en     km
en     km

ក្រសួងមហាផ្ទៃថាវិសោធកម្មច្បាប់បោះឆ្នោតមិនប៉ះពាល់សិទ្ធិបោះឆ្នោតពលរដ្ឋតែបក្សប្រឆាំងថាមិនបម្រើប្រយោជន៍ពលរដ្ឋទូទៅ

Share

ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មានអំពីសេចក្ដីព្រាង ច្បាប់ស្ដីពី វិសោធកម្មច្បាប់បោះឆ្នោត ថា មិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ តែបក្សប្រឆាំងបានលើកឡើងមុនក្រសួងមហាផ្ទៃថា វិសោធនកម្មច្បាប់បោះឆ្នោតនេះមិនបានបម្រើជាប្រយោជន៍ឲ្យប្រជាពលរដ្ឋខ្មែរទូទៅឡើយ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានអះអាងថា ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងពុំមែនជាកាត្វកិច្ចដូចបណ្ដាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនឡើយ។ តែការធ្វើវិសោធកម្មនេះក្រសួងថា គឺសំដៅទប់ស្កាត់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូចខាតដល់ដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុជអាល ញុះញង់ ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោតប៉ុណ្ណោះ។

ការចេញសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣ម្សិលមិញ បន្ទាប់ពីគណបក្សភ្លើងទៀនដែលមិនបានចូលរួមដំណើរការបោះឆ្នោតក្នុងអាណត្តិទី៧នេះ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ខែមិថុនាដោយអះអាងថា ការធ្វើវិសោធកម្មនេះមានលក្ខណៈប្រញាប់ប្រញាល់ និងគ្មានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគី ហើយមិនឆ្លុះបញ្ចាំងនិងមិនស្របប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋ។

គណបក្សភ្លើងទៀនអះអាងទៀតថា ការធ្វើវិសោធកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះគឺជាការកាត់បន្ថយសិទ្ធិ និងការរិតត្បិតឱកាសនៃការឈរឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ និងសំណូមពរឱ្យស្ថាប័ននីតិបញ្ញត្តិពិនិត្យ ពិចារណា លើការអនុម័ត្តច្បាប់ដែលធ្វើវិសោធកម្មនេះ។

សូមជម្រាបថា វិសោធកម្មច្បាប់ការបោះឆ្នោតត្រូវបានឆ្លងកាត់រដ្ឋសភារួចហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន តែនៅថ្ងៃនេះព្រឹទ្ធសភាបានចេញសេចក្ដីសម្រេចលើវិសោធកម្មនេះដែរ ដោយឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ទាំងមូល ឥតមានកែប្រែ និងចាត់ទុកជាការប្រញាប់ ខណៈសំឡេងគាំទ្រដោយព្រឹទ្ធសភាទាំងមូល។

គួរជម្រាបថា ផ្អែកតាមច្បាប់បោះឆ្នោតថ្មី ចំពោះវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មានការកែប្រែមាត្រាថ្មីចំនួន៣ គឺមាត្រា២៣ថ្មី មាត្រា១៤២ថ្មី និងមាត្រា១៤៣ថ្មី។ មាត្រា២៣ថ្មី គឺពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិជាខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានលំនៅឋានក្នុងប្រទេសកម្ពុជា មានការតែងតំាងពីគណបក្សនយោបាយ ហើយអ្វីដែលចាំបាច់ទៀតនោះ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។

ចំណែកមាត្រា១៤២ថ្មី គឺចែងអំពីការផាកពិន័យចំនួន៥លានរៀលទៅ២០លានរៀល ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។ សម្រាប់មាត្រានេះ បុគ្គលដែលបានប្រព្រឹត្តសកម្មភាពបែបនោះ នឹងត្រូវ គ.ជ.ប លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬដកសិទ្ធិមិនឲ្យពលរដ្ឋបោះឆ្នោតឲ្យ យ៉ាងតិច៥ឆ្នាំ។

យ៉ាងណាមាត្រា ១៤៣ថ្មី ចែងអំពីការលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ និងត្រូវផាកពិន័យពី១០លានទៅ៣០លានរៀល ចំពោះសកម្មភាពទាំងឡាយដែលរារាំងដល់ដំណើរការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១៤២ថ្មី។ ម្យ៉ាងវិញទៀត គណបក្សនយោបាយដែលប្រព្រឹត្តសកម្មភាពបែបនោះ ក៏នឹងត្រូវដកសិទ្ធិចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៥ឆ្នាំយ៉ាងតិចដូចគ្នា។

ជាការកត់សម្គាល់ ការផ្តួចផ្តើមធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់បោះឆ្នោតនេះកើតចេញពីនាយករដ្ឋមន្រ្តី ខណៈមានចលនាបំផុសបំផុលប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ឬទៅបោះឆ្នោតតែគូសសន្លឹកឆ្នោតចោលដែលបង្ហាញពីពហិការមិនពេញចិត្តនឹងលទ្ធផលនៃការបោះឆ្នោតអាណត្តិនេះ៕

Share

Image
Image
Image