en     km
en     km

បទយកការណ៍៖ អង្គការសង្គមស៊ីវិល៖ផ្នត់គំនិតមិនឱ្យតម្លៃទៅលើអ្នកប្រកបរបររកស៊ីផ្លូវភេទបង្កឥទ្ធិពលអវិជ្ជមានដល់ពួកគេ

Share

មកទល់នឹងបច្ចប្បន្ននេះ ការប្រកបរបររកស៊ីផ្លូវភេទនៅតែជាការងារមួយដែលប្រជាពលរដ្ឋកម្ពុជាហាក់មិនទាន់បើកចិត្តទទួលស្គាល់ថាមានតម្លៃគ្រប់គ្រាន់ដូចទៅនឹងការងារដទៃ​ផ្សេងទៀតនោះទេ។ ជុំវិញបញ្ហានេះ អ្នកធ្វើការអង្គការសង្គមស៊ីវិល និងអ្នកជំនាញមួយចំនួន សង្គេតឃើញថាស្ថានភាពអ្នកប្រកបរបរមួយនេះនៅតែស្ថិតក្នុងលក្ខណៈប្រឈមជាមួយនឹងបញ្ហាលំបាកនានាជាច្រើនដូចជា ពួកគេអាចនឹងងាយរងគ្រោះព្រោះថា មិនទាន់មានច្បាប់កំណត់ជាក់លាក់ណាមួយស្តីពីការងារប្រកបរបររកស៊ីផ្លូវភេទ និងមួយវិញទៀតគឺការគិតបែបអវិជ្ជមានទៅលើការងារនេះនៅតែជ្រួតជ្រាបក្នុងទស្សនៈរបស់មនុស្សមួយចំនួននៅឡើយ។ យ៉ាងណាមិញអ្នកស្រាវជ្រាវវប្បធម៌យល់ថាការងារមួយនេះប៉ះពាល់កិត្តយស និងទំនៀមទម្លាប់វប្បធម៌។​

ចង់ដឹងថាអង្គការសង្គមស៊ីវិល និងអ្នកជំនាញបានមើលឃើញថាអ្វីទៅជាផលលំបាកសម្រាប់អ្នកប្រកបរបររកស៊ីផ្លូវភេទ?តើគួរតែដោះស្រាយបែបណា? តទៅនេះសូមនាង កញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

គ្រប់ពេលដែលលើកឡើងអំពីការប្រកបរបរផ្លូវភេទឃើញថាមនុស្សមួយចំនួនស្ទាក់ស្ទើរក្នុងការយកប្រធានបទមួយនេះមកវែកញែកព្រោះថាវាមិនទាន់មានភាពទូលំទូលាយដែលត្រូវបានសាធារណជនទទួលស្គាល់ទូទៅ និងលើកទឹកចិត្តក៏ដូចជាសិទ្ធិការពារតាមផ្លូវច្បាប់ណាមួយច្បាស់លាស់នៅឡើយ។ ម្យ៉ាងទៀតការងារប្រកបរបររកស៊ីផ្លូវភេទនៅតែទទួលរងការរិះគន់ ការចំអកឡកឡើយ ជាមួយនឹងការលើកឡើងនូវទស្សនៈខុសៗពីគ្នាពីសំណាក់មហាជន ដោយរឿងរ៉ាវទាំងនេះអាចបង្កឱ្យមានផលប៉ះពាលដល់កិត្តិយសផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់បុគ្គលដែលប្រកបរបរមួយនេះទៀតផង។

លោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា មើលឃើញថាដោយសារតែតម្រូវការផ្គត់ផ្គងគ្រួសារ និងការចាំបាច់ផ្សេងៗទើបបណ្តាល ឱ្យមនុស្សមួយចំនួនសម្រេចចិត្តយកការងារប្រកបរបររកស៊ីផ្លូវភេទទោះបីដឹងថាការងារមួយនេះងាយប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ។ ជាមួយគ្នានេះលោកបានសង្កេតឃើញទៅលើស្ថានភាពបច្ចប្បន្ននៃអ្នកប្រកបការងាររកស៊ីផ្លូវភេទនេះថាពួកគេមិនទាន់គេចផុតពីការរិះគន់ពីសំណាក់សាធារណជននៅឡើយទេ។

  

លោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា 

លោក សន ជ័យ៖«បើយើងមើលពីទិដ្ឋភាពរួមគាត់នៅមានបញ្ហាសេដ្ឋកិច្ចគាត់មានបញ្ហាកិត្តិយសនៅក្នុងសង្គមរឿងពីរយ៉ាងនេះដែលយើងមានការគិតគូរហើយនិងការបារម្មណ៍ខ្លាំងដោយសារអី ដោយសារបើនិយាយអំពីមុខមាត់នៅក្នុងសង្គមវិញខ្ញុំមានការភ្ញាក់ផ្អើលដែរ ដែលថាសង្គមខ្មែរយើងនៅមានការចំអកឡកឡើយការប្រើភាសារលេបខាយ»។

បុរសដែលប្រឡូក​នឹង​ការងារ​សង្គម​ស៊ីវិលជាច្រើនឆ្នាំរូបនេះបន្តថាសាធារណជនគួរណាស់តែផ្លាស់ប្តូរការគិតដោយរៀនយល់អំពីស្ថានភាពរបស់អ្នកប្រកបរបរផ្លូវភេទ ជាជាងមានគំនិតអវិជ្ជមាន និងសើចចំអកឡកឡើយទៅលើពួកគេ។

លោក សន ជ័យ៖« យើងចង់ឱ្យមហាជនយល់ពីរឿងនៅពីក្រោយស្ថានភាពបែបនេះ មានន័យថាយើងនាំគ្នាស្វែងយល់ពីការលំបាករបស់ពួកគាត់(អ្នកប្រកបរបររកស៊ីផ្លូវភេទ) ហើយនាំគ្នាកាត់បន្ថយនូវការរើសអើងការប្រើប្រាស់ពាក្យពេចជ៍ដែលធ្វើឱ្យខូចមុខមាត់មនុស្ស ខ្ញុំគិតថាមនុស្សគ្រប់គ្នាសុទ្ធតែមានតម្លៃទាំងអស់»។

ទាក់ទងនឹងករណីនេះ លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការស៊ីលការ លើកឡើងនូវឥទ្ធិពលនៃការមិនឱ្យតម្លៃចំពោះអ្នកប្រកបរបររកស៊ីផ្លូវភេទថាអាចបង្កឱ្យមានផលប៉ះពាល់ដល់ពួកគេជាហូរហែររួមមានការអាក់ខានក្នុងការចូលរួមការងារសង្គម កិត្តិយសគ្រួសារ និងឈានដល់ការលាក់បាំងអត្តសញ្ញាណខ្លួនទៀតផង។ លើសពីនេះលោកស្រីយល់ថា នៅប្រទេសកម្ពុជា ការ​ប្រ​ក​បរបររកស៊ីផ្លូវភេទមិនត្រូវបានចាត់ទុកជារឿងខុសច្បាប់នោះទេ ផ្ទុយទៅវិញគួរតែមានការការពារ ជាមួយនិងអត្ថប្រយោជន៍មួយចំនួនផ្សេងទៀតដូចគ្នានឹងមនុស្សទូទៅដែរ ​។

លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការស៊ីលការ

លោកស្រី សេង រាសី៖« គាត់(អ្នកប្រកបរបររកស៊ីផ្លូវភេទ)គួរតែទទួលបានការគោរពសិទ្ធិគាត់មិនគួរត្រូបានការរើសអើងដោយសារតែអាជីពរបស់គាត់ទេ ជាទូទៅយើងនៅមើលឃើញកន្លែងនេះ សម្រាប់ខ្ញុំអាជីពណាក៏ដោយក៏ជាជម្រើសដែរ ដូច្នេះអ្វីដែលខ្ញុំលើកឡើងហ្នឹងមិនមែនជាការលើកទឹកចិត្តនិងមិនលើកទឹកចិត្តទេ ប៉ុន្តែខ្ញុំគោរពថាអាជីពទាំអអស់គឺជាជម្រើសហើយបើគេជ្រើសរើសអាជីពណាដែលស្របច្បាប់ អាជីពណាដែលមិនទៅបំផ្លិចបំផ្លាញអ្នកណាដែលរស់ដើម្បីចិញ្ចឹមគ្រួសាររបស់គេយើងមិនគួររើសអើងគេដោយសារអាជីពនិងមុខជំនាញរបស់គេនៅខាងក្នុងហ្នឹងទេ»។

យោងតាមដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា៤៦ បានចែងថារាល់អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។

ទាក់ទងនឹងប្រធានបទនេះលោកណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមវិញ ហាក់មិនលើកទឹក​ចិត្តឱ្យមាន​ការ​ប្រកបរបរ​ផ្លូវ​ភេទ​នេះឡើយ។  ក៏ប៉ុន្តែលោកទទួលស្គាល់ថាស្រ្តីប្រកបមុខរបរមួយនេះ តែងរងនូវ ការរើសអើង ការប្រើភាសាមិនគប្បី និងការរំលោភបំពាន ដែលរឿងនេះស្ថិតក្នុងវេទិកាសង្គមគួរតែមានដំណោះស្រាយរួម ដូចជាបង្កើតច្បាប់កំណត់ជាក់លាក់ណាមួយ ​​ដើម្បីធ្វើការគាំពារពួកគេកុំឱ្យទទួលរងនូវផលប៉ះពាល់ដដែលៗ។

លោកណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

លោកបណ្ឌិត មាស នី៖« ក្នុងកាលៈទេសៈខ្លះយើងក៏ត្រូវថ្លឹងថ្លែងដែរ កុំឱ្យហៅថាគេថាកេរ្តិ៍ឈ្មោះឬក៏លាបពណ៌ឱ្យគ្នាហ្នឹងវាធ្ងន់ពេកក៏វាមិនយុត្តិធម៌ដែរណា៎ ព្រោះនេះជាមុខរបរមួយដែលភាគច្រើនគ្នាគ្មានជម្រើសអ្វីទៅរកស៊ីអីផ្សេងទៀតណា៎បាទ ប៉ុន្តែខ្ញុំមិនជម្រុញឱ្យវាកើតទេតែបើវាកើតទៅហើយ ទប់មិនជាប់ដដែលគួរតែមានច្បាប់ដើម្បីការពារសុវត្ថិភាពរបស់គ្នា និងសុខមាលភាពផងដែរ»។

ចំណែក លោក​បណ្ឌិត​រ័ត្ន សណ្តាប់ អ្នក​ជំនាញ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ និង​កីឡា ដែលជាអ្នកធ្វើការស្និតជាមួយរាជរដ្ឋាភិបាល ទទួលស្គាល់ថាការងារប្រកបរបរផ្លូវភេទពិតជាធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់វប្បធម៌របស់ខ្មែរ។ ក៏ប៉ុន្តែលោកនៅតែស្នើសុំទៅកាន់សាធារណជន បញ្ឈប់ការរើសអើងទៅលើអ្នកប្រកបការងារមួយនេះ ហើយក្រសួងពាក់ព័ន្ធគួរតែចូលរួមលើកទឹកចិត្តនិងស្វែងរកដំណោះស្រាយតាមរយៈការអប់រំ និងគួរតែមានយន្តការណាមួយដែលអាចជួយឱ្យគេមានមុខរបរមួយផ្សេងច្បាស់លាស់។

លោក​បណ្ឌិត​រ័ត្ន សណ្តាប់ អ្នក​ជំនាញ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ និង​កីឡា

លោកបណ្ឌិត រ័ត្ន សណ្តាប់៖« ក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធទាំងអស់មានតែការចូលរួមអប់រំ និងបង្កើតមុខរបរថ្មីដើម្បីឱ្យបងប្អូនហ្នឹង(អ្នកប្រកបរបរផ្លូវភេទ) ងាកចេញពីសេវាកម្មរកស៊ីផ្លូវភេទហ្នឹងទៅរកមុខជំនាញផ្សេងទៀតទើបជារឿងប្រពៃ ព្រោះបញ្ហាផ្លូវភេទហ្នឹងវាប៉ះពាល់់ដល់វង្សត្រកូលរបស់ក្មួយៗទាំងអស់ហ្នឹងវាជាបញ្ហាសង្គមទាំងមូលណា៎រៀងហ្នឹងណា៎ព្រោះអីយើងដឹងថាស្រុកណាក៏មានដែរ រឿងហ្នឹងយើងពិបាកលុបបំបាត់ប៉ុន្តែយើងក៏ត្រូវមានកត្វកិច្ចក្នុងគាំទ្រលើកស្ទួយបងប្អូនស្រ្តីទាំងអស់ហ្នឹងដែរ»។

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាបច្ចេកទេស លើក​ទី១២ នៅឆ្នាំ២០២២ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ធ្លាប់បានលើកឡើងអំពីបញ្ហាលំបាកខុសៗគ្នារបស់អ្នកបម្រើសេវាកម្មកម្សាន្ត និងអ្នកប្រកបរបរផ្លូវភេទ ហើយបានបំផុសដំណោះស្រាយថានៅ​ឆ្នាំ២០២៣នេះ ស្ត្រី​ដែល​បម្រើ​សេវាកម្ម​ផ្លូវភេទ ឬ​សេវា​កម្សាន្ត នឹង​ទទួលបាន​បណ្ណសម​ធម៌ ឬ​បណ្ណ​ក្រីក្រ ឬក៏​បណ្ណ ប.ស.ស. ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ដើម្បី​កាត់បន្ថយ​ការរើសអើង និង​ផ្ដល់​សិទ្ធិសេរីភាព​ស្មើនឹង​អ្នកដទៃ។ ក្នុងនោះមានតួលេខបញ្ជាក់នៅក្នុងគម្រោងថា មនុស្សចំនួនជាង៥ម៉ឺន១ពាន់នាក់ទៅ ៥ម៉ឹន២ពាន់នាក់ គឺ​ជា​ស្ត្រី​រកស៊ី​បម្រើ​សេវាកម្ម​ផ្លូវភេទ ប៉ុន្តែក្នុងនោះ​សម្រាប់​អ្នក​បម្រើ​សេវា​ផ្លូវភេទ ដែល​គ្មាន​ទីតាំង​ពិត​ប្រាក បម្រើសេវា​ឯករាជ្យ​ដូចជា​នៅតាម​សួន ឬ​តាម​ច​ញ្ចើមម​ផ្លូវ​ពុំបាន​ចុះបញ្ជី ឬ​បម្រើ​សេវា​ដែល​គ្មាន​ថៅកែ គឺមាន​ប្រហែល​ពី ៣ពាន់នាក់ ទៅ៤ពាន់នាក់។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ថាក្រុម​ទាំងនេះ ត្រូវបាន​ចាត់ទុកជា​បុគ្គល​ក្រីក្រ​បំផុត៕

 

 

Share

Image
Image
Image