en     km
en     km

UN៖ នៅកម្ពុជាអត្រាបំបៅដោះកូនដោយទឹកដោះម្ដាយធ្លាក់ចុះជាង៣០% តាំងពីឆ្នាំ២០១០

Share

ភ្នំពេញ៖ បច្ចុប្បន្ននេះអត្រាបំបៅដោះកូនដោយទឹកដោះម្ដាយតែមួយមុខ នៅកម្ពុជានៅត្រឹមខ្ទង់៥០%ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០១០ មានរហូតដល់៧៤%។ ស្របពេលការធ្លាក់ចុះបែបនេះ អ្នកជំនាញផ្នែកអាហារូបតត្ថម្ភសង្កេតឃើញថា កុមារនៅកម្ពុជាមានសភាពស្គមស្គាំង និងខ្លះក្រិសក្រិន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នៅកម្ពុជាអត្រាបំបៅកូនដោយទឹកដោះមា្តយសម្រាប់ទារកបានធ្លាក់ចុះជាង៣០%ចាប់តាំងពីឆ្នាំ២០១០មក។ ការលើកឡើងរបស់អង្គការសហប្រជាតិនេះ ខណៈពិភពលោកកំពុងរៀបចំសប្ដាហ៍បំបៅដោះកូនចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។

អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បញ្ជាក់ថានេះជាពេលវេលាមួយដែលត្រូវចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់ និងគាំទ្របន្ថែមដល់ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីដើរឆ្ពោះទៅរកអនាគតប្រទេសដែលរីកចម្រើន ឈរលើគ្រឹះពលរដ្ឋដែលប្រកបដោយសុខភាព និងសុខុមាលភាពមាំមួន។

លោក ហ៊ូ ក្រើន នាយកអង្គការហែលែន ឃេលឺ បានកត់សម្គាល់ឃើញថា ចាប់តាំងពីអត្រាបំបៅដោះកូនដោយទឹកដោះម្ដាយ ធ្លាក់ចុះពី៧៤% នៅឆ្នាំ២០១០ រហូតមកដល់ខ្ទង់៥០%នាពេលបច្ចុប្បន្ននេះ កុមារកម្ពុជា មានបញ្ហាសុខភាពស្គមស្គាំង និងក្រិសក្រិន តែយ៉ាងណាបញ្ហាក្រិសក្រិនមានការថយចុះ នៅតែបញ្ហាស្គមស្គាំងតែប៉ុណ្ណោះ។

លោក ហ៊ូ ក្រើន បន្ដថាកត្តាដែលនាំឱ្យអត្រាបំបៅដោះកូនមានការធ្លាក់ចុះបែបនេះ ដោយសារកត្ដាមួយចំនួនគួបផ្សំគ្នា ដូចជា ស្ដ្រីជាម្ដាយត្រូវទៅបំពេញការងារវិញបន្ទាប់ពីបញ្ចប់មាតុភាព៣ខែ និងឱ្យកូនបៅម្សៅទឹកដោះគោជំនួស កត្តាផ្សព្វផ្សាយពីផលិតផលសម្រាប់កុមារមានភាពលើសលប់ គ្មានការជំរុញពីមជ្ឍដ្ឋានជុំវិញ អំពីការបំបៅដោះកូនដល់ស្ដ្រី និងចំណេះដឹងរបស់ស្ដ្រីជាម្ដាយនៅមានកម្រិតជាដើម។

ជុំវិញរឿងនេះ វិទ្យុស្ដ្រីមិនអាចសុំការបំភ្លឺបន្ថែមករណីបំបៅដោះកូន ពីលោកស្រី ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបាលទេ ដោយលោកស្រីមិនលើកទូរសព្ទ។ តែលោក ហ៊ូ ក្រើន ស្នើឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល គួរបង្កើនលំហែមាតុភាពដល់មាតារយៈពេល៦ខែ សម្រាប់បំបៅដោះកូន ដូចគ្នានិងគោលការណ៍ពីអង្គការសុខភាពពិភពលោក។ ក្រៅពីនេះលោកក៏ឱ្យគិតគូរពីការផ្សព្វផ្សាយផលិតផលម៉្សៅទឹកដោះគោ និងមជ្ឍដ្ឋានជុំវិញ គាំទ្រដល់ស្ដ្រីឱ្យបំបៅដោះកូនរហូតដល់៦ខែផងដែរ។

ក្នុងឱកាសសប្ដាហ៍បំបៅដោះកូននេះ អង្គការសុខភាពពិភពលោកថា ស្ត្រីមិនគួរទាមទារអំណាចដើម្បីបំបៅដោះកូននៅកន្លែងធ្វើការនោះទៀតទេ តែម្តាយគ្រប់រូប មិនថានៅកន្លែងការងារ ឬកន្លែងណា ពួកគេគួរតែមាន យ៉ាងហោចណាស់ 18 សប្តាហ៍, ឬរយៈ6 ខែ ឬច្រើនជាងនេះសម្រាប់ការឈប់សំរាកលំហែមាតុភាពដើម្បីបំបៅដោះកូន។ បន្ថែមពីនេះ អង្គការសុខភាពពិភពលោកថា គួមានការឈប់សម្រាក សម្រាប់បំបៅកូនដោយទឹកដោះនៅពេលបំពេញការងារ និងជម្រើសការងារដែលមានភាពបត់បែនសម្រាប់ស្ដ្រីមានកូនតូច៕

Share

Image
Image
Image