en     km
en     km

សមាគមខ្មែរកម្ពុជាក្រោមនឹងដាក់ញត្តិទៅទូតលោកសេរីក្រោយវៀតណាមចាប់ខ្លួនពលរដ្ឋខ្មែរក្រោម

Share

ភ្នំពេញ៖ ក្រោយពីអាជ្ញាធរវៀតណាមឃាត់ខ្លួន និងឡោមព័ទ្ធផ្ទះពលរដ្ឋខ្មែរក្រោម សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នាទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោមជាបន្ទាន់ ដោយពួកគេចាត់ទុកថា ទង្វើរបស់អាជ្ញាធរវៀតណាម គឺបំពានគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម របស់អង្គការសហប្រជាជាតិ។ សមាគមខ្មែរកម្ពុជាក្រោម ក៏គ្រោងនឹងដាក់ញត្តិទៅកាន់ស្ថានទូតសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឱ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើម។ លោក គីម ចាន់ចាវ រាយការណ៍

 

អាជ្ញាធរវៀតណាមកាលពីថ្ងៃទី ៣១ កក្កដា បានចុះចាប់ខ្លួន និងកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយ ៩ រូបក្នុងពេលតែមួយ។ យុវជនដែលត្រូវចាប់ខ្លួនហើយមិនទាន់ដោះលែងវិញ រួមមាន លោក ថាច់ កឿង លោក តោ ហ្វាងចឿង នៅខេត្តព្រះត្រពាំង និងលោក យ័ញ ម៉ិញក្វាង ។ ចំណែកអ្នក ដែលរងការកោះហៅទៅសួរចម្លើយ មានជាអាទិ៍ លោក គៀង យ័ញនី នៅខេត្តព្រះត្រពាំង លោក ថាច់ មឿន នៅខេត្តឃ្លាំង និងអ្នកមួយចំនួនទៀត។ ទន្ទឹមនេះអាជ្ញាធរក្នងខេត្តនេះដដែល កំពុងតាមដានឃ្លាំមើលសកម្មភាពរបស់ លោក ឡឹម វង្ស និង លោកស្រី ឌិន ធីហ្វិន នៅខេត្តឃ្លាំង។

ក្រោយពីចាប់ខ្លួន អាជ្ញាធរវៀតណាម បានសម្រេចបញ្ជូនសំណុំរឿងពួកគេទៅតុលាការដោយចោទពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។ ក្រោយសាកសួររួច សមត្ថកិច្ចវៀតណាម ក៏បញ្ជូនសកម្មជនខ្មែរក្រោមទាំងនោះ ទៅតុលាការ នៅព្រឹកថ្ងៃដដែល ។

លោក គឹម ស៊ីសំណា មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកការចាប់ខ្លួនខ្មែរកម្ពុជាក្រោមនេះថា អាជ្ញាធរវៀតណាមចង់យកគំរូនៃការចាប់ខ្លួនជនជាតិដើមម៉ុងតាញ៉ា កន្លងទៅ ដើម្បីគំរាមកំហែងជនជាតិដើមដទៃទៀតជាពិសេសខ្មែរកម្ពុជាក្រោម កុំឱ្យមានការងើបបះបោទាមទារសិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ដើមនៅលើទឹកដីនេះ។

«ក៏ប៉ុន្តែការធ្វើបែបនេះ គឺវាមិនសមរម្យទេ មិនមានប្រសិទ្ធិភាពទេ មិនត្រឹមត្រូវទៅតាមផ្លូវច្បាប់ទេ ដោយសារតែប្រវត្តិសាស្ត្រគឺខ្មែរនៅលើទឹកដីកម្ពុជាក្រោមគឺជាជនជាតិដើមពិតប្រាកដស្របច្បាប់ ហើយទី២ទៀត សិទ្ធិឬក៏ច្បាប់អន្តរជាតិ គាត់បានផ្ដល់លទ្ធភាពផ្ដល់ឱកាសនានា ជាពិសេសខ្មែរក្រោមក៏ជាជនជាតិមួយ ដែលត្រូវអាស្រ័យផលពីគោលការសិទ្ធិមនុស្សអន្តរជាតិហ្នឹងដែរ គោលការច្បាប់អន្តរជាតិហ្នឹងដែរ គឺត្រូវតែអាស្រ័យនូវការប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីពង្រឹងពង្រីក ហើយនឹងអាស្រ័យនូវសិទ្ធិសេរីភាពរបស់ខ្លួននៅលើទឹកដីកម្ពុជាក្រោមហ្នឹង»។

លោក គឹម ស៊ីសំណា មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម

មន្ត្រីអង្គការសមាគមខ្មែរកម្ពុជាក្រោមរូបនេះអះអាងថា សមាគមនឹងដាក់ញត្តិទៅកាន់ស្ថានទូតបណ្ដាប្រទេសសមាជិកអង្គការសហប្រជាជាតិ ពិសេសប្រទេសដែលមានការងារល្អជាមួយរដ្ឋាភិបាលវៀតណាម រួមទាំងប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលវៀតណាមក៏ជាសមាជិកផងដែរ។

ក្នុងសេចក្តីថ្លែងការរបស់លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលចុះថ្ងៃទី០១ ខែសីហា បានលើកឡើងថា ទង្វើរបស់អាជ្ញាធរវៀតណាមឃាត់ខ្លួន និង គម្រាមកំហែងនេះ គឺបានរំលោភសិទ្ធិមនុស្សខ្មែរក្រោមយ៉ាងធ្ងន់ធ្ងរ និងបំពានលើគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ ។ សេចក្តីថ្លែងការណ៍បន្តថា មាត្រា ៣៣១ នៃ ក្រមព្រហ្មទណ្ឌវៀតណាម ដែលអាជ្ញាធរវៀតណាមយកជាមូលដ្ឋានសម្រាប់ចោទប្រកាន់ពលរដ្ឋខ្មែរក្រោមទាំងនោះ គឺមានខ្លឹមសាររំលោភសិទ្ធិសេរីភាពរបស់ខ្មែរក្រោម ក៏ដូចជាសិទ្ធិជនជាតិដើមផងដែរ ព្រោះខ្លឹមសារនៃមាត្រាច្បាប់មួយនេះ គឺចង្អៀតចង្អល់ បំបិទសិទ្ធិសេរីភាព អធម្មនុញ្ញភាព និងផ្ទុយពីគោលការសិទ្ធិមនុស្សអន្តរជាតិ ដែលជនជាតិដើមជាម្ចាស់ស្រុកមិនអាចទទួលយកបានឡើយ។

បើតាមលោក គឹម ស៊ីសំណា ការចាប់ខ្លួនពលរដ្ឋខ្មែរកម្ពុជាក្រោមទាំង៩នាក់នោះ គឺដោយសារតែពួកគេតែប្រើប្រាស់បណ្ដាសង្គមបញ្ចេញមតិជុំវិញនឹងសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ហើយពួកគេតែងធ្វើសកកម្មភាពផ្សព្វផ្សាយពីសិទ្ធិមនុស្សជនជាតិដើមដោយមានការផ្ដល់នូវសៀវភៅណែនាំជាដើម។ មួយវិញទៀតពួកគេបានចែកចាយសៀវភៅស្តីអំពីសិទ្ធិជនជាតិដើម និងអាវយឺតដែលភ្ជាប់និមិត្តសញ្ញាខ្មែរកម្ពុជាក្រោម នៅថ្ងៃទិវាសិទ្ធិនានា។

«ឃើញសកម្មភាពទាំងអស់នោះហើយដែលអាជ្ញាធរវៀតណាមតែងហៅទៅសួរនាំច្រើនលើកច្រើនសារ ដែលដែលកន្លងរហូតមកដល់ពេលនេះ គេយកច្បាប់ព្រហ្មទណ្ឌរបស់គេហ្នឹង យកមកអនុវត្តតែម្ដង។ វាសំដៅទៅលើសកម្មភាពទាំងអស់ហ្នឹង»

ពាក់ព័ន្ធបញ្ហានេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឯណោះវិញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយចាត់ទុកថា ការឃាត់ខ្លួន និង គម្រាមកំហែងនេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។ ទាំងសហព័ន្ធខ្មែរកម្ពុជាក្រោម និងលេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម សុទ្ធតែជំរុញឱ្យអាជ្ញាធរវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម ដោយគ្មានលក្ខខណ្ឌ ហើយពិនិត្យឡើងវិញ និងកែតម្រូវច្បាប់ផ្ទៃក្នុងរបស់ខ្លួនឱ្យស្របទៅតាមធម្មនុញ្ញអន្តរជាតិ ដើម្បីធានាការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ឱ្យបានពេញលេញ ។

ក្រៅពីនេះ ស្ថាប័នការពារសិទ្ធិមនុស្សរបស់ខ្មែរក្រោម ក៏អំពាវនាវឱ្យបណ្ដាស្ថានទូតនានា អង្គការ សមាគម ដែលមាននៅក្នុងប្រទេសវៀតណាម ចូលរួមឃ្លាំមើលព្រឹត្តិការណ៍នេះ ក្រោមហេតុផលចង់ផ្ដល់យុត្តិធម៌ និងការពារសិទ្ធិសេរីភាពជូនពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក៕

Share

Image
Image
Image