en     km
en     km

Maria Lvova-Belova ស្រ្តីរុស្សីចូលទៅជួយកុមារអ៊ុយក្រែនពីសង្គ្រាមតែជាប់ឈ្មោះជាជនប្រើល្បិចលាងខួរក្បាលក្មេងៗ

Share

VICE NEWS៖ អំឡុងពេលដែលអ៊ុយក្រែនស្ថិតក្នុងសង្រ្គាម  មានអង្គការក្នុង និងក្រៅស្រុកមួយចំនួនបានជ្រោមជ្រែងជួយសង្គ្រោះពលរដ្ឋអ៊ុយក្រែន ជាពិសេសគឺដោះស្រាយបញ្ហាកុមារ។ ក្នុងនោះក៏មានស្រ្តីជនជាតិរុស្សីម្នាក់ផងដែរឈ្មោះ Maria Lvova-Belova ដែលលោកស្រីមានតួនាទីទទួលបន្ទុកសិទ្ធិកុមារនៅរុស្សី ឈានជើងចូលទៅក្នុងទឹកដីអ៊ុយក្រែនដើម្បីរំដោះកុមារអ៊ុយក្រែនចេញពីសង្គ្រាម។ ក៏ប៉ុន្តែជាអកុសល លោកស្រីបែរជារង់បទចោទពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិទៅវិញ ស្តីពី ឧក្រិដ្ឋកម្មសង្រ្គាមដោយនិរទេសកុមារខុសច្បាប់ និងលាងខួរក្បាលកុមារអ៊ុយក្រែនរាប់ពាន់នាក់ចូលក្នុងគោលនយោបាយរុស្សី។ បើទោះបីជាមានរឿងបែបនេះក្តី ក៏ស្រ្តីរូបនេះអះអាង យ៉ាងដាច់ណាត់ថា ការជួយសង្គ្រោះកុមារអ៊ុយក្រែននេះ គឺលោកស្រីធ្វើចេញពីក្តីស្រលាញ់ និងគោរពទៅតាមតួនាទីការងាររបស់ខ្លួនមិនដូចការចោទរបស់តុលាឧក្រិដ្ឋកម្មអន្តរជាតិនោះទេ។ ទោះបីស្ថិតក្រោមក្រសែភ្នែកសង្ស័យក៏ដោយ ក៏ស្រ្តីជនជាតិរុស្សីរូបនេះ នៅតែរឹងមាំក្នុងការបន្តការងារមនុស្សធម៌របស់នាងទៅមុខទៀត។

ចង់ដឹងថា មានហេតុផលអ្វីខ្លះទើបបណ្តាលឱ្យ Maria Lvova-Belova សម្រេចចិត្តលូកដៃជួយកុមារអ៊ុយក្រែន? តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិរកឃើញភស្តុតាងអ្វីខ្លះទើបចោទទៅលើលោកស្រី Maria Lvova-Belova ស្តីពីឧក្រិដ្ឋកម្មសង្រ្គាមលួចយកកុមារអ៊ុយក្រែនដោយខុសច្បាប់បែបនេះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រី ស្តាប់ការអត្ថាធិប្បាយដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

ពលរដ្ឋអ៊ុយក្រែនច្រើនលាននាក់ប្រឈមនឹងបញ្ហាលំបាកខុសៗគ្នា ខណៈដែលរុស្សីឈ្លានពានតាមរយៈសង្គ្រាម។ ស្ថានភាពដ៏លំបាកទាំងនោះបង្កឱ្យឪពុកម្តាយ របស់ក្មេងៗមួយចំនួនបង្ខំចិត្តឱ្យកូនចាកឆ្ងាយពីខ្លួន ដើម្បីទៅរកកន្លែងមានសុវត្ថិភាព។

មានសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយទាក់ទងនឹងកុមារនៅអ៊ុយក្រែនត្រូវបានអង្គការ ក៏ដូចជាស្ថាប័ន ទាំងក្នុងនិងក្រៅស្រុក បានសង្គ្រោះកុមារអ៊ុយក្រែនឱ្យរួចផុតពីវិបត្តិសង្គ្រាម។

ជុំវិញបញ្ហានេះ ស្រ្តីជាជនជាតិរុស្សីម្នាក់មានងារជាអ្នកទទួលបន្ទុកសិទ្ធិកុមារនៅប្រទេសរុស្សី ហើយក៏ជាស្រ្តីដែលមានទំនាក់ទំនងយ៉ាងជិតស្និតបំផុតជាមួយលោក Vladimir Putin មេដឹកនាំរុស្សី គឺលោក Maria Lvova-Belova ក៏បានមើលឃើញពីបញ្ហាមួយចំនួនក្នុងប្រទេសអ៊ុយក្រែនផងដែរ ពិសេសបញ្ហារបស់កុមារៗ។ លោកស្រីលើកឡើងថា មានរឿងចម្រូងចម្រាស់ច្រើនណាស់បានកើតឡើងចំពោះពលរដ្ឋអ៊ុយក្រែន។ ប៉ុន្តែបញ្ហាចម្បងដែលស្រ្តីរូបនេះចាប់អារម្មណ៍គឺ កុមារ និងឪពុកម្តាយរបស់ក្មេងៗអ៊ុយក្រែន។ ស្រ្តីជនជាតិរុស្សីរូបនេះមើលឃើញថា អំឡុងពេលដែលប្រទេសអ៊ុយក្រែនកំពុងជួបស្ថានភាពវឹកវរ ឪពុកម្តាកុមារមួយចំនួន ជួបរឿងអកុសល ដោយមានការបោកបញ្ឆោត និងបង្ខិតបង្ខំឱ្យចែកផ្លូវជាមួយកូនៗរបស់ពួកគេ។ ហេតុផលបែបនេះហើយ បង្កឱ្យស្រ្តីធ្វើការទាក់ទង់នឹងសិទ្ធិកុមារនៅរុស្សីរូបនេះសម្រេចឈានជើងចូលជួយកុមារនៅអ៊ុយក្រែន។ ប៉ុន្តែសកម្មភាពរបស់លោកស្រី កំពុងស្ថិតក្រោមការតាមដានរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយដាក់បទចោទថា នាងបាននិរទេសកុមារខុសច្បាប់យកទៅប្រទេសរុស្សី ដោយបំពាក់បំប៉នខួរក្បាលកុមារ។លោកស្រី Maria Lvova-Belova មិនយល់ស្របទៅនឹងការចោទប្រកាន់នេះឡើយ។

ឥឡូវនេះយើងមកស្គាល់ថា តើ Maria Lvova-Belova ជានរណា?

Maria Lvova-Belova មានឈ្មោះពេញថា Maria Alekseevna Lvova-Belova នាងកើតនៅទីក្រុង Penza ប្រទេសរុស្សី។ នាងមានកូនចំនួន២៣នាក់ ក្នុងនោះ៥នាក់ជាកូនបង្កើត និង១៨នាក់ទៀតជាកូនចិញ្ចឹមរបស់នាង។ Maria Lvova-Belova បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវប្បធម៌ និងសិល្បៈ ក្នុងឆ្នាំ 2002។ ពីឆ្នាំ 2000 ដល់ឆ្នាំ 2005 នាងបានធ្វើការជាគ្រូបង្រៀនហ្គីតានៅសាលាតន្ត្រីរបស់កុមារនៅទីក្រុង Penza។ ក្រោយមកនាងបានបង្កើតនិងដឹកនាំអង្គការសាធារណៈក្នុងតំបន់ Penza សម្រាប់ការលើកកម្ពស់ការបន្សាំសង្គម។ នៅឆ្នាំ 2019 នាងត្រូវបានជ្រើសរើសជាសហប្រធាននៃទីស្នាក់ការកណ្តាលតំបន់រណសិរ្សប្រជាជនរុស្ស៊ីទាំងអស់។ នាងក្លាយជាអ្នកនយោបាយរុស្ស៊ីដែលបម្រើការជាស្នងការប្រធានាធិបតីសម្រាប់សិទ្ធិកុមារនៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ២០២១។ 

លោកស្រី Maria Alekseevna Lvova-Belov រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ VICE News 

នាពេលថ្មីៗនេះនាងត្រូវបានទីភ្នាក់សារព័ត៌មានអន្តរជាតិជាច្រើនចុះផ្សាយអំពីនាងថា ជាស្រ្តីដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដាក់បទចោទពីបទ និរទេសកុមារដោយខុសច្បាប់ និងលាងខួរក្បាលកុមារអ៊ុយក្រែនរាប់ពាន់នាក់ឱ្យចូលក្នុងនយោបាយរុស្សី។ ការដាក់បទចោទនេះបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិទទួលបានរបាយការណ៍ពីអាជ្ញាធរអ៊ុយក្រែន ដោយបង្ហាញថា កុមារប្រមាណជិត២ម៉ឺននាក់ (១៩.៥៤៤នាក់) ត្រូវបានរុស្សីធ្វើការនិរទេសកុមារទាំងនោះដោយខុសច្បាប់ ហើយអ្នកដែលនៅពីក្រោយរឿងនេះគឺជាលោក Vladimir Putin និង Maria Lvova-Belova ស្នងការទទួលបន្ទុកសិទ្ធិកុមារ ដែលធ្វើការស្និតជាមួយលោកពូទីន។

ប្រជាជនអ៊ុយក្រែនបានឱបកូនប្រុសរបស់គាត់យ៉ាងរស់រវើក បន្ទាប់ពីឡានក្រុងបញ្ជូនគាត់ ហើយកុមារជាច្រើននាក់ទៀតដែលត្រលប់មកពីទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីបានមកដល់ទីក្រុង KYIV កាលពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2023។ រូបថត៖ SERGEI / AHUZAOVYVK

ទាក់ទងករណីនេះ មានស្ថាប័នភ្នាក់ងារសារព័ត៌មានអន្តរជាតិឈ្មោះ VICE News បញ្ចេញវិដេអូរទាក់ទងនឹងកិច្ចសម្ភាសន៍ជាមួយ Maria Lvova-Belova រួមទាំងលោក Vladimir Putin ក្នុងការឆ្លើយតបទៅបទចោទទាំងនោះ។ អ្នកទាំងពីអះអាងយ៉ាងច្បាស់ថា ខ្លួនមិនបានប្រព្រឹត្តិអំពើដ៏ស្មោកគគ្រកនេះទេ។  Maria Lvova-Belova នាងគូសបញ្ជាក់ថា ខ្លួនពិតជាទទួលស្គាល់ថាកុមារជាច្រើនពាន់នាក់ត្រូវបាននាំយកទៅប្រទេសរុស្ស៊ី។ ក៏ប៉ុន្តែការធ្វើបែបនេះគឺដើម្បីរំដោះកុមារគេចចេញពីជម្លោះដ៏អាក្រក់បំផុត ខណៈប្រទេសរុស្ស៊ីបានចាប់ផ្តើមលុកលុយពេញមួយទឹកដីអ៊ុយក្រែន នៅតំបន់មួយចំនួនដូចជា Mariupol, Kherson, Zaporizhzhia និង Kharkiv ។ លើសពីនេះ Maria Lvova-Belova លើកឡើងថា នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ដែលរុស្ស៊ីចុះហត្ថលេខា បង្ហាញថា កុមារអ៊ុយក្រែនអាចត្រូវបាននិរទេសដោយហេតុផលមនុស្សធម៌បណ្តោះអាសន្នប៉ុណ្ណោះ។ មានន័យថា ការនិរទេសក្មេងទាំងនោះគឺជាការសង្គ្រោះបណ្តោះអាសន្ន ហើយ Maria Lvova-Belovមិនមែនជាអ្នកឈ្លានពានក្នុងសង្គ្រាមនោះទេ ដោយចាប់ក្មេងមកប្រទេសរុស្សីខុសច្បាប់ឡើយ។

លោក Vladimir Putin និង លោកស្រីMaria Alekseevna Lvova-Belov  រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ VICE News 

Maria Lvova-Belova នៅតែច្រានចោលការចោទប្រកាន់ទៅលើនាងថា ធ្វើការនិរទេស និងលាងខួរក្បាលកុមារអ៊ុយក្រែន។ នាងនិយាយប្រាប់ក្នុងវិដេអូសម្ភាសន៍ដដែលថា «ទាំងនេះគឺជាកុមារមកពីតំបន់អ៊ុយក្រែនដែលបានទទួលស្គាល់ខ្លួនឯងថាជាប្រទេសរុស្ស៊ី។ បទចោទទាំងនេះគឺជាការកុហកព្រោះថា កុមារដែលខ្ញុំជួយគឺនិយាយភាសារុស្សី ហើយឪពុកម្តាយរបស់ពួកគេមានបំណងប្រាថ្នាចង់ក្លាយជាសមាជិកនៅប្រទេសរុស្ស៊ីផងដែរ»។

យ៉ាងណាមិញមកទល់ពេលនេះមិនទាន់មានភាពជាក់លាក់ណាមួយបង្ហាញថា Maria Lvova-Belov រួចផុតពីបទចោទរបស់តុលាការឧក្រិដ្ឋកម្ម ឬយ៉ាងណានោះទេ។ ទោះជាយ៉ាងនេះក្តីមានសារព័ត៌មានអន្តរជាតិមួយចំនួនថា Maria  Lvova-Belov កំពុងតែស្ថិតក្រោមការឃ្លាំមើលនៅឡើយ។

នៅក្នុងវិដេអូដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ VICE News Maria Lvova-Belov និយាយ អះអាងខ្លួនដដែលៗក្នុងសម្រង់សម្តីដើមថា៖ «អ្វីគ្រប់យ៉ាងអំពីកុមារទាំងនេះ និងអ្វីៗទាំងអស់អំពីសកម្មភាពរបស់យើងដែលត្រូវបានធ្វើឡើងនៅពេលនេះ ខ្ញុំអាចនិយាយដោយភាពប្រាកដប្រជាថា វាមិនមែនជារឿងនយោបាយទេ។ មានតែការយល់ចិត្ត មានតែក្តីស្រលាញ់ មានតែការចង់ការពារ និងការពារកុមារដែលធ្លាក់ក្នុងស្ថានភាពនេះ ឬស្ថានភាពនោះ ដូច្នេះហើយខ្ញុំអាចនិយាយបានថា ខ្ញុំមិនខ្មាស់នឹងទង្វើរបស់ខ្ញុំណាមួយឡើយ ព្រោះនេះសុទ្ធតែជាប្រយោជន៍ដល់កុមារ និងជាប្រយោជន៍របស់កុមារ»។

នាងបន្ថែមថា៖ «ខ្ញុំពេញចិត្តនឹងការខិតខំប្រឹងប្រែងរបស់ខ្ញុំរហូតមកដល់ពេលនេះ។ ចំណែក ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមមួយនេះ វាក៏ជាហេតុផលធ្វើឲ្យនាងខ្ញុំរឹងមាំក្នុងការសម្រេចចិត្តបន្តការងារ(ទទួលបន្ទុកសិទ្ធិកុមារ)របស់ខ្ញុំនេះបន្តទៅមុខទៀតផងដែរ»៕

Share

Image
Image
Image