en     km
en     km

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងបើកពិពរណ៌វត្ថុបុរាណផ្តល់ប្រយោជន៍ផ្នែកស្រាវជ្រាវ

Share

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិពរណ៌វត្ថុបុរាណដែលទទួលបានពីប្រជាពលរដ្ឋ រយៈពេលពេញមួយឆ្នាំ ពោលចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលវត្ថុបុរាណទាំងនេះនឹងអាចបម្រើដល់ការសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈ។
លោក ឡាក់ ច័ន្ទតារាជូនសេចក្តីរាយការណ៍


នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ខួយ សាវឿត បានឱ្យដឹងថា វត្ថុសិល្បៈដែលគ្រោងធ្វើពិពរណ៌នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ក្នុងនោះមានកុលាលភាជន៍ ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង។


លោកអះអាងថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការៈសម្រាប់បញ្ចុះនៅតាមប្រាសាទ ក្នុងនោះក៏មានវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈ មានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នាផងដែរ។


កម្មវិធីខាងលើនឹងមានមន្ដ្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗ ទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជន ក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិករណីសាធារណជនបើសិនជាសាធារណជនចង់ទៅសិក្សាស្វែងយល់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ។
សូមជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្ស វត្ថុសិល្បៈពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានា យកមករក្សាទុកនៅទីនេះ។


សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕

Share

ព័ត៌មានទាក់ទង

Image