើប្រាស់មួកជាប្រចាំ មិនមែនបុព្វហេតុខ្លាចប៉ូលីសចាប់នោះទេ។

«ចេះបើកបរអាយុប៉ុន្មានហើយ? មានអីបងអាយុ១៥-១៦អីហ្នឹង។ តាំងពីបើមកធ្លាប់អត់ពាក់មួកសុវត្ថិភាពអត់ដំបូង? ដំបូងធ្លាប់តាមបង។ ចុះក្រោយមកថីបានដូរឥរិយាបថពាក់មួកសុវត្ថិភាពវិញ? ពាក់មួកសុវត្ថិភាពវាការពារអាយុជីវិតយើង ការពារក្ដៅ និយាយទៅចំណុចពិសេសរបស់វាច្រើន ចឹងបានន័យថាការពារទាំងសុវត្ថិភាព ទាំងការពារក្ដៅអីហ្នឹង។ អត់ខ្លាចប៉ូលីសទេ (ពាក់)ការពារសុវត្ថិភាពខ្លួនឯក។​ពាក់រាល់ថ្ងៃបង អត់យូរនៅទេ! ពាក់រាល់ថ្ងៃវាសំខាន់សម្រាប់អាយុជីវិតយើង ពេលយើងប៉ះពារអីទៅវាអត់ធ្វើឱ្យប៉ះក្បាលនិយាយឱ្យចំទៅសារៈសំខាន់របស់វា»។

លោក ផាត ផល្លា អ្នកបើកបរម៉ូតូ

អ្នកស្រី Dinah KUMAR នាយិកាគ្រប់គ្រង ក្រុមហ៊ុន TotalEnergies Marketing Cambodia បានឱ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមយុទ្ធនាការបើកបរដោយសុវត្ថិភាពសម្រាប់ឆ្នាំទី ៧ ជាប់ៗគ្នា។ ប្រធានបទ “មួកសុវត្ថិភាពមួយ ជីវិតមួយ” ដោយយុទ្ធនាការឆ្នាំនេះផ្តោតលើសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព និងមានគោលបំណងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកបើកបរ។ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមហ៊ុន TotalEnergies Marketing Cambodia កំពុងរៀបចំកម្មវិធីជាច្រើន និងបង្ហាញផ្លូវទាំង ៤៥ទីតាំង រួមទាំងស្ថានីយ៍សេវាកម្មរបស់ TotalEnergies ទីតាំងដៃគូ សាលារៀនសាធារណៈ និងមជ្ឈមណ្ឌលអង្គការសង្គមស៊ីវិល។

ក្នុងនោះមានកម្រងសំណួរសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ និងមនុស្សពេញវ័យ ការត្រួតពិនិត្យភ្នែកដោយឥតគិតថ្លៃសម្រាប់អ្នកបើកបរ និងការបង្ហាញពីការជិះម៉ូតូប្រកបដោយសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពនឹងត្រូវធ្វើឡើង ដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់សាធារណជនចំពោះការអនុវត្តសុវត្ថិភាពចរាចរណ៍។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែសីហា។ យុទ្ធនាការរយៈពេលមួយសប្តាហ៍នេះនឹងមានការចូលរួមពីប្រជាពលរដជាង៣ម៉ឺន នាក់នៅទូទាំង១៤រាជធានី/ខេត្ត។

ទន្ទឹមនេះនាយិកាគ្រប់គ្រង ក្រុមហ៊ុនTotalEnergies រូបនេះក៏រំលឹកពីការចាប់ផ្ដើមយុទ្ធការណ៍នេះជាលើកដំបូងផងដែរ។

«កាលពី៧ឆ្នាំមុនហាក់ដូចជាមិនមានអ្នកណាចាប់អារម្មណ៍លើយុទ្ធនាការនេះឡើយ ប៉ុន្តែពេលនេះមានអ្នកចាប់អារម្មណ៍ច្រើនក្រៅពីក្រសួងសាធារណការនិងដឹកជញ្ជូនយើងមានចាប់ដៃគូជាច្រើនជាមួយក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលផ្សេងដើម្បីឱ្យពួកគេដាក់ចេញនូវគោលនយោបាយផ្សេងៗ ពាក់ព័ន្ធនឹងការជម្រុញការប្រើប្រាស់មួកសុវត្ថិភាពនេះ ហើយខ្ញុំរំពឹងថានឹងមានដៃគូផ្សេងៗទៀតកាន់តែច្រើនចូលរួមជាមួយនឹងយុទ្ធនាការដ៏មានសារសំខាន់នេះនៅឆ្នាំបន្តបន្ទាប់ទៀត»។

អ្នកស្រី Dinah KUMAR នាយិកាគ្រប់គ្រង ក្រុមហ៊ុន TotalEnergies Marketing Cambodia

ទោះយ៉ាងណាការពាក់មួកសុវត្ថិភាពតែមួយមុខមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឡើយ។ ភាគីពាក់ព័ន្ធ ទាមទារឱ្យអ្នកបើកបរឈានយន្តត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដូចជាបើកបរត្រូវប្រកាន់ស្ដាំ ចៀសវាងការបើកបរលើសល្បឿនកំណត់ មិនពិសារគ្រឿងស្រវឹងពេលបើកបរ និងគោរសិទ្ធិអាទិ៍ភាពមុនពេលបត់ត្រូវមើលឆ្វេង-ស្ដាំជាដើម។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានលើកឡើងក្នុងពេលបើកយុទ្ធនាការនេះ ដោយបញ្ជាក់ពីចំណុចពិសេសដែលមួកសុវត្ថិភាពអាចការពារអ្នករងគ្រោះពេលដួលប៉ះទង្គិច។ ពោលគឺមិនមានគ្រោះថ្នាក់ខ្លាំងទៅដល់ក្បាលនោះទេ ព្រោះផ្នែកក្បាលនេះគឺជាផ្នែកដែលសំខាន់បំផុតក្នុងការទ្រទ្រង់ជីវិត ពោលអ្នកជិះម៉ូតូអត់មួកសុវត្ថិភាពប្រថុយនឹងស្លាប់ច្រើន នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍។

«កាលណាគ្រោះថ្នាក់យើងជិះម៉ូតូហើយយើងអត់ពាក់មួក ហើយប៉ះនឹងឡានឬប៉ះនឹងស្អីមួយនៅពេលដួល យើងមានលទ្ធភាពគ្រោះថ្នាក់ធ្ងន់ ឬក៏ច្រើនជាងអ្នកពាក់ឆ្ងាយណាស់។ ចឹងអាហ្នឹងជាមូលហេតុមួយសំខាន់នៃគ្រោះថ្នាក់ចរាចរណ៍ ហើយក្រៅពីហ្នឹងវាមានផ្សេងៗទៀតច្រើនក្រៅពីកត្តាផ្សេងទៀត តាំងពីការស្រវឹងតាំងពីការផ្សេងទៀតដែរបាទ»។…កត្តា(គ្រោះថ្នាក់ចរាចរណ៍)មានច្រើនប៉ុន្តែអ្នករងគ្រោះដោយអត់ពាក់មួកគាត់ប្រថុយនឹងការស្លាប់ច្រើន ប៉ុន្តែកត្តាមានច្រើនអ្នកខ្លះគ្រោះថ្នាក់ផ្សេងៗ អ្នកខ្លះអង្គុយលក់ដូរ ឬធ្វើសកម្មភាពនៅក្បែរថ្នល់ ឡានណាមួយដែលមកមិនប្រយ័ត្នប្រយែងមកពារមកប៉ះ អាហ្នឹងមិនមែនដោយសារមិនពាក់មួកទេ ប៉ុន្តែដោយសារកត្តាផ្សេងទៀតដែរ»។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា

ប្រធានអង្គការ ស៊ីប៉ា រូបនេះ ក៏បានលើកឡើងពីកង្វះខាតមួយសុវត្ថិភាពសម្រាប់កុមារ ដែលអាណាព្យាបាលមួយចំនួនមើលរំលងផងដែរ។

«កុមារពាក់មួកច្រើនហើយប៉ុន្តែពេលខ្លះឪពុកម្ដាយពិបាករកមួកដែលតូចដែលខ្នាតត្រូវនឹងក្បាលរបស់កុមារដែរណា៎។ ពេលខ្លះពិបាកមិនស្រួលរកដូចមួករបស់មនុស្សធំទេ។ អញ្ចឹងប៉ុន្តែខ្ញុំគិតថាកន្លែងមួយចំនួនអាចរកបានណា៎ គួរតែគិតគូអំពីគាត់ ហើយពេលខ្លះយើងគិតថាក្មេងមិនអីទេ ប៉ុន្តែជីវិតទាំងអស់គ្នា គួរតែមានការគិតគូទាំងអស់គ្នា មិនសម្រាប់តែចាស់ឬក្មេងទេបាទ»។

ក្នុងនាមជាអ្នកបើកបរម៉ូតូម្នាក់លោក ផាត ផល្លា អំពាវនាវឱ្យពលរដ្ឋគ្រប់រូបបន្តការពាក់មួកសុវត្ថិភាពរាល់ពេលប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើរ។

«អំពាវនាវឱ្យពាក់មួកសុវត្ថិភាពទាំងអស់គ្នា វាការពារសុវត្ថិភាពអាយុជីវិតយើង។ មិនមែនខ្លាចប៉ូលីសចាប់ទេ អាហ្នឹងទោះយើងអត់គោរពច្បាប់ចរាចរណ៍ អត់គោរពភ្លើងស្ដុបក៏ប៉ូលីសចាប់ដែរ ….។ សំខាន់យើងពាក់ការពារអាយុជិវិតយើងទាំងអស់គ្នា»។

កន្លងមកគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ដោយសារការមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ បញ្ហានេះនៅតែជាក្តីបារម្ភ ខណៈប្រជាពលរដ្ឋជាច្រើន នៅមិនទាន់យល់ច្បាស់ពីអត្ថប្រយោជន៍នៃមួកសុវត្ថិភាព។ ផ្ទុយទៅវិញ ប្រសិនបើអ្នកដំណើរយល់ច្បាស់ពីគុណសម្បត្តិនៃមួកសុវត្ថិភាព ហើយមិនអនុវត្ត នោះជារឿងដែលត្រូវគិតពិចារណាឡើងវិញ ដ្បិតគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាចម្បងដែលបង្កការស្លាប់ក្នុងកម្ពុជា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២២ មានអ្នកបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង១,៥០០នាក់ និងរងរបួសជាង២ពាន់នាក់៕

Share

Image
Image
Image