en     km
en     km

ការ​ស៊ើប​អង្កេត​៖ ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់ បន្ត​រងគ្រោះ​ដោយសារ​ក​ម្ចី​បែប​កេងប្រវ័ញ្ច ពី​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​៦

Share

គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ចំនួន​៦​នៅ​កម្ពុជា ​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​រក​ឃើញ​ថា​ បាន​ធ្វើឱ្យ​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់ បន្ត​រងគ្រោះ​ដោយសារ​ក​ម្ចី​បែប​កេងប្រវ័ញ្ច​។​​ អង្គការលីកាដូនិងអង្គការសមធម៌បានឱ្យដឹងថាការ​ស៊ើប​អង្កេត​នោះ​ គ្រប​ដណ្តប់​លើ​ធនា​គារ​ ​ឬ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ​ចំនួន​ ​៦​ ក្នុងនោះរួមមាន៖ ​ធនាគារ​អេ​ស៊ី​លីដា​ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ធនាគារ​ហត្ថា​ ​ធនាគារ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​ធនាគារ​ស្ថាបនា​ជាដើម​។​ ក៏ប៉ុន្តែសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ អះអាងថាសមាគមមិនឃើញមានករណីដូចរបាយកាណ៍របស់អង្គការទាំងពីរខាងលើបានរកឃើញនោះឡើយឡើយ។លោក គីម ចាន់ចាវ រាយការណ៍

 

ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​(​ស៊ីអេអូ) ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​បាន​កំណត់​ថា​ ​ការស៊ើបអង្កេត​លើ​ភាព​អនុលោម​ ​ត្រូវ​បាន​អនុញ្ញាត​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ពាក្យបណ្តឹង​ ​អំពី​ ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ចំនួន​ ​៦​ស្ថាប័ន​ ​នៅ​កម្ពុជា​ ​ក៏ដូចជា​ ​មូលនិធិ​និង​វិនិ​យោគិន​ចំនួន​៤​ ​ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​ការខូចខាត​អន្តរាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អ្នក​ខ្ចីប្រាក់​​។​

ការស៊ើបអង្កេត​ ​គ្របដណ្តប់​លើ​ធនាគារ​ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ចំនួន​ ​៦​ ​ក្នុង​ប្រទេស​កម្ពុជា​ (​ធនាគារ​អេ​ស៊ី​លីដា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ធនាគារ​ហត្ថា​ ​ធនាគារ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​ធនាគារ​ស្ថាបនា​) ​និង​វិនិ​យោគិន​ ​ឬ​មូលនិធិ​ ​ចំនួន​ ​៤​ (​ឥណទាន​ពង្រឹង​មីក្រូ​ហិរញ្ញវត្ថុ​ ​មូលនិធិ​គំនិត​ផ្តួចផ្តើម​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​បំណុល​អាស៊ី​ ​ក្រុមហ៊ុន​ ​A​d​van​s S.​A​ ​និង​ ​ក្រុមហ៊ុន​ ​North​ ​Haven​ ​Thai​ ​Private​ ​Equity​ ​Fund​ ​L​.​P​.)។​ នេះបើតាមបាយការណ៍ដែលចេញផ្សាយដោយអង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា នៅថ្ងៃទី០៣ កក្កដានេះ។

អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​ការស៊ើបអង្កេត​ ​ជា​ជំ​ហ៊ាន​ដ៏​សំខាន់​ ​ឆ្ពោះទៅ​រក​យុត្តិធម៌​ ​និង​ដំណោះស្រាយ​សំណង​ ​សម្រាប់​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់​ ​ដែល​បន្ត​រងគ្រោះ​ដោយសារតែ​ក​ម្ចី​បែប​កេងប្រវ័ញ្ច​” ​។​ “​សំណើ​របស់​ផ្នែក​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ឱ្យ​មានការ​ត្រួតពិនិត្យ​ឡើងវិញ​ដោយ​ក្រុមប្រឹក្សា​ភិ​បាល​ ​បន្ទាប់ពី​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​បាន​សម្រេច​បើក​ការស៊ើបអង្កេត​ដែល​ជា​កិច្ចការ​ដ៏​ស័ក្តិសម​ដែល​ត្រូវធ្វើ​ ​ហើយ​នោះ​ ​វា​គឺជា​រឿង​ដ៏​គួរ​អាម៉ាស់​ដើម្បី​ជៀសវាង​ពី​ការពិនិត្យ​មើល​ ​។​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ត្រូវ​បង្ហាញ​ថា​ ​ខ្លួន​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការទទួលខុសត្រូវ​ ​តាម​រយ​:​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​និង​បញ្ឈប់​ការប៉ុនប៉ង​ដែល​ធ្វើ​ឱ្យ​ខូច​ដំណើរការ​ឯករាជ្យ​” ​។​

អង្គការ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​និង​ ​អង្គការ​សមធម៌​កម្ពុជា​ (​E​C) ​តាងនាម​ឱ្យ​ពល​រដ្ឋកម្ពុជា​ជា​អ្នកខ្ចី​ឥណទាន​ខ្នាត​តូច​ ​បាន​ដាក់ពាក្យបណ្តឹង​ស្តីពី​ “​កម្ពុជា​៖​ ​អន្តរការី​ហិរញ្ញវត្ថុ​-​០​៤​” ​ទៅ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​នៅ​ក្នុង​ខែ​កុម្ភ: ​ឆ្នាំ​ ​២​០​២​២​ ​។​ ​ពាក្យបណ្តឹង​បាន​ចោទប្រកាន់​ ​ក្នុងចំណោម​បញ្ហា​នានា​ ​ដោយមាន​ ​ការ​បរាជ័យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ដ៏​ត្រឹមត្រូវ​នៅមុន​ពេល​ដំណើរការ​គម្រោង​ ​និង​ការ​រំលោភបំពាន​ស្តង់​ដារ​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បណ្តាលមកពី​ការ​អនុវត្ត​ក​ម្ចី​គ្មាន​សីលធម៌​ ​និង​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​នៅ​កម្ពុជា​ ​។​

ទោះយ៉ាងណា លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៣ ខែកក្កដានេះថា កន្លងមកសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជារបស់លោក ក៏ធ្លាប់ចុះអង្កេតលើករណីនេះដែរ ប៉ុន្តែសមាគមលោកមិនឃើញមានករណីដូចរបាយកាណ៍ខាងលើឡើយ គ្រាន់តែកើតមានករណីខុសឆ្គងបន្តិចបន្តួចប៉ុណ្ណោះ។

«កន្លងមកយើងក៏ធ្លាប់បានអង្កេត ចុះទៅត្រួតពិនិត្យទៅលើករណីនេះដែរ គឺថា មិនមានការរំលោភបំពានជាប្រព័ន្ធនោះទេ។ អ្វីដែលយើងរកឃើញគឺមានករណីតិចតួចដែលបុគ្គលិក គាត់មិនបានប្រព្រឹត្តិឱ្យត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ របស់គាត់ ហើយបុគ្គលិកទាំងអស់ហ្នឹងត្រូវបានគ្រឹះស្ថានធ្វើការពិន័យ តាមច្បាប់បញ្ញត្តិដែលគ្រឹះស្ថាននីមួយៗ បានចងបានចែងរៀងៗខ្លួនហ្នឹងទៅហើយ»។

លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​ ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ “​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់​ ​នៅ​បន្ត​រងគ្រោះ​ពី​ផល​ប៉ះពាល់​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ ​ហើយ​យើង​នឹង​រង់ចាំ​ធ្វើការ​ជាមួយ​ ​ក្រុម​ការងារ​ពី​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុងតែ​កើតមាន​ជាបន្តបន្ទាប់​នេះ​” ​៕​

 

Share

Image
Image
Image